សេដ្ឋកិច្ច
NBC បញ្ចេញ​ប្រាក់រៀល​ជាង ៩ ពាន់​លាន​រៀល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ តាមរយៈ​ការដេញថ្លៃ​
18, Jan 2017 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានផ្ដល់​កម្ចី​ចំនួន ៩,៤​ពាន់​លាន​រៀល​ជាមួយ​អត្រា​ការប្រាក់ ៣​ភាគរយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​បី តាមរយៈ​ការដេញថ្លៃ នៅ​ថ្ងៃទី​១៧​ខែមករា​។​



​សេចក្ដីជូនដំណឹង​រប​ស់ NBC បាន​ឲ្យ​ដឹងថា មាន​គ្រឹះស្ថាន​ចំនួន​៣​បាន​ចូលរួម​ដេញថ្លៃ​យក​សាច់​ប្រាក់រៀល​របស់ NBC  ។ គ្រឹះស្ថាន​ទាំងនេះ​ដេញថ្លៃ​បាន​ទឹកប្រាក់​សរុប ៩,៤​ពាន់​លាន​រៀល ក្នុងចំណោម​សាច់ប្រាក់ ៤០​ពាន់​លាន​រៀល ដែលមាន​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​១​ឆ្នាំ​។

​នេះ​ជាការ​ដេញថ្លៃ​ជា​លើក​ទី​៤​ហើយ នៅក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល NBC បានដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ខែតុលា​ឆ្នាំ​២០១៦ មក ដើម្បី​លើកកម្ពស់​ការចាយ​ប្រាក់​រៀល និង​បញ្ចេញ​ឥណទាន​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាមួយ​អត្រា​ការប្រាក់​សមរម្យ​។ តាមរយៈ​ប្រតិបត្តិការ LPCO  នេះ NBC នឹង​ផ្ដល់​កម្ចី ឬ​ផ្ដល់ទុន​បង្វិល​ជា​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ចូលរួម​ដេញថ្លៃ ដោយ​គ្រឹះស្ថាន​ទាំងនោះ​ត្រូវដាក់​ឧបករណ៍​អាច​ជួញដូរ​បាន NCD ជា​ប្រាក់រៀល ឬ​ដុល្លារ ជា​វត្ថុ​ធានា​បំណុល​របស់ខ្លួន​។ កម្ចី​ប្រាក់រៀល​ទាំងនេះ នឹងត្រូវ​បង្វិល​ទៅ NBC វិញ​ក្នុង​រយៈ​បី​ខែ​។ ការដេញថ្លៃ​ប្រព្រឹត្ត​ទៅជា​រៀលរាល់​ខែ​៕


Tag:
 ប្រាក់រៀល​
  LPCO
© រក្សាសិទ្ធិដោយ thmeythmey.com