ជាតិ
គជប សម្រេចរក្សាឈ្មោះអ្នករងបណ្តឹងជាង ២០០នាក់ ដដែល
× ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគជប បានច្រានចោលភស្តុតាងនៃបណ្តឹងជំទាស់របស់ដើមបណ្តឹងមកពីគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យលុប ឈ្មោះអ្នកបានចុះក្នុងបញ្ជី បោះឆ្នោតថ្មីជាង ២០០នាក់ទៀតដែលជាជនជាតិវៀតណាម កាន់អត្តសញ្ញាណសញ្ជាតិខ្មែរ។
ដូចសំណុំរឿងមុនៗដែរ តំណាងដើមបណ្តឹង មកពីគណបក្សសង្គ្រោះជាតិ លោក មេធាវី ហែម សុជាតិ អះអាងថា ជនទាំងនោះជាជនជាតិ វៀតណាម ព្រោះ ពួកគេ និយាយភាសាខ្មែរប៉ៃឡាំៗ។ ប៉ុន្តែ លោក ស៊ិក ប៊ុនហុក ដែលជាប្រធានក្រុមប្រឹក្សាជម្រះពាក្យបណ្តឹង តាមការឆ្លើយបំភ្លឺរបស់សាក្សី ចុងចម្លើយ និងតំណាងក្រុម ប្រឹក្សាឃុំសង្កាត់ដែលមានវត្តមានជាង ៣០នាក់ និងពិនិត្យឯកសារបញ្ជាក់ ពីក្រសួងមហាផ្ទៃ អ្នកទាំងនោះសុទ្ធតែមានអត្តសញ្ញាណសញ្ជាតិខ្មែរ។
លោក ស៊ិក ប៊ុនហុក សម្រេចបដិសេធភស្តុតាងរបស់ដើមបណ្តឹង ដោយលោកនិយាយថា មិនត្រូវតាមច្បាប់ បោះឆ្នោតទេ។ លោកបានលើកមាត្រា ៥១ នៃច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអនុញ្ញាតឲ្យពលរដ្ឋមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអាចចុះឈ្មោះបោះឆ្នោត។
ដោយពិនិត្យឯកសារសញ្ជាតិជាមួយក្រសួងមហាផ្ទៃលោក ស៉ិក ប៊ុនហុក បញ្ជាក់ថា ចុងចម្លើយទាំងអស់ បានបំពេញតាម ច្បាប់បោះឆ្នោតត្រឹមត្រូវ។ លោកបានប្រកាស នៅរាត្រីថ្ងៃទី១៨ មករានេះ បើកផ្លូវឲ្យដើមបណ្តឹងទាំងអស់ ប្តឹងតវ៉ាបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល ៥ថ្ងៃក្រោយទទួលសេចក្តីសម្រេច គជប តាមច្បាប់កំណត់។
ករណីស៊ើបអង្កេតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរវិញ ប្រធានក្រុមប្រឹក្សារូបនេះ បញ្ជាក់តាមច្បាប់ថា គជប គ្មានសិទ្ធិអង្កេតនោះទេ ដោយសារថា ច្បាប់អនុញ្ញាតឲ្យតែតុលាការ និងអាជ្ញាធរក្រសួងមហាផ្ទៃប៉ុណ្ណោះ ស៊ើបរឿងនេះ។ ជាការឆ្លើយតប លោកស្រី ម៉េង សុភារី តំណាង ដើមបណ្តឹងពុំទាន់កំណត់ ពេលប្តឹងឲ្យសើរើអត្តសញ្ញាណបណ្ណនោះទេ ដោយលោកស្រីថា លោកស្រីកំពុងមមាញឹករៀបចំ បណ្តឹងមក គជប។ ប៉ុន្តែ លោកស្រី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងដាក់ប្តឹងទៅអាជ្ញាធរពេលក្រោយទៀត។ នៅថ្ងៃ ១៩មករានេះ គជប នឹងពិនិត្យបណ្តឹង ២៣ផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com