អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន ទទូចឲ្យអាមេរិក កុំឲ្យអ្នកតំណាងតៃវ៉ាន់ចូលរួមពិធីកាន់តំណែងរបស់លោក ដូណាល់ ត្រាំ
× ភាពមិនច្បាស់លាស់ និងការមិនសូវឲ្យតម្លៃ«គោលនយោបាយចិនតែមួយ»របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានបន្តធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង នៅមិនសុខស្រួលឡើយ។ ជាពិសេសនោះ ក្រុងប៉េកាំង កាន់តែព្រួយបារម្ភពីមុខមាត់ការទូតរបស់ខ្លួនស្របពេលដែលថ្ងៃប្រកាសកាន់តំណែងផ្លូវការរបស់លោក ដូណាល់ កាន់តែជិតមកដល់នោះ។
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ក្រុងប៉េកាំង នៅថ្ងៃទី១៨ មករា បានទទូចឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនត្រូវអនុញ្ញាតឲ្យគណៈប្រតិភូរបស់កោះតៃវ៉ាន់ចូលរួមពិធីកាន់តំណែងផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃខាងមុខដ៏ខ្លីនោះទេ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនាឱកាសសង្ខេបព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៨ មករា ដែលដកស្រង់ដោយភ្នាក់ងារព័ត៌មាន Reuters។
សូមជម្រាបផងដែរថា លោក ដូណាល់ ត្រាំ នឹងស្បថកាន់តំណែងជាផ្លូវការជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃទី ២០ មករានេះហើយ។ តែអ្វីគួរកត់សម្គាល់នោះ គិតចាប់ពីជ័យជម្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកមក លោក ដូណាល់ ត្រាំ តែងតែចេញថ្លែងការណ៍ម្តងហើយម្តងទៀតដោយមិនសូវឲ្យតម្លៃគោលនយោបាយចិនតែមួយនោះទេ ជាពិសេសនោះ លោក ត្រាំ ថែមទាំងនិយាយទូរសព្ទជាមួយនឹងប្រធានាធិបតីតៃវ៉ាន់ទៀតផង។
កន្លងមក ក្រុងប៉េកាំង ក៏តែងតែចេញថ្លែងការណ៍តបវិញដែលថា នយោបាយចិនតែមួយ ជាមូលដ្ឋាននយោបាយសំខាន់នៃទំនាក់ទំនងចិន-អាមេរិក ។ ហើយដើម្បីចៀសវាងភាពរង្គោះរង្គើរក្នុងទំនាក់ទំនងដែលកំពុងតែល្អនោះ ចិន ក៏ទទូចឲ្យភាគីពាក់ព័ន្ធនៅអាមេរិក ត្រូវទទួលស្គាល់ពីភាពរសើបនៃបញ្ហាកោះតៃវ៉ាន់ និងត្រូវដោះស្រាយបញ្ហាតៃវ៉ាន់ឲ្យស្របទៅតាមការប្ដេជ្ញាចិត្តដែលរដ្ឋបាលអាមេរិកមុនៗ ធ្លាប់ធ្វើ។ ក្រុងវ៉ាស៊ិនតោន បានទទួលផ្ដាច់ទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ និងងាកទៅទទួលស្គាល់នយោបាយចិនតែមួយក្នុងឆ្នាំ១៩៧៩ ៕
© រក្សាសិទ្ធិដោយ thmeythmey.com