ជាតិ
រដ្ឋាភិបាល កំណត់ចំនួនភ្ញៀវអង្គុយត្រឹម៥នាក់ ក្នុងមួយតុ នៅក្នុងពិធីមង្គលការ
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានកំណត់ចំនួនភ្ញៀវពី១០នាក់ មកត្រឹម៥នាក់ក្នុងមួយតុវិញ នៅក្នុងពិធីអាពាហ៍ពិពាហ៍ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាល។
មុនដាក់ចេញវិធានការនេះ រដ្ឋាភិបាល បានសង្កេតឃើញថា ការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅមានកម្រិតនៅឡើយ ជាពិសេសក្នុងពិធីបុណ្យ អាពាហ៍ពិពាហ៍ និងពិធីផ្សេងៗ។ រដ្ឋាភិបាល បារម្ភថា ការជួបក្នុងកម្មវិធីទាំងនេះ ជាហានិភ័យធំធេង ដែលអាចបង្កឱ្យមានការចម្លងជំងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ទៀត ក្នុងក្រុមគ្រួសារ និងសហគមន៍។
ដើម្បីពង្រឹងការអនុវត្តវិធានការនេះ ឱ្យមានប្រសិទ្ធភាព ប្រមុខរដ្ឋាភិបាល បានសម្រេចឱ្យអាជ្ញាធរមូលដ្ឋាន ចុះណែនាំពលរដ្ឋពីការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងអនុញ្ញាតឱ្យរៀបចំកម្មវិធីបុណ្យ នុងកម្មវិធីផ្សេងៗ។
បើតាមរដ្ឋាភិបាល ម្ចាស់កម្មវិធី ត្រូវបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅក្នុងគ្របច្រកចូល និងទីតាំងប្រតិបត្តិការរបស់ខ្លួន ។ ជាពិសេសត្រូវលាងដៃឱ្យញឹកញាប់ បន្ទាប់ពីប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនបរិភោគអាហារ។
មិនតែប៉ុណ្ណោះម្ចាស់កម្មវិធី ត្រូវរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបម្រើសេវាកម្មក្នុងពិធី ដោយមានគម្លាតសុវត្ថិភាពបុគ្គល ឱ្យបានយ៉ាងតិច១,៥ម៉ែត្រឡើងទៅ។ ចំណែកតុសម្រាប់ភ្ញៀវអង្គុយ ត្រូវកាត់បន្ថយពីមនុស្ស១០នាក់ មកកំណត់ត្រឹមមនុស្ស៥នាក់ ក្នុងមួយតុប៉ុណ្ណោះ។ ជាពិសេសធ្វើបដិសណ្ឋារកិច្ច ដោយលើកដៃសំពះ ហើយចៀសវាងការចាប់ដៃ ឬឱបគ្នា រួមទាំងដាក់សញ្ញាណែនាំពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាតជាដើម។ នេះបើតាមរដ្ឋាភិបាល។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដូច្នេះថា៖«អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធីអាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាល ក្នុងពេលរៀបចំកម្មវិធីសង្គមនានាឱ្យបានម៉ឹងម៉ាត់ជាទីបំផុត»។
កន្លងមករដ្ឋាភិបាល បានបន្ធូរបន្ថយវិធានការខ្លះ ដោយតម្រូវឱ្យសាលារៀនបើកដំណើរការ កម្មវិធីសង្គមបែបប្រពៃណី និងសាសនា ដោយតម្រូវឱ្យគោរពតាមវិធានការក្រសួង។ គិតត្រឹមថ្ងៃទី ២៦ មករា កម្ពុជា រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៦០ករណី ក្នុងនោះ សះស្បើយ ៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com