ឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងខេត្តតាកែវ ទទួលផែនការព្រហ្មទណ្ឌ រួមទាំងបក្ខពួក ត្រូវជាប់សង្ស័យពីការចាប់បង្ខាំងមនុស្ស ជម្រិតទារប្រាក់។ ពួកគេ ត្រូវបានមន្ត្រីពីក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវហើយ។
លោក ឯម វិចិត្រ អគ្គាធិការរងនិងជាអ្នកនាំពាក្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អះអាងថា មន្ត្រីជំនាញអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កំពុងតែស្រាវជ្រាវនិងស៊ើបអង្កេតលើករណីរបស់លោក ហ៊ិន សុខខេង និងបក្ខពួក។ លោក ប្រាប់ថា មកដល់ពេល ការស៊ើបអង្កេតនេះ មិនទាន់ចេញជាលទ្ធផលនៅឡើយទេ។ លោក បន្តថា នៅពេលការស៊ើបអង្កេត ត្រូវបានបញ្ចប់ ហើយទទួលបានលទ្ធផល អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នឹងផ្សព្វផ្សាយជាសាធារណៈ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ឯម វិចិត្រ ថ្លៃងថា៖«បើ [ពួកគាត់] មានទោសកំហុស យើង នឹងដាក់ពិន័យខាងរដ្ឋបាល និង ដាក់ពិន័យខាងច្បាប់»។
សារព័ត៌មានថ្មីៗ ព្យាយាមហៅទូរស័ព្ទទៅលោក ហ៊ិន សុខខេង ពីរបីដងដែរ ដើម្បីសុំការឆ្លើយតប តែលោក មិនទទួលការហៅចូលនោះទេ។
លោក អ៊ីវ លាង អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានដាក់លិខិតទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីសុំការអនុញ្ញាត ក្នុងការចុះស៊ើបអង្កេតលើលោក ហ៊ិន សុខខេង និងបក្ខពួក។ លោក អ៊ីវ លាង ជម្រាបសម្តេច ស ខេង ថា ក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹងពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សុំប្តឹងលោក ហ៊ិន សុខខេង រួមទាំងបក្ខពួក។ លោក ឯម វិចិត្រ និយាយជាមួយសារព័ត៌មាថ្មីៗថា ការចាប់ផ្តើមស៊ើបអង្កេតលើលោក ហ៊ិន សុខខេង និង បក្ខពួក គឺបន្ទាប់ពីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបានការយល់ព្រមពីសម្តេច ស ខេង។
ក្នុងលិខិតនោះ លោក អ៊ីវ លាង បរិយាយពីខ្លឹមសារនៃពាក្យបណ្តឹង ដែលប្តឹងលោក ហ៊ិន សុខខេង និងបក្ខ ថា ចាប់តាំងពីឡើងកាន់តំណែងជាស្នងការរង នៅដើមឆ្នាំ២០១៩មក លោក ហ៊ិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាង បង្កើតបក្ខពួក គំរាមកំហែង ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ លិខិតរបស់លោក អ៊ីវ លាង បានឲ្យដឹងថា នៅចុងឆ្នាំ២០១៩ លោក ហ៊ិន សុខខេង និងបក្ខពួក បានបង្ខាំងជនរងគ្រោះ ជម្រិតទារប្រាក់២០ម៉ឺនដុល្លារ និងបន្ទាប់មក នៅចុងឆ្នាំ២០១៩ដដែល ពួកគេ បន្តធ្វើសកម្មភាពនេះទៀត ដោយបង្ខាំងជនជាតិវៀតណាម៣នាក់ និងជនជាតិខ្មែរម្នាក់ ជម្រិតទារប្រាក់១០ម៉ឺនដុល្លារ ហើយថែមទាំងដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះផងដែរ។
ផ្អែកលើលិខិតរបស់លោក អ៊ីវ លាង សកម្មភាពបង្ខាំងមនុស្សលើកទី២នេះ មានបន្ថែមមន្ត្រីគនរបាលម្នាក់ទៀត ដែលបានចូលដៃចូលជើង គឺលោកវរសេនីយ៍ទោ សាក់ ទូច។ ជាមួយគ្នា នេះ មានមន្ត្រីនគរបាលម្នាក់ គឺលោកវរសេនីយ៍ទោ រស់ សេន មានឋានៈជានាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ (ទំនងជាបកប្រែភាសាវៀតណាម នៅពេលនិយាយជាមួយជនជាតិវៀតណាមទាំង៣នាក់ ដែលត្រូវបង្ខាំង)។
លោក អ៊ីវ លាង រៀបរាប់ជូនសម្តេច ស ខេង ទៀតថា រហូតដល់ដើមឆ្នាំ២០២០ តំណាងជនរងគ្រោះ២នាក់ បានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសុំឲ្យអនុវត្តច្បាប់លើមន្ត្រីនគរបាលខាងលើ និងទាមទារយកសម្ភារ ដែលមន្ត្រីនគរបាលទាំងនោះ ដកហូតពីជនរងគ្រោះ។ លោក អ៊ី លាង សរសេរក្នុងលិខិតរបស់លោកថា ជនរងគ្រោះជនជាតិវៀតណាមនោះ គឺជាអ្នកវិនិយោគ។
លោក អ៊ីវ លាង បញ្ជាក់ជូនសម្តេចរដ្ឋមន្ត្រីថា៖«តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ទៅសាកសួរដំណើររឿងបង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ។ ម្យ៉ាងទៀត លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង បានធ្វើឲ្យពលរដ្ឋក្នុងខេត្តតាកែវ ភ័យខ្លាច និងបាត់ទំនុកចិត្តលើសមត្ថកិច្ច ដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការកើតមានបទល្មើសជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រង់ចាំតែហៃអើជាមួយបទល្មើស ដោយពុំមានចំណាត់ការជាក់ស្តែងឡើយ»៕