អន្តរជាតិ
សភា​តំណាង បញ្ជូន​មាត្រា​ចោទប្រកាន់​លោក ត្រាំ ទៅ​ព្រឹទ្ធសភា​ហើយ
26, Jan 2021 , 11:59 am        
រូបភាព
លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
ដោយ:
​សភា​តំណាង​អាមេរិក បាន​បញ្ជូន​មាត្រា​ចោទប្រកាន់​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ មករា​។ សភា​តំណាង​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ បាន​ចោទ​លោក ត្រាំ ពីបទ​ញុះញង់​ឱ្យ​អ្នកគាំទ្រ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អាមេរិក បន្ទាប់ពី​មានការ​អុកឡុក​សភា​ដែល​កំពុង​ប្រជុំ​បញ្ជាក់​ពី​ជ័យជម្នះ​លោក​ចូ បៃ​ឌិន នៅ​ថ្ងៃទី​៦ មករា គ្រា​ដែល​លោក ត្រាំ​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី​នៅឡើយ​។​

 
​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ចំនួន​៩​រូប ដើរតួនាទី​ជា​រដ្ឋអាជ្ញា​ក្នុងការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នៅ​ថ្ងៃទី​១៣ ខែមករា សភា​តំណាង​បានអនុម័ត​ច្បាប់​ចោទប្រកាន់​ប្រធានាធិបតី ត្រាំ ។ ជា​កិច្ច​បន្ទាប់​ព្រឹទ្ធសភា​អាមេរិក នឹងត្រូវ​កាត់ក្តី​អតីត​ប្រធានាធិបតី​រូបនេះ​នៅ​ថ្ងៃទី​៩ កុម្ភៈ​។ លោក ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​តែមួយ​រូប​គត់​ដែល​ត្រូវ​សភា​ចោទប្រកាន់​ចំនួន​ពីរដង ដោយ​លើកទីមួយ​នៅ​ខែធ្នូ ឆ្នាំ​២០១៩ តែ​ត្រូវ​ព្រឹទ្ធសភា​កាត់ក្តី​ឱ្យ​រួចខ្លួន​នៅ​ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០២០​។​
 
 
​ក្នុងការ​កាត់ក្តី​នេះ លើ​បទ​ចោទ​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា​៦៧​រូប ក្នុងចំណោម​១០០​រូប ត្រូវ​បោះឆ្នោត​ថា លោក ត្រាំ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​។ ប្រធាន​អង្គជំនុំជម្រះ គឺប្រធាន​ដឹកនាំ​អង្គប្រជុំ​ព្រឹទ្ធសភា (President pro tempore of Senate) ដែល​បច្ចុប្បន្ន​ជា​លោក Patrick Leahy សមាជិក​ព្រឹទ្ធសភា​មាន​វ័យ​ចំណាស់​បំផុត​មកពី​បក្ស​ប្រជាធិបតេយ្យ​។ ក្នុងន័យនេះ លោក Leahy វ័យ​៨០​ឆ្នាំ និង​ជា​សមាជិក​ព្រឹទ្ធសភា​តាំងពី​ឆ្នាំ​១៩៧៤ នឹង​ត្រួតពិនិត្យ​ការកាត់ក្តី​នេះ​។​
 
«​ក្នុង​ប្រវត្តិសាស្ត្រ ប្រធាន​ដឹកនាំ​អង្គប្រជុំ​ព្រឹទ្ធសភា មាន​នាទី​ជា​ប្រធាន​អង្គជំនុំជម្រះ​ក្នុងការ​កាត់ក្តី​ដកតំណែង​បុគ្គល​ដែល​មិនមែនជា​ប្រធានាធិបតី​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក Leahy ចុះ​ថ្ងៃទី​២៥ ខែមករា​។ តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធាន​ក្រុម​ចៅក្រម​នៃ​តុលាការ​កំពូល មាន​នាទី​ជា​ប្រធាន​អង្គជំនុំជម្រះ​ក្នុងការ​កាត់ក្តី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​។ 
 
​ដំបូង​ឡើយ បក្ស​ប្រជាធិបតេយ្យ​ចង់​កាត់ក្តី​លោក ត្រាំ ឱ្យបាន​លឿន​បំផុត តែ​បាន​ព្រមព្រៀង​ជាមួយ​បក្ស​សាធារណរដ្ឋ​ក្នុងការ​ពន្យារពេល​ដើម្បីឱ្យ​លោក ត្រាំ អាច​ត្រៀម​ការពារ​ខ្លួន និង​ទុកពេល​ឱ្យ​ព្រឹទ្ធសភា​បោះឆ្នោត​អនុ​ម័​យ​សមាសភាព​គណៈរដ្ឋមន្ត្រី​របស់លោក បៃ​ឌិន ផង​។​
 
​លោក Jerry Nadler តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​គណៈកម្មការ​យុត្តិធម៌​សភា និយាយថា លោក ត្រាំ ត្រូវតែ​ទទួលខុសត្រូវ និង​ថា លោក​នឹង​មិនឱ្យ​លោក ត្រាំ រួចខ្លួន​ចំពោះ​ការ​ញុះញង់​បង្ករ​ហិង្សា​នៅ​វិមាន​សភា​ឡើយ​។ លោក​Nadler បញ្ជាក់ថា សភា​បានធ្វើ​ការងារ​រួចរាល់​ក្នុងការ​ចោទប្រកាន់​លោក​ត្រាំ​ហើយ​។ ពេលនេះ​ព្រឹទ្ធសភា​ត្រូវ​បញ្ចប់​ការងារ​ដោយ​ធានា​យ៉ាងណា​លោក ត្រាំ លែង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាមេរិក​ទៀត​បាន​។​
 
​បក្ស​ប្រជាធិបតេយ្យ ដែលមាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥០​រូប ត្រូវ​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​សាធារណរដ្ឋ​យ៉ាងហោចណាស់​១៧​រូប​បន្ថែមទៀត ទើប​អាច​កាត់ទោស​លោក ត្រាំ បាន​។ យោងតាម​វិសោធនកម្ម​បន្ថែម​ទី​១៤ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក បើ​ពិតជា​ត្រូវបាន​ព្រឹទ្ធសភា​រកឃើញថា មានទោស​ក្នុងការ​បះបោរ​មែន នោះ​លោក ត្រាំ នឹង​មិនអាច​ឈរឈ្មោះ​បោះឆ្នោត ឬ​កាន់តំណែង​បាន​ទៀតឡើយ​។ លោក ត្រាំ ធ្លាប់បាន​បង្ហាញ​ពី​បំណង​ក្នុង​ការបង្កើត​បក្សនយោបាយ​ថ្មី ដើម្បី​ឈរឈ្មោះ​ប្រធានាធិបតី​ឆ្នាំ​២០២៤៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com