កីឡាជាតិ
E-Sport កម្ពុជា​ក្លាយជា​ម្ចាស់​ជើងឯក​អន្តរជាតិ MATIC នៅ​ម៉ាឡេស៊ី​
19, Jan 2017 , 2:28 pm        
រូបភាព
ដោយ:
 
​ក្រោយ​ធ្វើការ​ប្រកួតប្រជែង​អស់​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែមករា នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​(E-Sport)​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ការប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៧(MATIC 2017) ក្រោយ​ផ្តួល​ម្ចាស់​ជើងឯក​ថៃ Superior នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ប្រតិភូ និង​ក្រុម​កីឡាករ​កម្ពុជា​បាន​មកដល់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៧ ខែមករា ដោយបាន​ពាំនាំ​មកជា​មួយ​នូវពាន​ជើងឯក​មួយ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​១៥,០០០​ដុល្លារ​។  

 
​ក្រោយ​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​ពីរ​ជំនាន់​របស់​ថៃ Superior នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១៥ ខែមករា  ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា Never Care បាន​ក្លាយជា​ម្ចាស់​ជើងឯក​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៧ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2017 នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រៅពី​ពានរង្វាន់​ជើងឯក ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​១៥,០០០​ដុល្លារ​ផងដែរ​។  
 
 
​មុន​ក្លាយជា​ម្ចាស់​ជើងឯក​អន្តរជាតិ MATIC ប្រចាំឆ្នាំ​២០១៧ ក្រុម Never Care របស់​កម្ពុជា​បាន​យកឈ្នះ​គូប្រជែង​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ រួមមាន​ក្រុម KC-Kingover របស់​ម៉ាឡេស៊ី​, Shui Feng របស់​ចិន​, ក្រុម Troop History របស់​សិង្ហ​បុរី​, ក្រុម Successful របស់​កម្ពុជា និង​ក្រុម​ការពារ​ជើងឯក​របស់​ថៃ Superior​។​
 
​បន្ទាប់មក​ក្រុម​កម្ពុ​ជាមួយនេះ​បាន​ទម្លាក់​ក្រុម No Excuse របស់​សិង្ហ​បុរី​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ មុន​ទម្លាក់​ក្រុម Shui Feng របស់​ចិន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ក្រោយមក​បាន​យកឈ្នះ​ក្រុម​ការពារ​ជើងឯក​ថៃ Superior នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​គ្រង​ជើងឯក MATIC ប្រចាំឆ្នាំ​២០១៧​។​
 
 
​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា Never Care បាន​ពាំនាំ​ពាន និង​ប្រាក់រង្វាន់​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ​។ ក្រុម​នេះ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។   
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​អន្ដរជាតិ MATIC ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចូលរួម​ទាំងអស់​ចំនួន​១២​មកពី​៧​ប្រទេស ក្នុងនោះ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​២​ក្រុម​ឲ្យ​ចូលរួម​, ម៉ាឡេស៊ី​៣​ក្រុម​, សិង្ហ​បុរី​២​ក្រុម​, ចិន​២​ក្រុម​, ថៃ​១​ក្រុម​, មី​យ៉ាន់​ម៉ា​១​ក្រុម និង​ឥណ្ឌូនេស៊ី​១​ក្រុម​។ ការប្រកួត​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែមករា​៕ 





Tag:
 E-Sport
  MATIC 2017
© រក្សាសិទ្ធិដោយ thmeythmey.com