កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ឯ West Ham ចូល​តំបន់ Top 4
27, Jan 2021 , 10:48 am        
រូបភាព
Manchester City ឡើងទៅ​ឈរ​កំពូល​តារាង Premier League ជំនួស Manchester United បន្ទាប់ពី​យកឈ្នះ West Bromwich Albion ក្នុង​លទ្ធផល ៥-០​។ West Ham United ដែល​ឈ្នះ Crystal Palace ៣-២ ក៏​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​រុញ Liverpool ធ្លាក់​ទៅ​លេខ​៥​វិញ​។​



​នា​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​អ់​គ្លេ​ស​សប្តាហ៍​ទី​១៩ នៅ​រាត្រី​ថ្ងៃទី​២៦ ខែមករា Man City បានធ្វើ​ឲ្យ​ក្រុម West Brom ដែលមាន​លោក Sam Allardyce ជា​អ្នកចាត់ការ ទទួលរង​ភាពអាម៉ាស់​បំផុត​។ West Brom ជា​ក្រុម​ដំបូង ក្នុងចំណោម​ក្រុម​នៃ​លី​ក​កំពូល​ទាំង​៥​នៅ​អឺរ៉ុប ដែល​របូត​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ដី​ដល់​ទៅ​៥​គ្រាប់ រដូវ​កាល​នេះ​។​
 
៥​គ្រាប់​របស់​ក្រុម​លោក Pep Guardiola ធ្វើបាន​ដោយ Ilkay Gundogan ២​គ្រាប់ Joao Cancelo, Riyad Mahrez និង Raheem Sterling ម្នាក់​មួយគ្រា​ប់​។ តាមរយៈ​ជ័យជម្នះ​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​រហស្សនាម​មេឃ​ខៀវ​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​តារាង​ពី Man Utd បណ្តោះអាសន្ន​ជាមួយ​ពិន្ទុសរុប ៤១​ពិន្ទុ​។ ឆ្លងកាត់​ការប្រកួត​១៩​លើក​ដូចគ្នា បិសាច​ក្រហម​ដែល​នៅ​លេខ​២​រកបាន​៤០​ពិន្ទុ ខណៈ Leicester City នៅ​លេខ​៣ មាន​៣៨​ពិន្ទុ​។​
 
West Ham ដែលមាន​លោក David Moyes ជា​អ្នកចាត់ការ​ទូទៅ​បាន​រំកិល​ខ្លួន​ចូល​តំបន់ Top 4 ក្រោយ​ទទួលបាន​៣​ពិន្ទុ ពី​ការ​ឈ្នះ Crystal Palace ៣-២​។ ក្រុម​រហ្សនាម​ញញួរ​រកបាន​៣៥​ពិន្ទុ ពី​ការប្រកួត​២០​លើក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​ច្រាន​ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool ទៅ​លេខ​រៀង​ទី​៥​វិញ​។ ហង្ស​ក្រហម​ហម​ដែល​ប្រកួត​១៩​លើក​រកបាន​៣៤​ពិន្ទុ​។​


 
​ដោយឡែក Arsenal វិញ ហាក់​បង្ហាញ​ភាពខ្លាំង​ឡើងវិញ ដោយ​ទទួលបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ ជ័យជម្នះ​លើ​ក្រុម Southampton ក្នុង​លទ្ធផល ៣-១ យប់មិញ​នេះ ក៏បាន​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​ឈានទៅ​កាន់​លេខ​រៀង​ទី​៨​ក្នុង​តារាង​ពិន្ទុ​លី​គ​កំពូល​អង់គ្លេស​វិញ ដោយ​ទទួលបាន​៣០​ពិន្ទុ ពី​ការប្រកួត​២០​លើក​។​
 
Leeds United ក៏បាន​យកឈ្នះ Newcastle United ២-១ ដែរ ក្នុងជំនួប​សប្តាហ៍​ទី​១៩​របស់​ពួកគេ​។ ក្រោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ក្រុម​លោក Marcelo Bielsa បាន​កើន​ដល់​២៦​ពិន្ទុ និង​ឈរ​នៅ​លេខ​រៀង​ទី​១២​បណ្តោះអាសន្ន​។ Fulham, West Brom និង Sheffield United ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com