ជាតិ
ក្រុមអ្នកស្រាវជ្រាវ ប្រទះឃើញត្រីបាឃឿ ដ៏កម្រនៅទន្លេសាប រូបភាពពីហ្វេសប៊ុកលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល
× ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ នៃរដ្ឋបាលជលផល បានប្រទះឃើញវត្តមានត្រីបាឃឿ ជាលើកដំបូង នៅដងទន្លេសាប ចំណុចគន្លងដាយលេខ៣ កាលពីថ្ងៃទី២៥ ខែមករា។ លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានប្រាប់សារព័ត៌មានតាមទូរសព្ទថា ThmeyThmey25 ថា មិនមានឯកសារណាបញ្ជាក់ថា ត្រីបាឃឿ ធ្លាប់មាន នៅកម្ពុជានោះទេ ដូច្នេះវត្តមានរបស់វា អាចចាត់ទុកជាប្រភេទត្រីកម្រ។
លោក ថាច់ ផាណារ៉ា ពន្យល់ ប្រាប់សារព័ត៌មានThmeyThmey25 បន្ថែមដូច្នេះ៖ «ចាប់តាំងការសិក្សាស្រាវជ្រាវរបស់ខ្ញុំនៅឆ្នាំ ២០០៦ រហូតមកដល់សព្វថ្ងៃនេះ គឺមិនដែលជួបប្រទះវាទេ ហើយឯកសារ ក៏មិនបានបញ្ជាក់ថា មាននៅប្រទេសកម្ពុជាយើងដែរ នេះអាចបញ្ជាក់ថា វាទើបមានវត្តមាននៅប្រទេសយើង»។
តាមក្រុមអ្នកជំនាញ ត្រីបាឃឿ ចូលចិត្តរស់នៅក្នុងស្ថានភាពទឹកភ្លាវ និងទឹកសាប ហើយវាមានវត្តមាន នៅដីសណ្តទន្លេមេគង្គក្រោម នៃប្រទេសវៀតណាម។ ដូច្នេះត្រីនេះ បានធ្វើផ្លាស់ទីមកពីតាមដងទន្លេមេគង្គក្រោម នៃប្រទេសសវៀតណាម មកដងទន្លេសាបនៃប្រទេសកម្ពុជា។
តាមការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ នៅតាមដងទន្លេសាប និងទន្លេសាប មានត្រី ២២៨ប្រភេទ៕
Tag:
ជលផល
ទន្លេសាប
ត្រីបាឃឿ
© រក្សាសិទ្ធិដោយ thmeythmey.com