អន្តរជាតិ
អូបាម៉ា លាអ្នកកាសែតនិងប្រាប់ពួកគេថា ប្រជាធិបតេយ្យអាមេរិកខ្វះពួកគេ មិនបាន
× ប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា បានជួបផ្តែរផ្តាំអ្នកសារព័ត៌មានប្រចាំសេតវិមានដែលធ្លាប់បំពេញការងារអស់រយៈពេល ៨ឆ្នាំកន្លងមកជាលើកចុងក្រោយនៅថ្ងៃពុធទី ១៨ មករា។លោកបានថ្លែងអំណរគុណ និងប្រាប់អ្នកសារព័ត៌មានទាំងនោះថា ពួកគេបានធ្វើឲ្យគ្រប់យ៉ាងប្រសើរឡើង ហើយប្រជាជននិងប្រជាធិបតេយ្យអាមេរិកមិនអាចខ្វះពួកគេបានឡើយ។ លោកបានទទូចឲ្យអ្នកសារព័ត៌មានបន្តធ្វើកិច្ចការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញឲ្យអាមេរិកដើរទៅមុខហើយលោកធានាថា គ្រប់យ៉ាងនឹងល្អប្រសើរនៅពេលខាងមុខ។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
ក្នុងសន្និសីទសារព័ត៌មានចុងក្រោយនៅថ្ងៃពុធទី ១៨មករា លោក បារ៉ាក់ អូបាម៉ា បានថ្លែងអំណរគុណជ្រាលជ្រៅដល់រាល់អ្នកសារព័ត៌មានប្រចាំសេតវិមានដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងពេល៨ឆ្នាំមកនេះ ហើយលោកថែមទាំងឆ្លៀតរិះគន់ ដូណាល់ ត្រាំ ដោយប្រយោលដែរ។ លោក មិនអាចភ្លេចគុណបំណាច់របស់អ្នកសារព័ត៌មាន ដែលបានបំពេញការងារដោយមិនខ្លាចនឿយហត់ អមដំណើរលោកទៅគ្រប់ទីកន្លែងលើពិភពលោក និងប្រមូលព័ត៌មានក៏ដូចជាសរសេរព័ត៌មានល្អៗច្រើនសន្ធឹកគ្របដណ្តប់ពីតំបន់អាស៊ី ដល់អឺរ៉ុបដល់ អាមេរិក និងដល់អាហ្វ្រិកថែមទៀត។
លោក បារ៉ាក់ អូបាម៉ា បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមានសារៈសំខាន់ជួយផ្តល់ព័ត៌មាន និងតម្រង់ផ្លូវ ដល់ប្រជាធិបតេយ្យនិងប្រជាជនអាមេរិកថែមទៀតផង។ បន្ថែមពីនេះប្រធានាធិបតីខាងលើបានអំពាវនាវឲ្យយ៉ាងទទូចឲ្យអ្នកសារព័ត៌មានបន្តប្រឹងប្រែងបំពេញបេសកម្មពួកគេដើម្បីបម្រើប្រយោជន៍សង្គម អាមេរិក និងផ្លាស់ប្តូរសង្គមឲ្យល្អប្រសើរ។
១.អូបាម៉ា៖ «ប្រជាធិបតេយ្យខ្វះអ្នកកាសែតមិនបានទេ»
គេមិនបានដឹងថា សេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិកនឹងប្រែប្រួលកម្រិតណាឡើយ ក្រោយពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងថ្ងៃសុក្រទី ២០ មករានេះ។ តែគ្រប់គ្នាហាក់ជ្រួលច្របល់ក្នុងចិត្តខ្លាំងរួចទៅហើយ ព្រោះលោក ដូណាល់ ត្រាំ ហាក់ព្យាយាមចាត់ទុកសារព័ត៌មានជាសត្រូវតាំងពីយូរមកហើយ។
យ៉ាងណាក៏ដោយចុះ ប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា បានផ្តល់សារលើកទឹកចិត្តចុងក្រោយឲ្យអ្នកសារព័ត៌មានឲ្យពួកគេស្ងប់ចិត្ត និង ព្រមាន ប្រធានាធិបតី ដូណាល់ ត្រាំ ដោយប្រយោលថា «សង្គមអាមេរិកខ្វះសេរីភាពសារព័ត៌មានមិនបានទេ»។
សារព័ត៌មានជាអំណាចទី៤ នៅក្នុងសង្គមអាមេរិក ហើយវាក៏ជាធាតុផ្សំសំខាន់ខ្វះមិនបានដែរសម្រាប់សង្គមប្រជាធិបតេយ្យដូចអាមេរិកនេះ។ ដូច្នេះហើយលោក បារ៉ាក់ អូបាម៉ា បានប្រាប់អ្នកសារព័ត៌មានដែលមានវត្តមានក្នុងបន្ទប់សន្និសីទសេតវិមានត្រង់ៗថា «ប្រជាធិបតេយ្យអាមេរិកខ្វះអ្នកសារព័ត៌មានមិនបានឡើយ»។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំចំណាយពេលវេលាយ៉ាងច្រើនក្នុងសុន្ទរកថាផ្តាំផ្ញើចុងក្រោយ ដើម្បីនិយាយពីស្ថានពភាពប្រជាធិបតេយ្យរបស់យើង។ គេដឹងថា ធាតុផ្សំសំខាន់ក្នុងប្រជាធិបតេយ្យគឺ សេរីភាពសារព័ត៌មាន។ ដូច្នេះ អាមេរិកត្រូវការអ្នកទាំងអស់គ្នា ហើយប្រជាធិបតេយ្យរបស់យើងក៏ត្រូវការអ្នកទាំងអស់គ្នា»។
បន្ទាប់ពីលើកឡើងពីសារៈសំខាន់នៃសារព័ត៌មានក្នុងដំណើរការប្រជាធិបតេយ្យ លោក អូបាម៉ា បានព្រលយពាក្យថា វាមិនមែនមានន័យថា លោកពេញចិត្តរាល់រឿងដែលអ្នកសារព័ត៌មានសរសេរនោះឡើយ។ ប៉ុន្តែ កត្តាសត្យានុម័តនោះគឺ ជាមេដឹកនាំត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន។ លោករម្លឹកផងដែរថា មកដល់ពេលនេះលោកត្រូវប្រឈមមុខជាមួយសំណួរអ្នកសារព័ត៌មាន ១៦៥ ដងហើយចាប់ពីពេលលោកឡើងកាន់តំណែង។
«វាមិនមែនមានន័យថា ខ្ញុំសប្បាយចិត្តចំពោះរាល់អត្ថបទដែលអ្នកទាំងអស់គ្នាសរសេរឡើយ។ ប៉ុន្តែវាជាទំនាក់ទំនងរវាងខ្ញុំនិងសារព័ត៌មាន។ ជាធម្មតា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកត្រូវមានមន្ទិលសង្ស័យច្រើន ហើយអ្នកក៏ត្រូវសួរខ្ញុំនូវសំណួរពិបាកៗដែរ។ គ្មានហេតុផលណា ដែលអ្នកសារព័ត៌មានចាំបាច់ត្រូវនិយាយបញ្ជេរ តែអ្នកត្រូវសម្លឹងមើលបុគ្គលដែលមានអំណាចដោយប្រុងប្រយ័ត្នបំផុត»។
២. អូបាម៉ា៖ «សំណាងល្អអ្នកទាំងអស់គ្នា! គ្រប់យ៉ាងនឹងប្រសើរឡើង»
ពេលលោក បារ៉ាក់ អូបាម៉ា បញ្ចប់សុន្ទរកថា សំឡេងទះដៃកងរំពងបានបន្លឺឡើង ហើយលោកបានពោលទៅកាន់អ្នកសារព័តមានថា៖ «សំណាងល្អអ្នកទាំងអស់គ្នា!»។ បន្ទាប់មកលោកក៏បែរខ្នងដើរចេញពីវេទិកានៅក្នុងបន្ទប់សន្និសីទព័ត៌មាននាសេតវិមានយ៉ាងស្ងៀមស្ងាត់។ គេដឹងច្បាស់ថា នេះជាពាក្យផ្តាំផ្ញើចុងក្រោយ មុនពេលដែលលោកត្រូវចាកចេញពីសេតវិមាន និងផ្ទេរអំណាចឲ្យអ្នកនយោបាយដែលយកសារព័ត៌មានជាសត្រូវ ដូណាល់ ត្រាំ ។
មុនពេលលោក បារ៉ាក់ អូបាម៉ា ជួបជាមួយអ្នកសារព័ត៌មាននេះ គេបានលឺពាក្យចរចាអារ៉ាមថាក្រុមការងារលោក ដូណាល់ ត្រាំ ត្រៀម បណ្តេញអ្នកកាសែតចេញពីសេតវិមាន នៅពេលខាងមុខ។ ហើយលោក ដូណាល់ ត្រាំ បានហៅសារព័ត៌មាន CNN ជាបណ្តាញព័ត៌មានក្លែងក្លាយ ថែមទៀតផង។
យ៉ាងណាមិញ ក្រោយមានប្រតិកម្មពីបណ្តាក្រុមអ្នកសារព័ត៌មានប្រចាំការនៅសេតវិមាន មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ បានអះអាងថា លោក ដូណាល់ ត្រាំ មិនបណ្តេញអ្នកសារព័ត៌មានចេញទេ តែនឹងជ្រើសរើសអ្នកសារព័ត៌មានណាដែលគួរឲ្យចូលសេតវិមានប៉ុណ្ណោះ។
បន្ថែមពីការផ្តាំផ្ញើនិងជូនពរមុនបែកគ្នា ប្រធានាធិបតីស្បែកខ្មៅដំបូងបំផុតរូបនេះបានព្យាយាមបញ្ចុះបញ្ចូលឲ្យប្រជាជនអាមេរិកដែលភ័យរអាចំពោះការឡើងកាន់អំណាចរបស់ប្រធានាធិបតីថ្មីនោះស្ងប់ចិត្ត។ លោកនិយាយយ៉ាងខ្លីថា ៖«គ្រប់យ៉ាងនឹងល្អប្រសើរឡើង ព្រោះអាមេរិកមានមនុស្សល្អច្រើនជាងមនុស្សអាក្រក់។ ហើយខ្ញុំជឿជាក់លើសហរដ្ឋអាមេរិកនិងប្រជាជនអាមេរិក»៕
© រក្សាសិទ្ធិដោយ thmeythmey.com