អន្តរជាតិ
នយោបាយអន្តរជាតិ
Michelle Obama៖ «ធ្វើជាស្ត្រីទីមួយរបស់បង ជាកិត្តិយសបំផុតមួយនៃជីវិតអូន »
× នៅសល់មិនដល់៤៨ម៉ោងឡើយ លោកបារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី្តទីមួយ Michelle Obama រួមជាមួយបុត្រីទាំងពីរនឹងចាកចេញពីសេតវិមានហើយ។ លោកស្រី Michelle បានអរគុណស្វាមីលោកស្រី និងបញ្ជាក់ថា លោកស្រីមានកិត្តិយសបំផុតដែលបានធ្វើជាស្ត្រីទីមួយ។
ពេលវេលាចេះតែខើចខ្លាំងណាស់ទៅហើយ សម្រាប់ការស្នាក់នៅសេតវិមាន លោកស្រី Michelle និងបារ៉ាក់ អូបាម៉ា បានចំណាយពេលវេលាសេសសល់ដើរស្រូបយកខ្យល់អាកាសនៅសេតវិមាន។ គេឃើញលោកស្រី Michelle បង្ហោះសារថ្លែងអំណរគុណអ្នកគាំទ្រចំពោះសារជូនពរថ្ងៃខួបកំណើតលោកស្រី។ ហើយនិងបង្ហោះរូបភាពជាច្រើននៅសេតវិមានជាមួយក្រុមគ្រួសារ និងរូបភាពជាលក្ខណៈគូស្នេហ៍ផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ លោកស្រី Michelle បានបង្ហោះរូបភាពជាមួយលោក បារ៉ាក់ អូបាម៉ា តាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ខ្លួននិងអរគុណស្វាមីលោកស្រីផង។
លោកស្រីបានបញ្ជាក់ដូច្នេះថា «ធ្វើជាស្ត្រីទីមួយរបស់បង ជាកិត្តិយសបំផុតពេញមួយជីវិតរបស់អូន។ អរគុណបងអស់ពីបេះដូង»។
ក្រុមគ្រួសារលោក បារ៉ាក់ អូបាម៉ា កំពុងរៀបចំខ្លួនចាកចេញពីសេតវិមាន។ នៅព្រឹកថ្ងៃសុក្រលោកនឹងចាកចេញ ឲ្យប្រធានាធិបតីទើបជាប់ឆ្នោតនិងគ្រួសារចូលមករស់នៅវិញម្តង។
ពេលចាកចេញហើយ លោក អូបាម៉ា និងក្រុមគ្រួសារនឹងទៅស្នាក់នៅផ្ទះជួលមួយកន្លែងនៅ Kalorama ដែលស្ថិតនៅក្រុងវ៉ាស៊ីនតោនដដែល ហើយលោកនិងក្រុមគ្រួសារត្រូវបន្តរស់ទីនោះទម្រាំកូនស្រីពៅរបស់លោករៀបចប់វិទ្យាល័យសិន។
កន្លងមកមក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ហើយថា លោកត្រូវការភាពស្ងៀមស្ងាត់មួយរយៈក្រោយចាកចេញពីតំណែង។ ហើយលោកនឹងសម្ងំសរសេរសៀវភៅ និងចូលរួមសកម្មភាពនានាទាំងនយោបាយនិងកិច្ចការសង្គមដែលពាក់ព័ន្ធយុវជន។ ចំណែលោក ស្រី Michelle នឹងបន្តការងារលោកស្រីជាមួយយុវជននិងលើកស្ទួយវិស័យអប់រំជាដើម។លោកស្រីមានប្រជាប្រិយភាពខ្ពស់ក្នុងនយោបាយនិងសង្គមអាមេរិក ប៉ុន្តែលោកស្រី ទំនងជាមិនឈរឈ្មោះដើម្បីកាន់កាប់តំណែងសាធារណៈណាមួយឆាប់ៗឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com