ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧទ្ធរណ៍ ពន្យារពេល ប្រកាស​ដីកា លើ​សំណុំរឿង​ឯកឧត្តម សម រង្ស៊ី បរិហារកេរ្តិ៍ សម្តេច ហ៊ុន សែន
17, Jan 2017 , 4:36 pm        
រូបភាព
លោក សំ សុគង់ មេធាវីរបស់ឯកឧត្តម សម រង្ស៊ី បានផ្តល់បទសម្ភាស ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីបន្ទប់សវនាការ
លោក សំ សុគង់ មេធាវីរបស់ឯកឧត្តម សម រង្ស៊ី បានផ្តល់បទសម្ភាស ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីបន្ទប់សវនាការ
​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​១៧ មករា​នេះ សាលាឧទ្ធរណ៍ បាន​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​ចោទ​សម្តេច ហ៊ុន សែន ថា​ទិញ​ចំនួន like ក្លែងក្លាយ​។ ក្រោយ​បញ្ចប់​សវនាការ សាលាឧទ្ធរណ៍ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ឯណោះ​វិញ​។



​ការពន្យារ​ពេលនេះ គឺ​ដោយសា​តែ​ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ ត្រូវការ​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ពិចារណា មុននឹង​ប្រកាស​សាលដីកា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ នៅក្នុង​បន្ទប់​សវនាការ​។

​នៅក្នុង​បន្ទាប់​សវនាការ លោក សំ សុ​គង់ ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​ឯកឧត្តម សម រង្ស៊ី បានស្នើ​ឲ្យ​អង្គជំនុំជម្រះ ទម្លាក់​ការចោទប្រកាន់​លើ​កូនក្តី​របស់ខ្លួន​។ លោក សំ សុ​គង់ អះអាងថា ឯកឧត្តម សម រង្ស៊ី មិនបាន​ប្រព្រឹត្ត​បទល្មើស ដូច​ការចោទប្រកាន់រ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ​។

​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯប​រទេស ត្រូវបាន​សាលាដំបូង​រាជធានី​
​ភ្នំពេញ សម្រេច​ឲ្យ​ចាញ់ក្តី​ក្នុង​សំណុំរឿង «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដែល​ប្តឹង​ដោយ​លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។ សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​ឯកឧត្តម សម រង្ស៊ី បង់ប្រាក់​ចំនួន​១០​លាន​រៀល ចូល​រដ្ឋ និង​១៥​លាន​រៀល ឲ្យ​ទៅ​ដើមបណ្តឹង​។ ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ក្តី​បែបនេះ លោក​មេធាវី សំ សុ​គង់ ក៏​បន្ត​ប្តឹងទៅ​ឧ​ទ្ទ​រណ៍​។

​កាលពី​ដើមខែ​មិនា ឆ្នាំ​២០១៦ មេបក្ស​ប្រឆាំង ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្តឹង​រូបនេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សម្តេច ហ៊ុន សែន បាន​បញ្ជា​មន្ត្រីក្រោមឱវាទ ឲ្យ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​យកទៅ​ចុច like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ លោក សោម សឿន តំណាង​ឲ្យ​សម្តេច ហ៊ុន សែន បាន​យកសារ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ធ្វើជា​អង្គហេតុ ក្នុងការ​ប្តឹង​។​

​សូមបញ្ជាក់​បន្តិច​ថា ក្រៅពី​បណ្តឹង​ដែល​ត្រូវបាន​កាត់ក្តី​រួច ឯកឧត្តម សម រង្ស៊ី នៅជាប់​បណ្តឹង​មួយចំនួនទៀត ដែល​តុលាការ កំពុងតែ​ដំណើរការ​។ បើ​សរុប​ទាំង​បណ្តឹង​ដែល​កាត់ក្តី​រួចរាល់ រួមទាំង​បណ្តឹង​ដែល​កំពុងដំណើរការ យ៉ាងហោចណាស់ ឯកឧត្តម សម រង្ស៊ី រង​បណ្តឹង​ចំនួន​៦​ករណី នៅ​តុលាការ​៕


Tag:
 សម រង្ស៊ី​
  មេធាវី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com