អន្តរជាតិ
ជនអន្តោប្រវេសន៍​ដ​ណើ្ត​ម​គ្នា​រក​ច្រកចូល អាមេរិក​ឲ្យ​បាន​មុន ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​
20, Jan 2017 , 9:19 am        
រូបភាព
​ជនអន្តោប្រវេសន៍​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ឆ្លងដែន​ពី​ម៉ិ​ក​ស៊ិ​ក​ចូល​ទឹកដី​អាមេរិក ធ្វើយ៉ាងណា​ឲ្យ​បាន​មុនពេល​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​អំណាច​ថ្ងៃ ២០​មករា​។ ពួកគេ​ព្យាយាម​ផ្សងព្រេង ប្តូរជីវិត​ប្រឈម​គ្រោះថ្នាក់​ច្រើនសន្ធឹក​ដោយ​មិន​ខ្លាចរអា ឲ្យ​តែ​បាន​ចូលដល់​ទឹកដី​អាមេរិក​។



​មិន​ដល់​៤៨​ម៉ោង​ទៀតឡើយ ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​។ លោក​ទំនងជា​សង់​ជញ្ជាំង​យក្ស​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ទប់ស្កាត់​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​ចូលក្នុង​ទឹកដី​អាមេរិក តែ​គម្រោង​សាងសង់​ប្រហែល​ត្រូវ​ប្រើ​លុយ​ប្រជាជន​អាមេរិក​សិន​។ 

​ដោយសារ បារម្ភ​ពី​ការបិទច្រក​ព្រំដែន​ដោយ​សង់​ជញ្ជាំង​ធំ​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ ជនអន្តោប្រវេសន៍​ជាច្រើន​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​ត្រហេបត្រហបរ​ត់រក​ច្រក​ឆ្លង​ចូល​ទឹកដី​អាមេរិក​ឲ្យ​បាន​មុន​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់​អំណាច​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ជនអន្តោប្រវេសន៍​ជាច្រើន​នាក់​បាន​ព្យាយាម​ឆ្លងដែន​ចូល​សហរដ្ឋអាមេរិក​តា​ម​វាល​ខ្សាច់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​។ ពួកគេ​ត្រូវ​ចំណាយ​ពេលវេលា​ដើរ​យ៉ាងយូរ និង​ត្រូវ​ប្រឈម​មុខជា​មួយក្រុម​ជើងកាង​ជួញដូរ​មនុស្ស​នៅតាម​ព្រំដែន​, ជួប​សត្វ​សាហាវ​,​និង​ក្រុម​ល្បាត​តាម​ព្រំដែន​ជាដើម​ផង​។​

​ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ប្រជាជន​ហុង​ឌុយ​រ៉ា​ស​មួយក្រុម​ផង​។ ពួកគេ​កំពុង​អាំងភ្លើង​ពេល​ឈប់សម្រាក​នៅ​ក្រុង Caborca នៅ​ជិត​ព្រំដែន​អាមេរិក​។

​លោក Wilson វ័យ ៤៨​ឆ្នាំ​ដែល​ស្ថិតក្នុង​ចំណោម​ក្រុម​ជនអន្តោប្រវេសន៍​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោក​សុខចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ដោយ​មិនបាន​រង់ចាំ​កូនស្រី​លោក​កើត​ឡើយ​។ លោក​បញ្ជាក់ថា លោក​គ្មាន​ជម្រើស​ឡើយ​ព្រោះ ការឆ្លង​ចូល​ទឹកដី​អាមេរិក​ឲ្យ​បាន​មុន​លោក ត្រាំ ចូលកាន់​តំណែង​វា​សំខាន់​ជាង​។​

«​ពេលដែល​ខ្ញុំ​មើលឃើញ​បុរស​ម្នាក់​និយាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា គាត់​ស្អប់​ជនអន្តោប្រវេសន៍​និង​សង់​ជញ្ជាំង​តាម​ព្រំដែន ខ្ញុំ​គិត​ឃើញថា វា​ដល់ពេល​យើង​ធ្វើ​អ្វី​ម្យ៉ាង​ហើយ​។ ដូច្នេះហើយ​យើង​បាន​ចំណាយ​ពេលវេលា​បុណ្យ Christmas និង​បុណ្យ​ឆ្លង​ឆ្នាំ​ដើម្បី​ធ្វើដំណើរ​មក​សហរដ្ឋអាមេរិក​ឲ្យ​បាន​ទាន់ពេល​»​។​

​យ៉ាងណាក៏ដោយ​គេ​ដឹង​ច្បាស់​ហើយ​ថា ជនអន្តោប្រវេសន៍​មិនត្រូវ​គេ​ស្វាគមន៍​ឲ្យ​ចូល​ទឹកដី​អាមេរិក​ដោយ​ងាយ​ឡើយ​។ រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ក៏​រឹ​តែ​ស្អប់​ជនអន្តោប្រវេសន៍​ទៀត ហើយ​លោក​ធ្លាប់​សន្យា​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់លាន​នាក់​ចេញពី​អាមេរិក​ផង​។

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក Wilson ដែល​ផ្សងព្រេង​អស់​ច្រើន​ថ្ងៃ​មក​សហរដ្ឋអាមេរិក​នោះបាន​អះអាងថា លោក​សង្ឃឹម​និង​បួងសួង​ឲ្យ​រដ្ឋបាល​អាមេរិក​ថ្មី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ព្រំដែន​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖« ខ្ញុំ​ជឿជាក់ថា ព្រះ​នឹង​បន្ទន់ចិត្ត​លោក​ដូ​ណា​ល់ ត្រាំ​»​។​

​តាមពិតទៅ ជនអន្តោប្រវេសន៍​ម្នាក់ៗ ចំណាយលុយ អស់ ១០០០​ដុល្លារ​ម្នាក់​ដើម្បី​ឲ្យ​មេខ្យល់​នាំ​ពួកគេ​ចូល​ទឹកដី​អាមេរិក​។ ហើយ​អ្វីដែល​សំខាន់​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ ត្រូវបាន​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​ចាប់ខ្លួន​រាល់​ខែ ហើយ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​បានស្នើ​ឲ្យ​មានការ​បន្ថែម​ថវិកា​ដើម្បី​ដោះស្រាយ​និង​ទប់ស្កាត់​ការហូរចូល​នៃ​ក្រុម​ជនអន្តោប្រវេសន៍​នេះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អន្តោប្រវេសន៍​
  ម៉ិ​ក​ស៊ិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com