អន្តរជាតិ
លោក បៃ​ឌិន អនុញ្ញាតឱ្យ​អ្នក​កែ​ភេទ​បម្រើកងទ័ព​ឡើងវិញ ដោយ​លុបចោល​បញ្ជា​លោក ត្រាំ​
26, Jan 2021 , 8:29 pm        
រូបភាព
ទង់LGBTQ+។ រូបភាព៖ Bloomberg
ទង់LGBTQ+។ រូបភាព៖ Bloomberg
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន បាន​ចុះ​បទបញ្ជា​ប្រតិបត្តិ​មួយទៀត ដែល​លុបចោល​ការហាម​បុគ្គល​ប្តូរ​ភេទ​មិនឱ្យ​បម្រើ​ក្នុង​កងកម្លាំង​យោធា​អាមេរិក​។ បទបញ្ជា​ប្រតិបត្តិ​ដែល​លោក​បៃ​ឌិន ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៥ មករា លុបចោល​បញ្ជា​ប្រតិបត្តិ​របស់​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​រង​ប្រតិកម្ម​ថា រើសអើង​។​

 
​ការអនុញ្ញាតឱ្យ​បុគ្គល​ប្តូរ​ភេទ​ចូល​បម្រើកងទ័ព ជា​រឿង​ដ៏​ចម្រូងចម្រាស់​មួយ​នៅ​អាមេរិក​។ លោក ចូ បៃ​ឌិន ធ្លាប់បាន​អះអាង​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថា នឹង​អនុញ្ញាតឱ្យ​បុគ្គល​ប្តូរ​ភេទ​អាច​ចូល​បម្រើកងទ័ព​វិញ ក្រោយ​ត្រូវ​លោក ដូ​ណា​ល់ ត្រាំ​ចេញ​បញ្ជា​ប្រតិបត្តិ​ហាម​ក្នុង​ឆ្នាំ​២០១៧​។ បើតាម​ការប៉ាន់ស្មាន​ដោយ​ក្រុម​តស៊ូ​មតិ​បង្ហាញថា បុគ្គល​ប្តូរ​ភេទ​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​កងទ័ព​។​
 
«​អ្វីដែល​ខ្ញុំ​កំពុងតែ​ធ្វើ គឺ​អនុញ្ញាតឱ្យ​ពលរដ្ឋ​អាមេរិក​ដែលមាន​សមត្ថភាព​បម្រើ​ប្រទេសជាតិ និង​ស្តារ​ស្ថានការណ៍​ដែល​ធ្លាប់មាន​ពីមុន​»​។ នេះ​ជាការ​លើកឡើង​របស់លោក បៃ​ឌិន នៅពេល​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដោយមាន​វត្តមាន​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ Mark Milley នាយសេនាធិការ​ចម្រុះ​នៃ​កងទ័ព​អាមេរិក​។​
 
​បទបញ្ជា​របស់លោក​បៃ​ឌិន នឹង​អនុញ្ញាតឱ្យ​បុគ្គល​គ្រប់រូប​ដែល​កំណត់​ខ្លួន​ជា​អ្នក​ប្តូរ​ភេទ​អាច​ចូល​បម្រើកងទ័ព​ដោយ​បើកចំហរ និង​អាច​កំណត់​អត្តសញ្ញាណ​ភេទ​របស់​ថែម​ទៀតផង​។ បន្ថែម​ពីនេះ​បញ្ជា​ខាងលើ ក៏​តម្រូវឱ្យ​ផ្តល់​តម្រូវការ​ចាំបាច់​ផ្នែក​ថែទាំ​សុខភាព​ទៅ​បុគ្គល​ទាំងនោះ​ផងដែរ​។ នៅ​រយៈ​៦០​ថ្ងៃ​បន្ទាប់ កងកម្លាំង​យោធា ត្រូវធ្វើ​របាយការណ៍​ស្តីពី​ការវិវត្ត និង​អនុវត្ត​បទបញ្ជា​នេះ​ទៅ​លោក​Austin រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​សេត​វិមាន​នៅ​ថ្ងៃទី​២៥ មករា លើកឡើងថា បទបញ្ជា​នេះ​ហាម​ការ​បំបែក​ដោយ​បង្ខំ ការបណ្តេញចេញ ការបដិសេធ​ការចូល​បម្រើការ​ឡើងវិញ ឬ​ការបន្ត​បម្រើការ ដោយ​ផ្អែកទៅលើ​អត្តសញ្ញាណ​ភេទ ឬ​ស្ថានការណ៍​ទាំងឡាយណា​ដែល​ទាក់ទង​ទៅនឹង​អត្តសញ្ញាណ​ភេទ​។ ដូចគ្នានេះដែរ បញ្ជា​នេះ​ក៏​តម្រូវឱ្យ​កែតម្រូវ​កំណត់ត្រា​យោធា​របស់​បុគ្គល​រូប​ណា​ដែល​ប៉ះពាល់​ដោយ​បញ្ជា​របស់លោក ត្រាំ ដែរ​។​
 
​ការសម្រេចចិត្ត​របស់​លោក បៃ​ឌិន ទទួល​បានការ​សាទរ​ខ្លាំង​។ អនុសេនីយឯក Emma Shin ប្រធាន​អង្គការ SPART*A ដែល​តំណាងឱ្យ​ទាហាន​ប្តូរ​ភេទ​និយាយថា ពេលនេះ​បុគ្គល​ទាំងនោះ​ស្ងប់ចិត្ត​ដែល​ដឹងថា ការដែល​ខ្លួន​បម្រើ​ប្រទេសជាតិ​ត្រូវបាន​មើលឃើញ ផ្តល់​តម្លៃ និង​បម្រើកងទ័ព​ក្នុងនាម​ជា​ខ្លួនឯង​ពិតៗ​។ ដូចគ្នានេះដែរ លោក Aaron Belkin នាយក Palm Centre និយាយថា រដ្ឋបាល​លោក បៃ​ឌិន ធ្វើតាម​ការសន្យា​ដោយ​ទុក​រឿង​យោធា​ផ្សេង​ពី​រឿង​នយោបាយ ដោយ​ស្តារឡើងវិញ​គោលនយោបាយ​បរិ​យាប​ន្ន​សម្រាប់​កងទ័ព​។​
 
​ត្រឡប់​ទៅ​ឆ្នាំ​២០១៧ លោក ត្រាំ បាន​អះអាងថា បញ្ជា​របស់លោក​មិនបាន​ហាមប្រាម​បុគ្គល​ប្តូរ​ភេទ មិន​ឱ្យចូល​បម្រើកងទ័ព​ឡើយ​។ ប៉ុន្តែ​បញ្ជា​នោះ​មិន​អនុញ្ញាតឱ្យ​បុគ្គល​ដែលមាន​ផែនការ​វះកាត់​ប្តូរ​ភេទ ឬ​ទទួល​អរ​ម៉ូ​ន​ប្តូរ​ភេទ​អាច​ចុះឈ្មោះ​ចូល​បម្រើកងទ័ព​។ ចំណែក​កងទ័ព​ដែល​ធ្លាប់​បម្រើការ​ពីមុន អនុញ្ញាតឱ្យ​បន្តការងារ​របស់ខ្លួន ឯ​កងទ័ព​ដែល​បង្ហាញថា ខ្លួន​ជា​បុគ្គល​ប្តូរ​ភេទ​តម្រូវឱ្យ​ប្រើប្រាស់​ភេទ​របស់ខ្លួន​ដែលមាន​ពី​កំណើត​។ 
 
​ទិន្ន័យ​របស់​ក្រសួងការពារជាតិ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ បង្ហាញថា​ទាហាន​កំពុង​បម្រើការ​ចំនួន​១​ភាគរយ ដែលមាន​ចំនួន​៨,៩៨០​នាក់​ជា​បុគ្គល​ប្តូរ​ភេទ ចំណែក​៥,៧២៧​ផ្សេងទៀត​ជា​ទាហាន​បម្រុង​៕
 

Tag:
 អាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com