ពីនេះ ពីនោះ
តើក្រមុំចូលម្លប់ត្រូវមាន«ត្រណម»អ្វីខ្លះ?
× មិនមានឯកសារណាមួយដែលអាចបញ្ជាក់ច្បាស់ថា តើទំនៀមចូលម្លប់បានចាប់ផ្តើមតាំងពីសតវត្សរ៍ណា ឬសម័យកាលណាមកនោះទេ។ យើងគ្រាន់តែដឹងតាមរយៈរឿងទុំទាវ ដែលជារឿងពិតកើតឡើងនៅសតវត្សរ៍ទី១៦ (ក្នុងសម័យលង្វែក) ដែលបញ្ជាក់ថា សង្គមខ្មែរជំនាន់នោះ បានកាន់ទំនៀមទម្លាប់ចូលម្លប់ (នាងទាវចូលម្លប់)។ តើអ្វីខ្លះជាត្រណមរបស់ក្រមុំចូលម្លប់?
ក/ មិនបញ្ចេញខ្លួនឲ្យប្រុសឃើញ
ការចូលម្លប់របស់ស្រីក្រមុំ ដំបូងបំផុតគឺជាការលាក់ខ្លួនបំពួនអាត្មាឲ្យផុតពីភ្នែកប្រុសៗផងទាំងពួង ក្នុងរយៈពេលមួយជាកំណត់។ កាលពេលមុនចូលម្លប់ នាងតែងបានចូលរួមការងារដកស្ទូងច្រូតកាត់ជាមួយមនុស្សប្រុសក្នុងភូមិ។ នេះគឺជារឿងធម្មតានៃជីវិតនៅក្នុងស្រុកស្រែចម្ការ។ ប៉ុន្តែនៅពេលនេះ ប្រពៃណីតម្រូវឲ្យនាងដកខ្លួនចេញពីសង្គម ក្នុងគោលបំណងបង្កើតការភ្ញាក់ផ្អើលមួយនៅពេលក្រោយ។
តាមធម្មតា របស់អ្វីដែលគេលាក់មិនឲ្យឃើញ តែងតែបង្កើនចំណង់ឲ្យចង់ឃើញ មិនខុសពីអាថ៌កំបាំង ឬពាក្យខ្សឹបខ្សៀវដែលតែងតែនាំឲ្យមនុស្សចង់ឮ ចង់ដឹងដូច្នោះដែរ។ គេតែងតែកត់សម្គាល់ថា «អ្វីដែលបិទបាំងលាក់បំពួន សុទ្ធតែមានលក្ខណៈពិសេសទាំងអស់»។ ដូច្នេះអ្នកចូលម្លប់ ចង់ធ្វើខ្លួនគេឲ្យទៅជារបស់ពិសេស។ ដូចមានបទចម្រៀងបុរាណមួយឃ្លាសរសេរថា៖«ផ្កាអើយផ្កាក្រង ផ្កាក្នុងរបង ធ្វើម្តេចបានបេះ …»។ ឱកាសដែលគេបញ្ចេញក្រមុំចូលម្លប់ឲ្យអ្នកផងឃើញ ពេលនោះ មុខជាមានហេតុអស្ចារ្យកើតឡើងមិនខាន។ ពោលគឺការផ្លាស់ប្តូរទាំងសីលធម៌ ទាំងសមត្ថភាព ទាំងរូបសម្ជស្ស សម្រស់ និងទាំងកាយសម្បទារបស់ក្រមុំចូលម្លប់។
ខ/ មិនឲ្យនិយាយឆ្លងឆ្លើយទៅរកបុរស
ស្ត្រីចូលម្លប់មិនមែនតែលាក់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាក់វាចាពាក្យសម្តីទៀតផង។ អ្នកពួន មានគោលបំណងលាក់ខ្លួនមិនឲ្យគេឃើញ មិននិយាយរកគេ និងមិនអនុញ្ញាតឲ្យគេនិយាយរកផងដែរ។ ត្រង់នេះ ប្រពៃណីចង់ហាត់ពត់ចរិតកូនស្រីឲ្យស្រគត់ស្រគំ សុភាពរាបសា មិនបង្កើតទំនាក់ទំនងច្រើនពេក។ ពិសេសជាងនេះទៀត ក្រមុំចូលម្លប់ត្រូវតម្កល់អារម្មណ៍ឲ្យឋិតក្នុងសភាពស្ងប់ស្ងៀម គិតយ៉ាងណាអនុវត្តតែភារកិច្ច ដែលកម្មវិធីតម្រូវឲ្យនាងធ្វើជាចាំបាច់ប៉ុណ្ណោះ មិនឲ្យបែកអារម្មណ៍រាយមាយ គិតទៅអ្វីផ្សេងទៀតឡើយ។
គ/ មិនឲ្យធ្វើការងារសព្វសារពើ
គេតែងតម្រូវឲ្យកូនក្រមុំចូលម្លប់បានសម្រាកកាយគ្រប់គ្រាន់ មិនឲ្យនឿយហត់ក្នុងកិច្ចការផ្សេងៗឡើយ ដើម្បីឲ្យម្រាមដៃស្រឡូន រូបកាយមានសម្រស់សោភ័ណ។ ការងារខ្លះ នាំឲ្យមានគ្រោះថ្នាក់ប៉ះទង្គិចដល់រូបរាងកាយ។ ប៉ុន្តែកិច្ចការដាំស្លចាក់ជុលត្បាញរវៃ មិនត្រូវបានហាមឡើយ។
ឃ/ មិនឲ្យកាន់ដែក
នៅក្នុងផ្ទះ វត្ថុធ្វើពីដែកមាន កាំបិត ពូថៅ ម្ជុល … ជាដើម។ ការបណ្តោយឲ្យក្រមុំចូលម្លប់ ប្រើរបស់ទាំងនេះនឹងអាចធ្វើឲ្យរបួស ឬអាចចាត់ទុកជាប្រផ្នូលអាក្រក់ ធ្វើឲ្យសៅហ្មងដល់កម្មវិធីចូលម្លប់៕
ប្រភព៖ ដកស្រង់ចេញពីសៀវភៅ «ក្រមុំចូលម្លប់» របស់លោក មៀច ប៉ុណ្ណ អតីតទីប្រឹក្សាអមក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ដែលត្រូវបានបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ៕
© រក្សាសិទ្ធិដោយ thmeythmey.com