ជាតិ
សេដ្ឋកិច្ច
ជំរឿន​២០១៩៖ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ធ្លាក់ចុះ តែ​វិស័យ​កម្មន្តសាល និង​សំណង់ កើន​
27, Jan 2021 , 7:29 pm        
រូបភាព
រូបតំណាង៖ កសិកម្មនៅខេត្តសៀមរាបម្នាក់កំពុងបោចស្មៅក្នុងរោងបន្លែកាលពីថ្ងៃទី២៤មករា ឆ្នាំ២០២១។
រូបតំណាង៖ កសិកម្មនៅខេត្តសៀមរាបម្នាក់កំពុងបោចស្មៅក្នុងរោងបន្លែកាលពីថ្ងៃទី២៤មករា ឆ្នាំ២០២១។
​ភ្នំពេញ​៖ កម្ពុជា កំពុង​អភិវឌ្ឍ​ប្រទេស​ដោយ​ផ្លាស់ប្តូរ​ពី​វិស័យ​កសិកម្ម ឆ្ពោះទៅរក​វិស័យ​ឧស្សាហកម្ម​ទំនើប និង​សម័យ​ភាវូបនីយកម្ម តាមរយៈ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​នានា​។ បើតាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ អ្នកមាន​ការងារ​ធ្វើ​ទាំងអស់​ក្នុង​វិស័យ​កសិកម្ម​បាន​ថយចុះ​អស់​១៧,៦​ភាគរយ ដែល​ផ្ទុយ​ពី​វិស័យ​កម្មន្តសាល វិស័យ​សំណង់​ស៊ីវិល និង​វិស័យ​ពាណិជ្ជកម្ម​លក់ដុំ​លក់រាយ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត មាន​កំណើន​ទៅវិញ​។

 
​យោងតាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងផែនការ នា​ព្រឹក​ថ្ងៃទី​២៦​មករា ឆ្នាំ​២០២១ ចំនួន​អ្នកមាន​ការងារ​ធ្វើ​ទាំងអស់​ក្នុង​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ បាន​ថយ​មក​នៅត្រឹម​៥៤,៧​ភាគរយ​ស្មើ​ប្រមាណ​៤,៧​លាន​នាក់ នៃ​ចំនួន​អ្នកមាន​ការងារ​ធ្វើ​សរុប​៨,៦១២,៣៦៧​នាក់​។ អត្រា​នេះ បើ​ធៀប​នឹង​លទ្ធផល​ជំរឿន​កាលពី​១១​ឆ្នាំមុន ពោល​ក្នុង​ឆ្នាំ​២០០៨ មាន​អ្នកធ្វើការងារ​លើ​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ​នេះ រហូតដល់ ៧២,៣​ភាគរយ​ស្មើនឹង​ជាង​៥​លាន​នាក់​នៃ​ចំនួន​អ្នកមាន​ការងារ​ធ្វើ​សរុប​ជាង​៦,៩​លាន​នាក់​។ 
 
​សម្រាប់​ក្រុម​វិស័យ​ការងារ​ដែលមាន​ភាគរ​យ​ខ្ពស់​និង​កំណើន​វិញ មាន​វិស័យ​កម្មន្តសាល ឬ​ផលិតកម្ម បាន​កើន​ពី​៦,២​មកដល់​១៣,៣​ភាគរយ​។ វិស័យ​ពាណិជ្ជកម្ម​លក់ដុំ​លក់រាយ​, ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត បាន​ពី​៧,៨ មកដល់​១០,៧​ភាគរយ និង​វិស័យ​សំណង់​ស៊ីវិល ក៏បាន​កើន​ពី​២ មក​៥,២​ភាគរយ​។​
 
​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ បានបញ្ជាក់​៖« អ្នកមាន​ការងារ​ធ្វើ​នៅក្នុង​វិស័យ​កម្មន្តសាល​, វិស័យ​ពាណិជ្ជកម្ម​លក់ដុំ​លក់រាយ​, ជួសជុល​យានយន្ត​-​ទោចក្រយានយន្ត និង​វិស័យ​សំណង់​ស៊ីវិល ក្នុងអំឡុង​១១​ឆ្នាំកន្លងមក គឺ​ស្ទើ​តែ​ស្មើ​បី​ភាគ​បួន​នៃ​ការងារ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ នៅ​ឆ្នាំ​២០០៨»​។ 
​កម្ពុ​ជាមាន​ពលរដ្ឋ​ជាង​១៥,៥៥​លាន​នាក់​។  ក្នុងនោះ​បុរស​មាន​ជាង​៧,៥៧​លាន​នាក់ និង​ស្ត្រី​ជិត​៨​លាន​នាក់​។ នេះ​បើតាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩​។​
 
​កាល​ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម បាន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៤,០៣៧ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​នោះ មាន​អង្ករ ផលិតកម្ម​ស្រូវ ដំឡូង​មី ស្វាយចន្ទី ស្វាយ កៅស៊ូ ចេក មៀន​ប៉ៃលិន ម្រេច​សំបុក​ត្រចៀកកាំ ផលិតផល​ជល ផលិតផល​សត្វ ផ​លិ​ល​ផល​ព្រៃឈើ និង​ទំនិញ​ផ្សេងទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ 

Tag:
 កសិកម្ម​
  ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com