ជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៦២នាក់ និងត្រៀមបណ្តេញចេញពីកម្ពុជា
× ជនជាតិវៀតណាមចំនួន ៦២នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តមណ្ឌគិរី កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងចំណោមជនជាតិវៀតណាមទាំង៦២នាក់នោះ មានតែ៣នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន។ ពួកគេ ចូលមករស់នៅក្នុងប្រទេសកម្ពុជា ហើយធ្វើជាកម្មករនៅការដ្ឋានរ៉ែមួយ ដែលស្ថិតក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយឃាត់ខ្លួន សមត្ថកិច្ច ក៏បានបញ្ជូនជាតិវៀតណាមខាងលើ ទៅកាន់ច្រកទ្វាអន្តជាតិឡាប៉ាខេ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបំពេញនិតិវិធី ដើម្បីរៀបចំបញ្ជូនពួកគេ ទៅកាន់ប្រទេសវៀតណាមវិញ។ នេះបើតាមប្រភពខាងលើ ដដែល។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ជនជាតិវៀតណាមចំនួន ២៥៧០ នាក់ ដែលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវបានបណ្តេញចេញ ទៅស្រុកកំណើតវិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ។ កាលពីឆ្នាំ២០១៥ កម្ពុជា បានឃាត់ខ្លួន និងបណ្តេញជនបរទេសខុសច្បាប់ចំនួន ៦៩៧៨ នាក់ ដែលមាន៤៩សញ្ញាត។ ក្នុងនោះ ជនជាតិវៀតណាម មានចំនួន ៦២៦៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com