ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ CPP៖ ការ​លុប​តំណែង​ប្រធាន​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​ជាការ​កែប្រែ​ច្បាប់​ធម្មតា
18, Jan 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​បកស្រាយ​ថា បំណង​នៃ​ការ​លុប​តំណែង​ប្រធាន​មតិ​ភាគតិច ឯកឧត្តម កឹម សុខា នៅក្នុង​រដ្ឋសភា មិនមែន​ដោយសារតែ​រឿង​នយោបាយ​នោះទេ តែ​វា ជាការ​កែប្រែ​ច្បាប់ ដើម្បី​ឲ្យ​ស្ថាប័ន​រដ្ឋសភា ដំណើរការ​ទៅកាន់​តែមាន​ប្រសិទ្ធភាព​។ យ៉ាងណាក្តី អ្នកវិភាគ នៅតែ​យល់ឃើញថា ដោយសារតែ​បរាជ័យ​ក្នុងការ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ទើប សម្តេច ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​ផង​នោះ បង្ហើប​គំនិត​ស្នើ​ឲ្យ​មានការ​លុប​តំណែង​ជា​ប្រធាន​មតិ​ភាគតិច របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។



​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និយាយថា ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ត្រង់​ប្រការ ដែល​ទាក់ទង​នឹង​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ គឺ​ដើម្បី​ឲ្យ​រដ្ឋសភា ក្លាយទៅជា​ស្ថាប័ន​មួយ ដែល​អាច​បម្រើ​ប្រយោជន៍​ជាតិ និង​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។

​លោក និយាយថា ៖«​យើង មិន​ចង់យក​ស្ថាប័នរដ្ឋ ធ្វើជា​កន្លែង​សម្រាប់​ចរចា ឲ្យ​ដោះលែង​អ្នកទោស​ទេ​។ ការកែប្រែ​នេះ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ​»​។

​កាលពី​ថ្ងៃទី​១៦ មករា​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​បក្ស​កាន់អំណាច បានបង្ហាញ​ពី​បំណង​នៃ​ការលុបចោល​នូវ តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​។ តាមរយៈ Fresh News​សម្តេច បានប្រកាសថា​៖ «​បើ​យន្ត​ការដែល​ទើប​បង្កើតឡើង​តាមរយៈ​ប្រការ​៤៨​ថ្មី (​បី​) វា​ពិបាក​ធ្វើការ​ដោយ​រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា​ដើម្បី​ចរចា​ដោះលែង​អ្នកទោស​ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ​យើង​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី (​បី​) ហើយ​វិល​ទៅប្រើ​ប្រការ ៤៨ (​ពីរ​)​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ​។ ដោយសារ​ប្រការ ៤៨​ថ្មី (​បី​)​ជា​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ ទើប​ខ្ញុំ​ស្នើសុំ​ឲ្យ​ធ្វើការ​កែប្រែ​តាមរយៈ​សមាជិក​សភាគ​ណ​បក្ស​ប្រជាជន​កម្ពុជា វិញ​»

​លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ មើលឃើញថា ការ​ជ្រោមជ្រែង​ឲ្យ​ឯកឧត្តម កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ទទួលបាន​តំណែង​ជា​ប្រធាន​មតិ​ភាគតិច​ក្នុង​រដ្ឋសភា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ទំនងជា​គោលបំណង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​និយាយ​ថែម​ទៀតថា ប៉ុន្តែ ដោយសារតែ​បំណង​នៃ​ការ​បំបែក​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម សម រង្ស៊ី មិនបាន​សម្រេច ទើប​គណបក្សកាន់អំណាច ប្រកាស​បំណង​រក​ការលុបចោល​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ វិញ​។

​លោក សូ ចន្ថា និយាយថា​៖«​គាត់ (​សម្តេច ហ៊ុន សែន និង បក្ស​កាន់អំណាច​) ចង់​បញ្ជាក់ថា គាត់ មានអំណាច ចង់​ដាក់ ឬ​ដក គឺ​ស្រេច​តែ​ខ្លួន​គាត់​។ ហើយ​គាត់ ចង់បង្ហាញ​ទៀតថា បក្សប្រឆាំង​ហ្នឹង មាន​ភាពទន់ខ្សោយ មិនអាច​តវ៉ា​បាន​»​។

​លោក សូ ចន្ថា រិះគន់ថា ការប្រើ​អារម្មណ៍​ដោះស្រាយ​បញ្ហា​បែបនេះ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​កិត្យានុភាព​ក៏ដូចជា​អំណាច​នៃ​ស្ថាប័ន​កំពូល​របស់​រដ្ឋ​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ នឹង​បាត់បង់​ទំនុកចិត្ត​ទៅលើ​វិធានការ​ឬ​បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័នរដ្ឋ ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក សូ ចន្ថា ដដែល​។

​លោក មាស នី ដែលជា​អ្នកវិភាគ​មួយរូប​ដែរនោះ និយាយថា​លោក​គ្មាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ ចំពោះ​ការផ្លាស់ប្តូរ​ចិត្ត​យ៉ាង​លឿន​របស់លោក​នាយករដ្ឋមន្ត្រី​បែបនេះ ពីព្រោះ​វា​មិនមែនជា​លើកទីមួយ​ទេ ដែល​មេដឹកនាំ​រូបនេះ ដោះស្រាយ​បញ្ហា​តាមចិត្ត​របស់ខ្លួន​។

​លោក បញ្ជាក់​ដូច្នេះ​ថា​៖ «​ការ​ធ្វើតាម​អារម្មណ៍​បែបនេះ បានត្រឹមតែ​ចំណេញ​ដល់​បក្ស​ប៉ុណ្ណោះ តែ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ជាតិ​នោះ​»​។
 
​លោក មាស នី និយាយទៀតថា គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​ចង់​បញ្ចប់​ការប្រើប្រាស់​វប្បធម៌​សន្ទនា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស នៅពេលដែល​គណបក្សប្រឆាំង​ចេះតែ​បង្ហាញ​ចេតនា​ឲ្យ​ដាក់​រឿង​មន្ត្រី​សិទ្ធិមនុស្ស​និង​សកម្មជន​របស់ខ្លួន​ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុង​ការចរចា​ជាមួយ​គណបក្សកាន់អំណាច​។

​លោក មាស នី និយាយថា​៖ «​បើ​ដោះលែង​ពួកគេ​មែន បក្សប្រឆាំង នឹងមាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​។ ចំណែកឯ​បក្ស​កាន់អំណាច ជា​អ្នកខាតបង់​»៕


Tag:
 CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com