កីឡាជាតិ
វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup៖ កម្ពុជា​អាច​ប៉ះ​ក្រុម​ណាខ្លះ​?
23, Jan 2017 , 11:27 am        
រូបភាព
លោក Lee Tae Hoon គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា
លោក Lee Tae Hoon គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា
ដោយ:
 
​នៅ​ទីក្រុង​អា​ប៊ី​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​៧​ល្ងាច​នេះ (​ម៉ោង​នៅ​កម្ពុជា​)​។ ក្រុម​ចំនួន​២៤ នឹងត្រូវ​បែងចែក​ជា​៨​ពូ​ល ដោយ​ក្នុង​១​ពូ​លៗ មាន​៤​ក្រុម​។​

 
​ក្រុម​ដែល​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ត្រូវបាន​បែងចែក​ជា​៤​ថ្នាក់ ដោយ​យោងតាម​លទ្ធផល​នា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ និង​ការប្រកួត​វគ្គ Play-Off កន្លងមក រួមទាំង​ផ្អែកលើ​ចំណាត់ថ្នាក់ FIFA World Rankings ក្នុង​ខែមករា ឆ្នាំ​២០១៧​។​
 
​ក្រុម​នៅក្នុង Pot 1  មាន ហ្ស៊​ក​ដង់ អូ​ម៉​ង់ ហ្វីលីពីន បា​រ៉ែ​ន គៀ​ហ្ស៊ី​ស្ថាន កូរ៉េខាងជើង​។ Pot 2 មាន ឥណ្ឌា ប៉ា​ឡេ​ស្ទី​ន តា​ហ្ស៊ី​គី​ស្ថាន វៀតណាម តួ​កមេ​នី​ស្ថាន​។ Pot 3 មាន ម៉ា​ល់​ឌី​វ លី​បង់ យ៉េ​មេន អា​ហ្វ​ហ្គា​នី​ស្ថាន ឆាយ​នី​ស​តៃប៉ិ មី​យ៉ាន់​ម៉ា​។ Pot 4 មាន ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា នេ​ប៉ាល់ ប៊ូ​តង់ ម៉ា​កាវ​។​
 
​នេ​ប៉ាល់ និង​ម៉ា​កាវ បាន​ធ្លាក់​ពី​ការប្រកួត​ជម្រុះ ប៉ុន្តែ AFC បាន​បញ្ចូល​ឈ្មោះ​ក្រុម​ទាំងពីរ​ឡើងវិញ ដោយ​នេ​ប៉ាល់​ជំនួស ហ្គា​ម ដែល​បាន​ដកខ្លួន រីឯ​ម៉ា​កាវ​ជំនួស គូ​វែ​ត ដែល​កំពុង​ជាប់​ពិន័យ​។ វត្តមាន​ឡើងវិញ​របស់ នេ​ប៉ាល់ និង​ម៉ា​កាវ ដោយសារតែ​ពួកគេ​សុទ្ធតែ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ Solidarity Cup ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ AFC​។​
 
​ពីរ​ក្រុម​ដែល​ទទួលបាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ​ពី​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup នឹង​ទទួលបាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ក្រុម​ដែល​កំពុង​រង់ចាំ​រួចជាស្រេច​រួមមាន ម្ចាស់ផ្ទះ​អារ៉ាប់​រួម​អេ​មី​រ៉េត កាតា កូរ៉េខាងត្បូង ជប៉ុន ថៃ អា​រ៉ា​ប៊ី​សា​អូឌីត អូស្ត្រាលី អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ ស៊ី​រី អ៊ីរ៉ាក់ និង​ចិន​៕
 





Tag:
 AFC Asian Cup
  ជម្រើសជាតិ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com