អន្តរជាតិ
រថភ្លើងចិនទីមួយទៅដល់អង់គ្លេសហើយ ក្រោយធ្វើដំណើរ១៧ថ្ងៃ និងឆ្លងកាត់១០ប្រទេស
× ខ្សែរថភ្លើងដឹកទំនិញដោយផ្ទាល់រវាងចិន និងអង់គ្លេស បានទៅដល់ក្រុងឡុងដ៍នៅថ្ងៃទី១៨ ខែមករា ក្រោយធ្វើដំណើរលើចម្ងាយផ្លូវដ៏ឆ្ងាយរួចមក។ សេវាកម្មរថភ្លើងផ្ទាល់ នេះបានធ្វើដំណើរឆ្លងកាត់ប្រទេសដល់ទៅ១០ លើចម្ងាយផ្លូវជាង៧៤០០គីឡូម៉ែត្រ ដោយប្រើពេល១៧ថ្ងៃឯណោះ។ សេវាកម្មរថភ្លើងនេះ នឹងជួយជំរុញទំនាក់ទំនាក់ពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនេះ តាមរយៈការកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនដ៍លើសលប់។
សេវាកម្មរថភ្លើងដំបូងគេរវាងចិន និងអង់គ្លេស បានទៅដល់គោលដៅរបស់ខ្លួនហើយ បន្ទាប់ពីធ្វើដំណើរជិត២០ថ្ងៃ។ សេវាកម្មរថភ្លើងដឹកទំនិញ The East Wind បានចេញដំណើរពីទីក្រុង Yiwu ខេត្ត Zhejiang ឆ្លងកាត់ប្រទេស១០នៅអាស៊ី និងអឺរ៉ុប លើចម្ងាយផ្លូវសរុប៧,៤៥៦ម៉ាយល៍ មុនទៅដល់គោលដៅស្ថានីយ៍រថភ្លើង Barking ភាគខាងកើតក្រុងឡុងដ៍។
កាហ្សាក់ស្ថាន, រុស្ស៊ី, បេឡារុស, ប៉ូឡូញ, អាល្លឺម៉ង់ និងបារាំងជាដើម សុទ្ធសឹងជាប្រទេសដែលរថភ្លើងដំបូងគេនេះ ឆ្លងកាត់ទាំងអស់។ រថភ្លើងដែលប្រតិបត្តការដោយក្រុមហ៊ុន Yiwu Timex Industrial Investments បានទៅដល់ក្រុងឡុងដ៍ ដោយមាន៣៤ទូ ផ្ទុកដោយខោអាវ និងទំនិញផ្សេងទៀត ដែលមានតម្លៃ៤លានផោន។ រថភ្លើងដំបូងគេ ត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីអង់គ្លេស និងប្រជាជនក្រុងឡុងដ៍ជាច្រើនដែរ។
សារព័ត៌មាន Independent ផ្សាយថា រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងឡុងដ៍ សង្ឃឹមទទួលបានផលប្រយោជន៍ច្រើនពីសេវាកម្មរថភ្លើងថ្មីនេះ ជាពិសេសការទទួលបានកំណើនសេដ្ឋកិច្ចតែម្ដង។ មួយវិញទៀតនោះ រថភ្លើងនេះ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ ដ្បិតតម្លៃដឹកជញ្ជូនថោកជាងការដឹកតាមផ្លូវអាកាស ព្រមទាំងលឿនជាងការដឹកតាមផ្លូវទឹក។ ដំបូង រថភ្លើងនេះ នឹងរត់មួយជើងក្នុងមួយសប្ដាហ៍សម្រាប់ពេលប៉ុន្មានខែខាងមុខ។ ហើយបើជោគជ័យ នឹងធ្វើដំណើរអចិន្ត្រៃយ៍តែម្ដង។
ជាមួយនឹងការមកដល់រថភ្លើងពីចិន ក្រុងឡុងដ៍ គឺជាទីក្រុងអឺរ៉ុបទី១៥ ដែលភ្ជាប់សេវារថភ្លើងជាមួយចិន។ ច្បាស់ណាស់ថា ការពង្រីកការដឹកជញ្ជូនរថភ្លើងនេះ គឺជាផ្នែកមួយនៃគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» របស់ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងការជំរុញការតភ្ជាប់ខ្សែរថភ្លើងពាណិជ្ជកម្ម និងធ្វើឲ្យរស់ឡើងវិញវិថីសូត្របុរាណ។
យ៉ាងណាក្ដី ទំហំផ្លូវរថភ្លើងខុសគ្នានៅតាមប្រទេសនីមួយៗ មានន័យថា រថភ្លើងតែមួយ មិនអាចធ្វើដំណើរលើផ្លូវតែមួយឡើយ។ ដោយសាររឿងនេះ ទូររថភ្លើង ត្រូវតែផ្លាស់ប្ដូរខ្សែរថភ្លើងជាច្រើនលើកនៅក្នុងដំណើរដឹកជញ្ជូនរបស់ខ្លួននោះ។ ប៉ុន្តែ នេះ ក៏មិនមែនជាបញ្ហាដែលអាចរាំងស្ទះការតភ្ជាប់ប្រព័ន្ធរថភ្លើងនេះដែរ៕
Tag:
ចិន
អង់គ្លេស
រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com