ព័ត៍មានសុខភាព
ប្រុស​មិន​ស្តាប់​សំដី​ស្រី ជា​កត្តា​វិទ្យាសាស្ត្រ មិនមែនជា​ចេតនា​ឡើយ​
19, Jan 2017 , 7:59 pm        
រូបភាព
ដោយ: ធីតា
​និយាយ​ជាមួយ​មនុស្ស​ប្រុស​ដូចជា​ចាក់ទឹក​លើ​ក្បាល​ទា​? សូម​នារី​ទាំងឡាយ​ស្វែងយល់​ពី​មូលហេតុ​សិន​។ តាម​ការសិក្សា​មួយ​របស់​អ្នកជំនាញ​អង់គ្លេស បាន​បង្ហាញថា ខួរក្បាល​មនុស្ស​ប្រុស​មានការ​ពិបាក​យ៉ាងខ្លាំង​ក្នុង​ការទទួល​សំឡេង​របស់​ស្រី​។​



​យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Sheffield របស់​ចក្រភព​អង់គ្លេស ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី NeuroImage បុរស​ស្តាប់​សំដី​របស់​ស្ត្រី មិនសូវ​ចូល​ត្រចៀក​នោះឡើយ​។ ការសិក្សា​បាន​ផ្អែកលើ​ការ​ស្កែ​ន​សកម្មភាព​នៃ​ដំណើរការ​ខួរក្បាល​របស់​បុរស​១២​នាក់ នៅពេល​ស្តាប់​សំឡេង​របស់​បុរស និង​ស្ត្រី​។​

​លទ្ធផល​បាន​បង្ហាញថា សំឡេង​មាន​សកម្មភាព​ទៅក្នុង​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ខួរក្បាល​។ រលក​សំឡេង​របស់​ស្ត្រី​មាន​លក្ខណៈ​ដូចជា​តន្ត្រី ដែល​ធ្វើ​ឲ្យ​ខួរក្បាល​បុរស​ពិបាក​ចាប់បាន ពោលគឺ​ដូចជា​កា​ដង់​ភ្លេង​។ លោក Michael Hunter តំណាង​ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាងថា សំឡេង​របស់​ស្ត្រី មាន​ភាព​ស្មុ​គ្រ​ស្មាញ​ជាង​សំឡេង​បុរស ដោយមាន​ភាពខុសគ្នា​ទាំង​ទំហំ និង​រលក​សំឡេង ពោលគឺ​ស្ត្រី មាន​សំឡេង​ដូច​ទៅនឹង​បទ​ភ្លេង​ធម្មជាតិ​។​

​សម្រាប់​សំឡេង​បុរស អ្នកស្រាវជ្រាវ បាន​រកឃើញថា ជា​សំឡេង​ម៉ាត់ៗ និង​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ឆាប់​ចាប់បាន​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ណែនាំ​ស្ត្រី​ទាំងឡាយ​ថា​៖ «​សូមកុំ​ប្រញាប់​ខឹង​ពេក​នៅពេលដែល​បុរស​មិន​ស្តាប់​សំដី​របស់​អ្នក​។ វា​មិនមែនជា​ចេតនា​របស់​ពួកគេ​ឡើយ តែ​វា​ជា​កំហុស​នៃ​សំឡេង​របស់​អ្នក និង​ខួរក្បាល​របស់​ពួកគាត់​...»៕


Tag:
 វិទ្យាសាស្ត្រ​
  សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com