COVID-19
អន្តរជាតិ
ILO៖ កូ​វីដ​-១៩ ធ្វើឱ្យ​បាត់បង់​ការងារ​ពេញ​ម៉ោង​ស្មើនឹង២២៥​លាន​កន្លែង​ក្នុង​ឆ្នាំ​២០២០
26, Jan 2021 , 10:30 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នៅ​ថ្ងៃទី​២៥ ខែមករា បាន​អះអាងថា កូ​វីដ​-១៩ បាន​បំផ្លាញ​ម៉ោង​ការងារ​នៅលើ​ពិភពលោក​ជាច្រើន​លាន​ម៉ោង ដែល​ស្មើនឹង​ការបាត់បង់​ការងារ​ពេញ​ម៉ោង​ចំនួន ២២៥ លាន​កន្លែង​។ នេះ​គឺជា​វិបត្តិ​ការងារ​ដ៏​អាក្រក់​មួយ ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០ មក​។

 
​ជាង​មួយឆ្នាំ​ហើយ កូ​វីដ​-១៩ នៅតែ​បន្ត​រាលដាល​នៅ​ជុំវិញ​ពិភពលោក​។ ការបិទ​តំបន់ និង​ទីក្រុង បានធ្វើឱ្យ​ក្រុមហ៊ុន អាជីវកម្ម កន្លែង​ការងារ​មួយចំនួន ត្រូវ​ផ្អាក​បណ្តោះអាសន្ន ឬ​ក្ស័យធន​ជាដើម​។ បញ្ហា​នេះ ជា​ចំណែក​មួយ​នេះ ដែល​ជំរុញ​ឱ្យ​មនុស្ស​ជាច្រើន​បាត់បង់​ការងារ​ធ្វើ ឬ​ត្រូវ​កាត់បន្ថយ​ម៉ោង​ការងារ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ អង្គការ​ពលកម្ម​ពិភពលោក នៅ​ថ្ងៃទី​២៥ ខែមករា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ជុំវិញ​ការបាត់បង់​ការងារ និង​ការកាត់បន្ថយ​ម៉ោង​ពលកម្ម​។ បើតាម ILO ពិភពលោក​បាន​បាត់បង់​ម៉ោង​ការងារ​ចំនួន ៨,៨​ភាគរយ នៃ​ចំនួន​សរុប នៅក្នុង​ឆ្នាំ​២០២០ បើ​ធៀប​នឹង​តួលេខ​នៅ​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៩​។ ចំនួន​បាត់បង់​ម៉ោង​ការងារ​នេះ ស្មើនឹង​ចំនួន​ការងារ​ពេញ​ម៉ោង​ចំនួន ២៥៥ លាន​កន្លែង ឬ​ច្រើនជាង ៤​ដង បើ​ធៀប​នឹង​ការបាត់បង់​ការងារ​នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៩ ។​
 
​ថ្លែង​នៅក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ ប្រធាន​អង្គការ​ពលកម្ម​ពិភពលោក លោក Guy Ryder បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ គឺជា​វិបត្តិ​ការងារ​នៅក្នុង​ពិភពលោក​ដ៏​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០»​។ យ៉ាងណាមិញ អង្គការ​ILO បាន​ពន្យល់ថា ពាក់កណ្តាល នៃ​ការបាត់បង់​ម៉ោង​ការងារ​ខាងលើ ត្រូវបាន​គណនា​ចេញពី​បុគ្គលិក ដែល​ត្រូវបាន​កាត់បន្ថយ​ម៉ោង​ការងារ​ប៉ុណ្ណោះ​។ 
 
​ជាមួយគ្នា​ដែរ សេចក្តីថ្លែងការណ៍​រប​ស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ ក៏បាន​បង្ហាញ​ពី​ចំនួន​បាត់បង់​ការងារ​នៅ​ជុំវិញ​ពិភពលោក​ដែរ​។ ចំនួន​អ្នក​បាត់បង់​ការងារ​កើនឡើង​១,១​ភាគរយ ដែល​ស្មើនឹង​៣៣​លាន​នាក់​ថែមទៀត​។ អ្នក​បាត់បង់​ការងារ​ឡើងដល់ ២២០​លាន​នាក់ និង​មាន​អត្រា​គ្មាន​ការងារ​រហូតដល់ ៦,៥ ភាគរយ​នៅលើ​ពិភពលោក ក្នុង​ឆ្នាំ​២០២០​។ 
 
​ការបាត់បង់​ការងារ​ទាំងនេះ បានធ្វើឱ្យ​បាត់បង់​ប្រាក់ចំណូល​ពល​កម្ម​នៅលើ​ពិភពលោក​ចំនួន ៨,៣​ភាគរយ ហើយ​ធ្វើឱ្យ​បាត់បង់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក (GDP) ចំនួន ៤,៤​ភាគរយ ឬ​៣,៧​ទ្រី​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។ 
 
​នៅ​ទូទាំង​សកលលោក អ្នកមាន​បញ្ហា​ប្រឈម​ខ្លាំងជាងគេ គឺ​ស្ត្រី និង​យុវជន​។ អង្គការ​ពលកម្ម​ពិភពលោក បាន​បញ្ជាក់ថា ស្ត្រី​បាន​បាត់បង់​ការងារ​រហូត​ដល់ ៥​ភាគរយ បើ​ធៀប​នឹង​បុរស ដែលមាន​ចំនួន ៣,៩​ភាគរយ​។ ចំណែក​ក្រុមយុវជន ដែលមាន​អាយុ​ពី ១៥​ឆ្នាំ រហូតដល់ ២៤​ឆ្នាំ មាន​ចំនួន ៨,៧​ភាគរយ បើ​ធៀប​នឹង​ពលករ ដែលមាន​អាយុ​ចាស់​ជាង​នេះ ដែលមាន​ចំនួន ៣,៧​ភាគរយ​។ 
 
​ដោយឡែក សេវា​បដិសណ្ឋារកិច្ច និង​អាហារ បាន​រង​ការប៉ះពាល់​ខ្លាំង​ដែរ ដោយមាន​ការធ្លាក់ចុះ​នៃ​ការងារ​ច្រើនជាង ២០​ភាគរយ​។ ផ្ទុយទៅវិញ វិស័យ​ទំនាក់ទំនង​, ព័ត៌មាន​, ហិរញ្ញវត្ថុ និង​ការធានារ៉ាប់រង មានការ​កើនឡើង​។​
 
​សូមបញ្ជាក់ថា អង្គការ​ពលកម្ម​ពិភពលោក ក៏បាន​ប៉ាន់ប្រមាណ​ផងដែរ​ថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន ៤​ឬ​៥ ប្រភេទ បានផ្តល់​ក្តីសង្ឃឹម​ដល់​ពិភពលោក ដែល​អាច​ទប់ស្កាត់​ជំងឺឆ្លង​សកល​បាន​។ ប៉ុន្តែ ILO បាន​ព្រមាន​ថា ការស្តារ​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​២០២១ នេះ អាចមាន​លក្ខណៈ​យឺត មិន​ស្មើភាព និង​មិន​ច្បាស់លាស់​៕ 

Tag:
 ILO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com