ជាតិ
លោក ឱម យ៉ិនទៀង ព្រមាន​មេធាវី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​
20, Jan 2017 , 1:34 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​បាន​ថ្លែង​សារ​ព្រមាន​មេធាវី​កម្ពុជា​ទាំងអស់ កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​ពេល​ការពារ​កូនក្តី​នៅក្នុង​តុលាការ ជៀសវាង​ពួកគេ​ប្រឈមមុខ នឹង​ផ្លូវច្បាប់​។​


​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​មេធាវី​អាណត្តិ​ទី​១១ និង​ចែក​វិញ្ញាបនបត្រ​ដល់​មេធាវី​ជំនា​ន់ទី ១៣ និង​ទី​១៤ នៅ​ថ្ងៃទី​១៩ មករា​នេះ ប្រធាន​អង្គភាព ACU​បាន​បង្ហើប​ប្រាប់​មេធាវី​ពេញសិទ្ធិ​ថ្មី​ជាង ៣០០​នាក់ ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​គណៈមេធាវី បាន និង​កំពុង​សហការគ្នា​ទប់ស្កាត់​យ៉ាង​ជិតស្និទ​ប្រឆាំង​អំពើពុករលួយ​ក្នុង​វិស័យ​យុត្តិធម៌ ដើម្បី​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​។​
 
​ដោយ​មេធាវី​អាច​ប្រឈម​នឹង​ច្បាប់ព្រហ្មទណ្ឌ ច្បាប់​ស្តីពី​លក្ខ​​ន្តិ​ក​ និង​ក្រមសីលធម៌​មេធាវី និង​ច្បាប់​ស្តីពី ការ​ប្រ​ឆាំ​អំពើពុករលួយ លោក​ទេសរដ្ឋមន្ត្រី​រូបនេះ បាន​លើកឡើងថា មេធាវី​មាន​សិទ្ធិ​ស្នើ​ថតចម្លង​ឯកសារ​សំណុំរឿង​ពី​តុលាការ ប៉ុន្តែ​ពួកគេ​មិនអាច​ចម្លង​បន្ត​ឲ្យ​កូនក្តី ឬ​អ្នកដទៃ​ឡើយ​។​
 
«​មេធាវី​ការពារ​ក្តី​មាន​សិទ្ធិ​តែ​ប្រាប់​ផ្ទាល់មាត់​ពីអ្វី​ដែល​ខ្លួន​បាន​ដឹងឮ​ពី​តុលាការ​ទៅ​កូនក្តី​ប៉ុណ្ណោះ ពួកគេ​មិនត្រូវ​ផ្តល់​ឯកសារ​ឲ្យ​កូនក្តី​ខ្លួន​ដាច់ខាត​»​។ លោក ឱម យ៉ិនទៀង ដែល​ធ្លាប់​បំពេញការងារ​ជា​មេធាវី បាន​រម្លឹក​មេធាវី​ពេញសិទ្ធិ​ថ្មី មុនពេល​ពួកគេ​ប្រឡូក​ក្នុង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​។​
 
​មិន​ខុស​ពីសារ​ព្រមាន​មេធាវី​ពេញសិទ្ធិ លោក ឱម យ៉ិនទៀង ក៏បាន​ព្រមាន​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ពេល​ប្រឡង​មេធាវី​នឹង​ប្រឈម​នឹង​ផ្លូវច្បាប់​ផង​។​យ៉ាងណា ACU ពុំបាន​រក​ឃើ​ង​ថា ការប្រឡង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​សាលា​មេធាវី​មាន​អំពើ​ខុស​ប្រក្រតី ឬ​ពុករលួយ ផ្ទុយ​ពី​ច្បាប់​ឡើយ​។​
 
«​ខ្ញុំ​លើក​មួយ​ចំណុច គឺថា គេ​ប្តឹង​ថា​មាន​អំពើពុករលួយ មាន​ការចែក​វិញ្ញាសារ​មុន​ការប្រឡង ប៉ុន្តែ​ពេល​យើង​ចុះ​ពិនិត្យ​ស៊ើបអង្កេត​ទៅ​គ្មាន​ការបើក​ហឹប​វិញ្ញាសារ​មុន​ទេ​។ គណៈកម្មាធិការ​ប្រឡង​បាន​បិទ​ក្រដាស​លើ​ហឹប​វិញ្ញាសារ​ត្រឹមត្រូវ​»​។ លោក ឱម យ៉ិនទៀង តប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ក្រោយ​ចុះ​ពី​វេទិកា​។​
 
​ដោយ​លោក​ពុំ​បង្ហើប​ពី​ចំនួន​បណ្តឹង​ដែល ACU បានទទួល​ពី​ជនអនាមិក​នោះ លោក​ទេសរដ្ឋមន្ត្រី របស់​រដ្ឋាភិបាល​រូបនេះ អះអាងថា ACU បានទទួល និង​បើក​ការស៊ើបអង្កេត​ករណី​បណ្តឹង​ផ្សេង​ទៀតផង​។​
 
​លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី​អាណត្តិ​ចាស់ និង​លោក សួន វិសាល ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១ ថ្មី សុទ្ធតែ​បញ្ជាក់ថា គណៈមេធាវី​ពុំទាន់​រកឃើញ​អំពើពុករលួយ ក្នុងពេល​ប្រឡង​មេធាវី​ទេ​។​
 
បើតាម​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ថ្មី​ដែល​មិន​ចង់​លឺ​ពាក្យ​«​ពុករលួយ​»​ពេល​ប្រឡង​មេធាវី ក្នុង​អាណត្តិ​ខ្លួនបច្ចុប្បន្ន កម្ពុ​ជាមាន​មេធាវី​ជាង ១​ពាន់​នាក់ ក្នុងនោះ មេធាវី​ជាង ១០០​នាក់ កំពុង​បំពេញ​អាណត្តិ​ការពារ ក្តី នៅក្រៅ​ប្រទេស​៕
 

Tag:
 ឱម យ៉ិនទៀង​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com