អន្តរជាតិ
នយោបាយអន្តរជាតិ
របបសឹកថៃ បង្កើតកិច្ចព្រមព្រៀង«ការទុកចិត្ត»ដោយឲ្យបក្សនយោបាយ ទទួលស្គាល់មេដឹកនាំជាប់ឆ្នោត និងមិនរំខានការបោះឆ្នោត
× រដ្ឋាភិបាលរបបសឹកថៃ គ្រោងបង្កើតកិច្ចព្រមព្រៀង ឬបទបញ្ជាថ្មីមួយ ដោយទាមទារឲ្យមានការចុះហត្ថលេខាពីគណបក្សនយោបាយ និងអង្គការពាក់ព័ន្ធ។ បទបញ្ជាថ្មីនេះ ធ្វើឡើងក្នុងគោលដៅដើម្បីកសាងទំនុកចិត្ត និងផ្សះផ្សាជាតិ និងជាពិសេសនោះ ដើម្បីធានាឲ្យបានថា គណបក្សនយោបាយ មិនត្រូវរំខានការបោះឆ្នោតនាពេលអនាគត ឬបង្កើតចលនាប្រឆាំងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែរនោះ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃ១៧ មករា បានអះអាងថា គណបក្សនយោបាយ និងអង្គការពាក់ព័ន្ធ នឹងត្រូវបានស្នើឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយត្រូវសន្យាថានឹងមិនរំខានដល់ការបោះឆ្នោតនាពេលអនាគត ឬបដិសេធរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលចំណាត់ការនេះ គឺជាផ្នែកមួយនៃការផ្សះផ្សាជាតិក្រោមការដឹកនាំរបស់របបសឹក។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នាឱកាសសង្ខេបព័ត៌មានប្រចាំសប្តាហ៍ បានពន្យល់ពីផែនការលម្អិតនៃការបង្កើតកិច្ចព្រមព្រៀងផ្សះផ្សារជាតិយ៉ាងដូច្នេះថា៖« បទបញ្ជានោះ គឺជាកិច្ចព្រមព្រៀងដែលផ្តល់ការទុកចិត្តដល់សង្គម ដែលក្រោមបទបញ្ជានេះ អ្នកត្រូវតែធ្វើអ្វីដែលអ្នកនិយាយ។ ឧទាហរណ៍នោះ (តាមរយៈកិច្ចព្រមព្រៀង) យើង នឹងមិនបង្កើតឲ្យមានជម្លោះទៀតនោះទេ, យើង នឹងមិនរំខានការបោះឆ្នោតនាពេលអនាគត ហើយ យើង នឹងទទួលរដ្ឋាភិបាលដែលចេញពីការបោះឆ្នោត»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
ក្រៅពីចង់ឲ្យមានការផ្សះផ្សារជាតិតាមរយៈការបន្តទៅមុខជាមួយនឹងបក្សនយោបាយ និងអង្គការពាក់ព័ន្ធនោះ ប្រមុខរបបសឹក លោកប្រាយុទ្ធ ក៏បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងនោះចូលរួមសហការជាមួយនឹងរដ្ឋាភិបាលថៃគិតគូរពីអនាគតប្រទេសជាតិក្នុងរយៈពេលវែងដើម្បីដោះស្រាយលើបញ្ហាស្មុគស្មាញសាធារណៈ ដែលមានដូចជាបញ្ហាអសមភាព និងបញ្ហាដីធ្លីជាដើម។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
ជុំវិញបញ្ហាការបង្កើតកិច្ចព្រមព្រៀងផ្តល់ការទុកចិត្តដល់សង្គមនេះដែរ លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មការបង្កើតកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៦ មករា ក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះ មិនជាប់ពាក់ព័ន្ធការការចរចាសុំលើកលែងទោសលើជនទាំងឡាយណាដែលបំពានច្បាប់ឡើយ។ លោក Prawit ដែលរដ្ឋមន្ត្រីការពារជាតិថៃផងដែរនោះ ក៏បានឲ្យដឹងដែរថា គណៈកម្មការរបស់លោក ក៏កំពុងតែរៀបចំកិច្ចសន្ទនាស្តីពីការរួបរួម និងផ្សះផ្សារផងដែរ។
សូមជម្រាបផងដែរ រដ្ឋាភិបាលរបបសឹក ដែលមានលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទ អូចា ជាប្រមុខ បានឡើងកាន់អំណាចបន្ទាប់ពីលោក បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រោមហេតុផលថារដ្ឋបាលរបស់លោកស្រី ធ្វើឲ្យសង្គមថៃ ត្រូវបែកបាក់ និងបែងចែកនិន្នាការនយោបាយ។ ក្នុងរដ្ឋបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ លោក បានសន្យាផ្សះផ្សាជាតិឡើងវិញ តាមរយៈការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងច្បាប់ពាក់ព័ន្ធមួយចំនួន រួមទាំងរៀបចំឲ្យមានការបោះឆ្នោតនៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com