English-Français
សេដ្ឋកិច្ច
តើ​អាជីព​អ្វីខ្លះ​ត្រូវការ​ជំនាញ​ទន់​ច្រើនជាង​ជំនាញ​រឹង និង​បញ្ច្រាស​មកវិញ​?
17, Jan 2017 , 2:08 pm        
រូបភាព
​ភ្នំពេញ​៖ ចំណេះដឹង​ជំនាញ​រឹង និង​ជំនាញ​ទន់ បាន និង​កំពុង​ត្រូវបាន​អ្នកជំនាញ​លើក​យកមក​ពិភាក្សា ជជែក និង​បង្រៀន​កាន់តែ​ច្រើនឡើង​នៅក្នុង​សង្គម​ខ្មែរ​។ កាលពី​ពេលមុន ចំណេះដឹង​ជំនាញ​ទន់ មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ​។ ជំនាញ​រឹង គឺជា​ចំណេះដឹង​ជំនាញ ដូចជា វិស្វករ រៀន​សាង​សង់ផ្ទះ ឬ​សាងសង់​ផ្លូវ​។ ស្ថាបត្យករ រៀន​គូរ​ប្លង់​ជាដើម​។

រីឯ ជំនាញ​ទន់​វិញ គឺជា​ជំនាញ​ទំនាក់ទំនង របៀប​និយាយស្តី ឥរិយាបទ បុគ្គលិកលក្ខណៈ​របស់​បុគ្គល​នីមួយៗ​។​ល​។ បុគ្គល​ម្នាក់​ដែល​អាច​ជោគជ័យ​នៅ​កន្លែងធ្វើការ​បាន ត្រូវមាន​ជំនាញ​ទន់ និង​ជំនាញ​រឹង​ក្នុង​កម្រិត​ប្រហាក់ប្រហែលគ្នា​។ នៅក្នុង​អាជីព​ការងារ​ខ្លះ គេ​ត្រូវ​ការជំនាញ​ទន់​តិចជាង​ជំនាញ​រឹង តែ​អាជីព​ខ្លះទៀត គេ​ត្រូវ​ការជំនាញ​ទន់​ច្រើនជាង​ជំនាញ​រឹង​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ និង​កញ្ញា Martalia Lo ស្ថាបនិក និង​នាយិកា​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍ ជា​ភាសា​អង់​ញ​គ្លេ​ស​ដូចតទៅ​៖

សូមស្តាប់​សំឡេងជាភាសា អង់គ្លេស





​ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ពី​ទីផ្សារការងារ និង​កង្វះខាត​ចំណេះដឹង​ផ្នែក​ជំនាញ​ទន់ កញ្ញា Martalia Lo ស្ថាបនិក និង​នាយិកា​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍​សម្រេចចិត្ត​បើក​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍​។ សាលា​បណ្តុះបណ្តាល​នេះ​ទើប​បើក​នៅក្នុង​ខែមករា​ឆ្នាំ​២០១៧​នេះ​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មួយចំនួន និង​ការសិក្សា​ផ្នែក​ជំនាញ​ទន់​។

​បើទោះបីជា​មហាវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ និង​ជំនាញ​វិជ្ជាជីវៈ​បាន​ច្រើន​ហើយក៏​ដោយ​ក្តី ក៏​កញ្ញា Martalia Lo នៅតែ​មើលឃើញថា ចំណេះដឹង​ជំនាញ​រឹង និង​ជំនាញ​ទន់​នៅក្នុង​ប្រទេស​កម្ពុជា​នៅមានកម្រិត​ដែរ​។ ដូច្នេះ កញ្ញា​សម្រេចចិត្ត​បើក​សាលា​បណ្តុះបណ្តាល​មួយ​នេះ​ដើម្បី​បំពេញបន្ថែម​កង្វះខាត​ដែល​នៅ​ប្រឈម​។

​ជំនាញ​រឹង​ជា​រឿង​មួយ តែ​អ្វីដែល​កញ្ញា​មើលឃើញ ហើយ​កញ្ញា​នៅមាន​ក្តីកង្វល់​នោះ គឺ​ជំនាញ​ទន់​។ យុវជន​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​យល់ថា អ្វី​ទៅជា​ជំនាញ​ទន់​នោះទេ​។ សម្រាប់​កញ្ញា Martalia Lo ដើម្បី​ជោគជ័យ​នៅក្នុង​ការងារ ឬ​នៅក្នុង​អាជីព​នោះ បុគ្គល​គ្រប់រូប ត្រូវមាន ឬ​ត្រូវ​ចេះ​ជំនាញ​ទន់ និង​ជំនាញ​រឹង​។ បើ​មាន​ជំនាញ​មួយ តែ​ខ្វះ​ជំនាញ​មួយទៀត ភាពជោគជ័យ​លើ​កិច្ចការ​អាច​នៅលើ​ផ្លូវ​វែងឆ្ងាយ​។

​នាយិកា​រូបនេះ​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់ថា លោកអ្នក​អាចមាន​ចំណេះ​ក្លាយជា​វេជ្ជបណ្ឌិត​បាន តែបើ​លោកអ្នក​ខ្វះ​ជំនាញ​ទន់ លោកអ្នក​មិនអាច​គ្រប់គ្រង ឬ​មិនអាច​ជោគជ័យ​ក្នុង​អាជីព​បានឡើយ​។ ឧទាហរណ៍​មួយទៀត ដែល​កញ្ញា​លើក​យកមក​បង្ហាញ​ដែរនោះ គឺ លោកអ្នក​អាច​ក្លាយជា​វិស្វករ​ល្អ​បាន តែបើ​លោកអ្នក​មិនចេះ​បញ្ចេញ​គំនិត​បានល្អ គ្រប់គ្រង​ក្រុមការងារ​បានល្អ នោះ​គម្រោង​របស់​អ្នក​ប្រឈម​នឹង​បរាជ័យ​។

​នៅក្នុង​ជំហរ​របស់​នាយិកា Martalia Lo វា​ជាការ​លំបាក​ក្នុងការ​ទទួលបាន​ជោគជ័យ​ណាស់​ប្រសិនបើ​បុគ្គល​ខ្វះ​ជំនាញ​ទន់​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​កញ្ញា​បង្ហាញ​អាជីព​មួយចំនួន​ដែល​ត្រូវ​ការជំនាញ​រឹង​ច្រើន និង​ជំនាញ​ទន់​តិច ឬ​បញ្ច្រាស​មកវិញ​។ អាជីព​ដែល​ត្រូវការ​ជំនាញ​ទន់​តិច គឺ​អាជីព​ជា​អ្នកនិពន្ធ អ្នកវិទ្យាសាស្ត្រ​។ អាជីព​ត្រូវ​ការជំនាញ​ទន់​ច្រើន គឺ​អ្នកផ្តល់​សេវាកម្ម​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ឬ​ដូចជា អ្នក​បម្រើការ​ផ្នែក​សេវា​ទីផ្សារ ឬ​អ្នកលក់​។​ល​។

​អាជីព​ដែល​ត្រូវការ​ជំនាញ​ទន់ និង​ជំនាញ​រឹង​ស្មើគ្នា​នោះ ជារួម​មាន​៖ វេជ្ជបណ្ឌិត ឬ​មេធាវី​។ នៅ​ទីបញ្ចប់ កញ្ញា Martalia Lo គិតថា ជំនាញ​រឹង​អាច​សិក្សា​បាន​ស្រួល​ជាង​ជំនាញ​ទន់ ព្រោះ​ការសិក្សា​ជំនាញ​ទន់​ត្រូវការ​ពេលវេលា​យូរ​៕




Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com