អន្តរជាតិ
គូស្នេហ៍មួយគូតបស្នងដល់បុរសគ្មានផ្ទះសំបែងម្នាក់ដែលបានឲ្យពួកគេខ្ចីអាវដណ្តប់
× Charlotte Ellis និងមិត្តប្រុសរបស់នាង Taylor Waldon បានខកជើងរថភ្លើងនារាត្រីដ៏ត្រជាក់មួយនៅស្ថានីយ Covent Garden ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ស្ថិតក្នុងស្ថានភាពស្រវឹង និងរងាផងនោះ អ្នកទាំងពីរត្រូវបានបុរសគ្មានផ្ទះសំបែងឲ្យខ្ចីអាវរងា និងអាវធំ ដើម្បីដណ្តប់។ ជាការតបស្នង Ellis និង Walden រួមទាំងមិត្តមួយចំនួនបានសម្រេចរកការងារដ៏សមរម្យជូនបុរសនោះធ្វើ។
៥ថ្ងៃបន្ទាប់ពីបានប្រព្រឹត្តអំពើដ៏សប្បុរសធម៌ បុរសគ្មានផ្ទះសម្បែងម្នាក់ដែលមានឈ្មោះថា «Joey» ទទួលបាននូវការតបស្នងយ៉ាងកក់ក្តៅពី Charlotte Ellis និងមិត្តប្រុសនាង Taylor Waldon។ Ellis ដែលជាអ្នកប្រកបរបរសម្អាងការ បានរៀបរាប់ប្រាប់ The Mirror ថា៖ «Joey ជាមនុស្សល្អ ដូច្នេះយើងត្រូវតែជួយគាត់ចេញឲ្យផុតពីការរស់នៅតាមចិញ្ចើមផ្លូវ ដើម្បីទទួលបានជីវិតថ្មីមួយ»។
កាលពីថ្ងៃទី៤ ខែមករា Ellis និង Walden បានខកជើងរថភ្លើងនៅស្ថានីយ Covent Garden ដោយសារតែពេលនោះ ពួកគេស្ថិតក្នុងស្ថានភាពស្រវឹង ហើយច្រលំជើងរថភ្លើង។ នៅពេលដែលពួកគេមានការរងាយ៉ាងខ្លាំងនោះ Joey បានដើរសំដៅទៅកាន់ពួកគេ ហើយហុចអាវធំ និងរងា ឲ្យខ្ចីដណ្តប់ដើម្បីទទួលបានភាពកក់ក្តៅ។
ទង្វើនេះ បានធ្វើឲ្យ Ellis មានការរំភើបចិត្តយ៉ាងខ្លាំង ទើបនាងសម្រេចចិត្តវិលត្រឡប់ទៅរក Joey ដើម្បីនាំគាត់ទៅផ្ទះរបស់ខ្លួនដែលស្ថិតក្នុងក្រុង Essex។ Ellis និងមិត្តប្រុស រួមទាំងមិត្តភក្តិផ្សេងទៀត បាននាំលោក Joey ទៅបរិភោគអាហារឥណ្ឌា នាំទៅកាត់សក់ ទិញទូរសព្ទ និងសម្លៀកបំពាក់ថ្មីជូនគាត់។ Ellis បានអះអាងថា ការងារដែលខ្លួនផ្តល់ឲ្យលោក Joey ពិតជាអាចនាំគាត់ទទួលជីវិតថ្មីមួយដ៏ស្រស់បំព្រង ដោយមិនចាំបាច់រស់នៅតាមផ្លូវទៀតនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com