អន្តរជាតិ
ចិន សប្បាយចិត្ត​ពេល​ដឹងថា​ហ្វីលីពីន​បដិសេធ​ទទួលយក​មី​ស៊ី​លពី​ជប៉ុន
18, Jan 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដ្បិត​មិន​ចង់ឃើញ​ការប្រឈមមុខ​ផ្នែក​អាវុធ និង​ដើម្បី​ប្រកាន់ខ្ជាប់​គោលនយោបាយ​ការបរទេស​ឯករាជ្យ​នោះ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​បដិសេធ​សំណើ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ក្នុងការ​ផ្តល់​មី​ស៊ី​ល​។ ការបដិសេធ​នេះ បានធ្វើ​ឲ្យ​ចិន ដែល​ធ្លាប់ជា​ដៃគូ​ប្រជែង​ដ៏​ខ្លាំងក្លា​របស់​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង រីករាយ ។



​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៦ មករា អ្នកកាសែត បាន​សួរ​អ្នកនាំពាក្យ​ថា ចិន យល់ឃើញ​បែបណា នៅពេល​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ហ្វីលីពីន អូស្ត្រាលី និង​ឥណ្ឌូណេស៊ី ដោយបាន​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជាពិសេស​នោះ ក៏មាន​របាយការណ៍​ថា នាយករដ្ឋមន្ត្រី អា​បេ ក៏បាន​ដាក់សំណើ​ផ្គត់ផ្គង់​មី​ស៊ី​ល​ទៅកាន់​ហ្វីលីពីន តែ​ត្រូវបាន​ជំទាស់​ដោយ​លោក​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។

​ឆ្លើយតប​សំណួរ​នេះ លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​អះអាងថា ភាគី​ចិន ក៏​ដឹងលឺ​ពី​ព័ត៌មាន​នោះ​ហើយ​។ អ្នកនាំពាក្យ​រូបនោះ បញ្ជាក់ថា​៖«​យើង បានកត់សម្គាល់ និង​ពិតជា​សរសើរ​ប្រធានាធិបតី ឌើ​ទើ​តេ ដែល​ប្រកាន់ខ្ជាប់​គោលនយោបាយ​ការបរទេស​ឯករាជ្យ និង​អភិវឌ្ឍ​ទំនាក់ទំនង​ដោយ​មា​ត្រី​ភាព និង​សហ​ការល្អ​ជាមួយនឹង​ប្រទេស​ដទៃ ដោយ​ឈរលើ​គោលការណ៍ ស្មើភាព និង​ការគោរព​គ្នា​ទៅវិញទៅមក​តាំងពី​ឡើងកាន់​អំណាច​មក​»​។

​ជុំវិញ​ការ​លើកយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្នុងជំនួប​ដាច់ដោយឡែក​ជាមួយនឹង​មេដឹកនាំ​ហ្វីលីពីន អូស្ត្រាលី និង​ឥណ្ឌូណេស៊ី អ្នកនាំពាក្យ​ដដែល​នោះ បានចាត់ទុក​ថា​ជា​រឿង​គ្រោះថ្នាក់​មួយ និង​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​កាន់តែ​តានតឹង ដោយ លោកស្រី ពន្យល់ថា ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង បាន​វិ​វត្ត​ទៅរក​ភាពល្អប្រសើរ និង​មាគ៌ា​ត្រឹមត្រូវ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១៤ មករា​កន្លងទៅ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​សភាពាណិជ្ជកម្ម​ហ្វីលីពីន​ថា លោក បាន​បដិសេធ​សំណើ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដែល​ចង់​ផ្តល់​មី​ស៊ី​ល​ឲ្យ​ហ្វីលីពីន​។ ការណ៍​ដែល​លោក​ប្រធានាធិបតី មិន​ទទួលយក​សំណើ​នេះ ក៏​ព្រោះតែ​លោក មិន​ចង់ឃើញ​សង្គ្រាមលោកលើកទីបី​នោះទេ​៕


Tag:
 ចិន​
  ហ្វីលីពីន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com