អន្តរជាតិ
របប​យោធា​ថៃ ចាប់ផ្ដើម​ដំណើរ​ការកែ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​បំពេញ​បំណង​មហាក្សត្រ
18, Jan 2017 , 10:12 am        
រូបភាព
​ប្រមុខ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​និយាយថា លោក នឹង​ចាប់​ផ្ដើមធ្វើ​វិសោធនកម្ម​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ត្រង់ចំណុច​ស្ដីពី​មហាក្សត្រ តប​តាម​សំណើ​របស់​ស្ដេច Maha Vajiralongkorn ។ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ និយាយ​ដូចនេះ បន្ទាប់ពី​សភា​ថៃ អនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ឆ្នាំ​២០១៤ ដែល​នេះ​ជា​នីតិវិធី​ដំបូង​នៃ​ការកែប្រែ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៦ ដើម្បី​បង្កើន​អំណាច​មហាក្សត្រ​។​



«​ខ្ញុំ​បាន​ព្រាងសំបុត្រ​ដើម្បី​ស្នើសុំ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ពី​មហាក្សត្រ​វិញ​ហើយ ដូច្នេះ​សេចក្ដីព្រាង​នេះ អាច​ត្រូវបាន​កែប្រែ​ឲ្យ​ប្រសើរឡើង​។ ដំណើរការ​កែប្រែ​នេះ អាច​ប្រើប្រាស់​ពេល​មួយខែ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែមករា ទាក់ទង​នឹង​សំណើ​ឲ្យ​ធ្វើ​វិសោធនកម្ម​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៦ របស់​មហាក្សត្រ Maha Vajiralongkorn ក្នុង​ចំណុច​ទាក់ទង​អំណាច​មហាក្សត្រ​។​

​កាលពី​សប្ដាហ៍​មុន ខុ​ទ្ធ​កាល័យ​មហាក្សត្រ Maha Vajiralongkorn បានស្នើ​ឲ្យ​របប​យោធា​ថៃ កែប្រែ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បានអនុម័ត​ក្នុង​ប្រជាមតិ​ខែសីហា ឆ្នាំ​២០១៦ ។ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ បាន​ឆ្លង​ផុត​អំណាច​នាយករដ្ឋមន្ត្រី និង​ធ្លាក់​ដល់​រាជវាំង​ដើម្បី​ឲ្យ​មហាក្សត្រ Maha Vajiralongkorn សម្រេច​ចុងក្រោយ​។ ប៉ុន្តែ​មហាក្សត្រ​អង្គ​នេះ ក៏​ស្នើ​ឲ្យ​កែប្រែ​មាត្រា​ចែង​ពី​ការតែងតាំង​រា​ជានុ​សិទ្ធិ ពេល​ទ្រង់​ឯ​បរទេស ឬ​មាន​ប្រឈួន​។​

​ត្រង់ចំណុច​នេះ មហាក្សត្រ​ថៃ ចង់​ឲ្យ​រដ្ឋធម្មនុញ្ញ​ថ្មី​ផ្ដល់​អំណាច​ឲ្យ​ទ្រង់ «​មិនចាំបាច់​តែងតាំង​រា​ជានុ​សិទ្ធិ​ឡើយ ពេល​ព្រះអង្គ​មិន​ស្ថិត​ក្នុងប្រទេស ឬក៏​មិនអាច​បំពេញ​រាជកិច្ច​បាន​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ចំណុច​មួយ​នៃ​ចំណុច​ជាច្រើន​ដែល​មហាក្សត្រ​ថៃ ចង់​ឲ្យ​មានការ​កែប្រែ​ប៉ុណ្ណោះ​។ ការបង្ហាញ​រាជបំណង​ចង់​កែប្រែ​សេចក្ដីព្រាង​ធម្មនុញ្ញ​បែបនេះ ជា​រឿង​ដ៏​កម្រ​មាន ដ្បិត​មហាក្សត្រ​ថៃ មិន​ងាយ​អន្តរាគមន៍​ផ្ទាល់​ក្នុង​កិច្ច​នយោបាយ​ឡើយ ទោះជា​ស្ដេច​មាន​ឥទ្ធិពល​ខ្លាំង​ក៏ដោយ​។​

​ទាក់ទិន​នឹង​រឿងនេះ លោក ប្រា​យុទ្ធ បញ្ជាក់ថា គណៈកម្មាធិការ​ពិសេស​ដែលមាន​សមាជិក​១១​នាក់ នឹងត្រូវ​បង្កើត ដើម្បី​ពិនិត្យ​មាត្រា​ក្នុង​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវធ្វើ​វិសោធនកម្ម​។ សារព័ត៌មាន The Nation ផ្សាយ​ថា គណៈកម្មាធិការ​នេះ នឹងត្រូវ​តែងតាំង​ដោយ​លោក ប្រា​យុទ្ធ ផ្ទាល់​។ អតីត​ប្រធាន​គណៈកម្មការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ Borwornsak Uwanno, ប្រធាន​គណៈកម្មការ​នេះ​បច្ចុប្បន្ន Meechai Ruchupan, ប្រធានសភា Pornpetch Wichitcholchai និង​ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam សុទ្ធតែ​មានមុខ​ក្នុង​គណៈកម្មាធិការ​ពិសេស​នេះ​។

​ប្រមុខ​របប​យោធា​ថៃ ក៏​បញ្ជាក់​ច្បាស់​ថា ការធ្វើ​វិសោធនកម្ម នឹងធ្វើ​ឡើង​តែ​លើ​មាត្រា​និយាយ​អំពី​អំណាច​មហាក្សត្រ​ប៉ុណ្ណោះ​។ ចំណែក​មាត្រា​ចែង​ពី​សិទ្ធិ និង​សេរីភាព​ប្រជាជន ក៏ដូចជា​មាត្រា​និយាយ​ពី​រដ្ឋាភិបាល​ក្ដី នឹងមិន​ត្រូវបាន​ប៉ះពាល់​អ្វី​ទាំងអស់​។ បន្ទាប់ពី​កែប្រែ​រួច សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ នឹង​បញ្ជូន​ត្រឡប់​ទៅ​មហាក្សត្រ Maha Vajiralongkorn វិញ ដើម្បី​សុំ​ការយល់ព្រម ហើយ​ព្រះអង្គ នឹងមាន​ពេល​បី​ខែ​ដើម្បី​ពិនិត្យ​សម្រេច​។ នេះ​មានន័យថា ការបោះឆ្នោត​ទូទៅ ក៏ត្រូវ​ពន្យារពេល​ដែរ​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com