ជាតិ
វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ចែក​វិញ្ញាបនបត្រ ​បញ្ចប់​វគ្គ​សិក្សា​ថ្នាក់ក្រោម​ម​តេ្ត​យ្យ​សិក្សា​សម្រាប់​កុមារ​
20, Jan 2017 , 1:51 pm        
រូបភាព
ដោយ: ថ្មីៗ
​សិស្សានុសិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ក្រោម​ម​ត្តេ​យ្យ​សិក្សា​នៃ​វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង ប្រមាណ​ជាង​១០០​នាក់ បានទទួល​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា​ថ្នាក់ក្រោម​ម​ត្តេ​យ្យ​សិក្សា​សម្រាប់​កុមារ​ដោយ​ជោគជ័យ ក្រោម​អធិបតី​លោក​អគ្គនាយក​អប់រំ​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង កែវ ឡង់ឌី នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ មករា កន្លងមក​ថ្មីៗ​នេះ​។​



សូម​ជម្រាបជូន​ថា គោលបំណង​នៃ​ការបង្កើត​កម្មវិធី​បញ្ច​ប់​វគ្គ​សិក្សា និង​ចែក​វិញ្ញាបនបត្រ​សិក្សា​ដល់​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ក្រោម​ម​ត្តេ​យ្យ​សិក្សា​នេះ គឺ​ប្រារព្ធ​ឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​កុមារ​ឱ្យមាន​កម្លាំងចិត្ត​សិក្សា​ផង និង​ក៏​ជាការ​លើកទឹកចិត្ត​ដល់​អាណាព្យាបាល​សិស្ស​ដែល​តែងតែ​គាំទ្រ​គុណភាព​អប់រំ​របស់​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង រហូតមក​ដែរ​។ បន្ថែម​លើសពីនេះ គឺ​ចង់​បង្កើត​បរិយាកាស​សប្បាយៗ​ដល់​កុមារ ក៏ដូចជា​ទាញ​ចំណាប់អារម្មណ៍​ពួកគេ​ឱ្យ​រៀនសូត្រ​ប្រកបដោយ​ក្ដី​រីករាយ​។ ទោះជា​យ៉ាងនេះ​ក្តី ការរៀនសូត្រ​តាមរយៈ​ការលេង​សប្បាយ​របស់​សាលារៀន​មួយ​នេះ គឺ​ពុំមែន​បង្កើតឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ ពោលគឺ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​មុននឹង​ដាក់ឱ្យ​អនុវត្តន៍​។ នេះ​ជាការ​អះអាង​របស់​អគ្គ​នាយក​អប់រំ​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង លោក កែវ ឡង់ឌី ថ្លែង​នៅក្នុង​ឱកាស​ចែក​វិញ្ញាបនបត្រ​នោះ​។​

​ ​អគ្គនាយក​អប់រំ​រូបនោះ​បន្តថា កម្ម​វិធីចែក​វិញ្ញាបនបត្រ​លើក​នេះ គ្មានអ្វី​ខុសប្លែក​ពី​លើក​មុន​នោះទេ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​លទ្ធផល​សិក្សា​របស់​កុមារ​តូចៗ​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន ម្យ៉ាង​ពួកគេ​ថែមទាំង​មាន​សមត្ថភាព​ក្លាហាន​ក្នុងការ​និយាយ​ភាសា​អង់គ្លេស​រឹងរឹតតែ​កើនឡើង​ផងដែរ​។ នេះ​ក៏ដោយ​សារ​តែមាន​អាណាព្យាបាល​សិស្ស​ចូលរួម​សហការ និង​យកចិត្តទុកដាក់​ជាមួយនឹង​វិទ្យាស្ថាន​យ៉ាងសកម្ម និង​ផុសផុល​បំផុត​។ ស្រប​ជាមួយនឹង​គ្នា​នោះ លោក ឡង់ឌី ក៏​សម្ដែង​នូវ​សេចក្តី​រំពឹងទុក​ថា អាណាព្យាបាល​សិស្ស​នឹង​បង្កើន​ការចូល​រួមសហការ​ជាមួយនឹង​វិទ្យាស្ថាន​បន្តទៀត ដើម្បី​ជួយ​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​កុមារ​ឱ្យ​កាន់តែ​ប្រសើរឡើង​ទ្វេដង​ជា​លំដាប់​។ អ្វីដែល​ជាការ​កត់សម្គាល់​នោះ លោក​ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល​សិស្ស​ដែល​តែងតែ​គាំទ្រ និង​មាន​ទំនុកចិត្ត​មកលើ​គុណភាព សេវាកម្ម និង​វិន័យ​នៃ​គ្រឹះស្ថាន​អប់រំ​របស់លោក​ដែរ​។​

​នាឱកាស​ដ៏​រីករាយ​នោះ អាណាព្យាបាល​សិស្ស​ម្នាក់​ក្នុងចំណោម​អាណាព្យាបាល​សិស្ស​ដទៃទៀត​ដែល​បាន​ចូលរួម​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​កូនៗ​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​នោះ​គឺ​លោកស្រី យស ហាក់​វត្ថា បាន​សម្ដែង​ចំណាប់អារម្មណ៍​រីករាយ និង​កោតសរសើរ​ពី​គុណភាព​អប់រំ​នៃ​វិទ្យាស្ថាន​មួយ​នេះ​ដែលមាន​ការទទួលស្គាល់​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន ហើយ​លោកស្រី​ជឿជាក់ និង​ពោល​សរសើរ​ថា វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ពិតជា​មានគុណ​ភាពល្អ​ស្របតាម​បទដ្ឋាន​សិក្សា​ពិតៗ​។ គុណភាព​ល្អ ក៏​ព្រោះតែ​កម្មវិធី​សប្បាយៗ​មួយចំនួន មិន​ត្រឹមតែ​ធ្វើឱ្យ​កូនលោក​ស្រី​មាន​អារម្មណ៍​ស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ទាញ​ចំណាប់អារម្មណ៍​ឱ្យ​ក្មេង​ស្រវាស្រទេញ​សិក្សា​រៀនសូត្រ និង​បង្កើន​ប្រាជ្ញា​ស្មារតី​របស់​សិស្សានុសិស្ស​ទៀតផង​។ “​កូន​ខ្ញុំ​ទើបតែ​រៀន​នៅ​សាលា​នេះ​បាន​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្ដែ​ខ្ញុំ​សង្កេតឃើញថា​ការសិក្សា​របស់គាត់ ហាក់​ទទួលបាន​ជោគជ័យ​ហួស​ពី​ការរំពឹងទុក​របស់ខ្ញុំ នេះ​បញ្ជាក់ថា​ការសិក្សា​នៅ​កន្លែង​នេះ​ពិត​ជាមាន​គុណភាព និង​គួរ​ជាទី​ទុកចិត្ត​ជឿជាក់​ប្រាកដ​មែន ពោល​មិន​ធ្វើឱ្យ​ខ្ញុំ​ខុស​បំណង​ឡើយ​”​។ នេះ​ជាការ​អះអាង​បញ្ជាក់បន្ថែម​ដោយ​មោទនៈ​របស់​លោកស្រី វត្ថា​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​នោះ​ក៏មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្សានុសិស្ស​ចូលរួម​លើកទឹកចិត្ត​យ៉ាង​កុះករ​ទៀតផង​។ ក៏​គួរ​រម្លឹក​ជូន​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​វិទ្យាស្ថាន​មួយ​នេះ​បានរៀបចំ​កម្មវិធី​ចែក​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា​ភាសា​អង់គ្លេស​ដល់​សិស្ស​ថ្នាក់ក្រោម​ម​ត្តេ​យ្យ​សិក្សា​សម្រាប់​កុមារ​ដោយ​ជោគជ័យ ដែល​កាលពី​លើក​ទី​១​នោះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦៕







(​អត្ថ​បទសាលា​)


© រក្សាសិទ្ធិដោយ thmeythmey.com