អន្តរជាតិ
លោក ប្ល៊ីងខិន ដែលប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្ត ជាប្រមុខការទូតអាមេរិកថ្មី លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបថត AFP
× ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២៦ ខែមករា បានគាំទ្រដោយសំឡេងលើសលុបលើបេក្ខភាពលោក អាន់តូនី ប្ល៊ីងខិន (Antony Blinken) ជារដ្ឋមន្ត្រីការបរទេសថ្មី។ ការទទួលបានការគាំទ្រងាយស្រួលបែបនេះ បង្ហាញពីមតិយល់ស្របរបស់បក្សទាំងពីរលើបេក្ខភាពលោក ប្ល៊ីងខិន ។ លោកគាំទ្រគោលនយោបាយការបរទេសមួយចំនួនរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើបញ្ហាចិន និងអ៊ីស្រាអែល តែមានជំហរងាកទៅសម្ពន្ធមិត្តអាមេរិកឡើងវិញ ក្រោយរដ្ឋបាលមុនបែរខ្នងជាញឹកញាប់។
ក្នុងកិច្ចប្រជុំថ្ងៃទី២៦ ខែមករា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដោយសំឡេង៧៨យល់ព្រមទល់នឹង២២ប្រឆាំងលើបេក្ខភាពលោក អាន់តូនី ប្ល៊ីងខិន ។ លោកទទួលបានការគាំទ្រយ៉ាងងាយ បើធៀបនឹងរដ្ឋមន្ត្រីការបរទេសពីររូបរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ មានលោក រិច ធីល័រសិន និងលោក ម៉ៃ ប៉ុមប៉េអូ ។
លោក ប្ល៊ីងខិន អាយុ ៥៨ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកក្រោមអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ លោកធ្លាប់បម្រើការឲ្យលោក ចូ បៃឌិន ជិត២០ឆ្នាំ ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់លោកក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសប្រចាំព្រឹទ្ធសភាអាមេរិក ហើយចុងក្រោយ ធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃឌិន ក្នុងអាណត្តិលោកជាអនុប្រធានាធិបតី។
ក្រោយត្រូវបានជ្រើសរើសដោយលោក បៃឌិន លោក ប្ល៊ីងខិន សង្កត់ធ្ងន់លើគោលការណ៍ដាក់ខ្លួន និងការពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្តអាមេរិក ដែលប្រាសចាកទាំងស្រុងនឹងអ្វីដែលរដ្ឋបាលលោក ត្រាំ ប្រកាន់យក។ លោកក៏ប្រកាន់ជំហរលម្អៀងទៅរកផ្លូវយោធា បើពាក់ព័ន្ធជាមួយបញ្ហាសិទ្ធិមនុស្សនោះ។ លោក ប្ល៊ីងខិន គាំទ្រការត្រឡប់ចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ វិញ ក្រោយការដើរចេញក្រោមរដ្ឋបាលលោក ត្រាំ ព្រោះតែមិនពេញចិត្តនោះ។ សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ មិនសប្បាយចិត្តឡើយត្រង់ចំណុចនេះ។
ក្នុងសវនាការដេញដោលបេក្ខភាពរបស់លោកកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសរូបនេះ ប្ដេជា្ញចិត្តដោះស្រាយបញ្ហាជាមួយតួកគីឡើងវិញ។ តួកគីដែលជាសមាជិកសម្ពន្ធយោធាណាតូ ប្រែស្និទ្ធខ្លាំងនឹងរុស្ស៊ី ហើយបានទិញប្រព័ន្ធការពារទំនើបៗទៀតផង ដែលធ្វើឱ្យសមាជិកឯទៀតឃ្នើសចិត្តយ៉ាងខ្លាំង។ លើសពីនោះ លោក ប្ល៊ីងខិន ក៏គាំទ្រគោលនយោបាយរដ្ឋបាលលោក ត្រាំ លើទំនាក់ទំនងជាមួយចិន ហើយក៏គាំទ្រការដាក់ស្ថានទូតអាមេរិកនៅទីក្រុងហ្ស៊េរុយសាឡិមផងដែរ។
ក្រោយការបោះឆ្នោតនៅសភា លោក ប្ល៊ីងខិន ក៏បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកទី៧១ នៅក្រសួងការបរទេសអាមេរិក៕
Tag:
អាមេរិក
Antony Blinken
© រក្សាសិទ្ធិដោយ thmeythmey.com