សង្គមអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់បង្ហាញសមត្ថភាពទ័ពអាកាស ខណៈចិនត្រៀមធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង នាវាចម្បាំងចិនអំឡុងពេលសមយុទ្ធកាលពីឆ្នាំ២០១៦។ រូបភាព៖ AFP
× កងទ័ពអាកាសតៃវ៉ាន់ បានបង្ហាញសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន ដោយធ្វើលំហាត់សមដេញស្ទាក់យន្តហោះចម្បាំងក្នុងស្ថានការណ៍សង្គ្រាម ក្រោយពេលយន្តហោះចិនហោះចូលក្នុងដែនអាកាសខ្លួនជាញឹកញាប់។ ចំណែកចិនវិញ ក៏ប្រកាសផងដែរពីការធ្វើសមយុទ្ធក្នុងឈូងសមុទ្រក្បែរកោះហៃណាននៃសមុទ្រចិនខាងត្បូងពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា។
នៅមូលដ្ឋានទ័ពអាកាសភាគខាងត្បូងទីក្រុងTainan យន្តហោះចម្បាំងតៃវ៉ាន់ F-CK IDF ជាច្រើនគ្រឿងប្រញាប់ប្រញាល់ហោះចេញទៅលើអាកាសក្នុងលំហាត់សមស្ទាក់យន្តហោះចម្បាំងសត្រូវ។ ក្នុងលំហាត់នេះ អាកាសយានិក អ្នកជួសជុលយន្តហោះ និងអ្នកនាំផ្លូវមានពេលត្រឹមតែ៥នាទីប៉ុណ្ណោះក្នុងការរៀបចំយន្តហោះឱ្យបានរួចរាល់ ក៏ដូចជាបំពាក់អាវុធដូចជាមីស៊ីលប្រដេញបាញ់ពីអាកាសទៅដី Wan Chien ដែលផលិតក្នុងស្រុកតៃវ៉ាន់ និងមីស៊ីលប្រដេញ Sidewinders ដែលផលិតដោយអាមេរិក។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីកងទ័ពតៃវ៉ាន់និយាយថា យន្តហោះចម្បាំងតៃវ៉ាន់ តែងតែត្រៀមរួចជាស្រេចនូវកាំភ្លើងយន្ត មីស៊ីល Sidewinders និងមីស៊ីល Sky Sword ដែលផលិតក្នុងស្រុកតៃវ៉ាន់ក្នុងពេលហោះស្ទាក់ និងប្រដេញយន្តហោះចម្បាំងចិនដែលហោះចូលដែនអាកាសខ្លួន។ មន្ត្រីយោធារូបនេះ សង្កត់ធ្ងន់ថា យន្តហោះចម្បាំងតៃវ៉ាន់ មានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងយន្តហោះចម្បាំងចិនគ្រប់ពេល។
«យើង ត្រៀមខ្លួនរួចជាស្រេច។ យើងមិនបោះបង់ចំណែកណាមួយនៃទឹកដីរបស់យើងឡើយ»។ នេះជាអះអាងរបស់លោកវរសេនីយឯក Lee Ching។ លោក Lee និយាយថា កងទ័ពអាកាសតៃវ៉ាន់ទទួលបានការហ្វឹកហ្វឺនល្អ តែមានយន្តហោះចម្បាំងតិចជាចិន និងស្ថិតក្រោមសម្ពាធជាប់ជានិច្ចនារយៈពេលចុងក្រោយនេះ ព្រោះត្រូវហោះស្ទាក់យន្តហោះចម្បាំងចិន ក៏ដូចជាឃ្លាំមើលសកម្មភាពផ្សេងៗទៀតនៅជុំវិញកោះ។
ខណៈតៃវ៉ាន់ធ្វើលំហាត់សមស្កាត់យន្តហោះចម្បាំង ចិនវិញបានប្រកាសពីការធ្វើសមយុទ្ធយោធានៅឧបទ្វីប Leizhou ភាគខាងត្បូងបំផុតនៃប្រទេស។ សេចក្តីជូនដំណឹងដែលចេញរដ្ឋបាលសុវត្ថិភាពលំហរចិន បញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករាក្នុងដែនទឹកនៃឈូងសមុទ្រប៉ីពូដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ហើយហាមមិនឱ្យនាវាផ្សេងបើកកាត់តំបន់ឈូងសមុទ្រនេះឡើយ។
ចិនពុំបានបញ្ជាក់ពីលក្ខណៈនៃសមយុទ្ធដែលនឹងប្រព្រឹត្តទៅ ឬទំហំនៃសមយុទ្ធនេះឡើយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់សមយុទ្ធនេះ ធ្វើឡើងនៅជិតដែនទឹកវៀតណាម និងចំពេលដែលបក្សកុម្មុយនីស្តវៀតណាមកំពុងរៀបចំសមាជលើកទី១៣។ បន្ថែមពីនេះការប្រកាសពីសមយុទ្ធនេះ ធ្វើឡើងក្រោយពេលកងនាវាចម្បាំងអាមេរិក បានបើកកាត់កោះដែលចិនគ្រប់គ្រងក្នុងតំបន់ដែនទឹកជម្លោះនៅសមុទ្រចិនភាគខាងត្បូងកាលពីថ្ងៃទី២៣ មករា។
អាមេរិកអះអាងថាវត្តមាននៃនាវារបស់ខ្លួន ជាការអនុវត្តសេរីភាពនាវាចរណ៍ ការលើកកម្ពស់សេរីភាពដែនសមុទ្រ និងពង្រឹងសន្តិភាពលំហសមុទ្រ។ ចិនវិញអះអាងថា វត្តមាននៃយោធាអាមេរិកក្នុងសមុទ្រចិនភាគខាងត្បូងពុំអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ៕
Tag:
តៃវ៉ាន់
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com