ជាតិ
អ្នកនាំពាក្យ​៖ ICC-Angkor បាន​តាមដាន​យ៉ាង​លម្អិត​ពី​កិច្ចការ​ក្នុង​រមណីយដ្ឋាន​អង្គរ ទោះ​អាក់ខាន​ប្រជុំ​ព្រោះ​កូ​វីដ​-១៩
27, Jan 2021 , 9:29 pm        
រូបភាព
​សៀមរាប​៖ គណៈកម្មាធិការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បានរៀបចំ​កិច្ច​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧ នា​ថ្ងៃទី​២៦ និង​២៧ ខែមករា ឆ្នាំ​២០២១ ក្រោយ​ខកខាន​ការប្រជុំ​នៅ​ឆ្នាំ​២០២០​។ តាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ដ្បិតថា​កិច្ចប្រជុំ​នេះ​ត្រូវបាន​ពន្យារពេល និង​ខកខាន​ការជួបជុំ​ក៏ពិតមែន តែ​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ បាន​ជជែក​ពិភាក្សាគ្នា​តាមរយៈ​បណ្ដាញ​ប្រព័ន្ធ​ឌីជីថល ដើម្បី​ជជែក​លម្អិត​លើ​ការងារ​នានា​លើ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។

 
 
​ក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃទី​២៦ ខែមករា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប ដោយមាន​អ្នកជំនាញការ​ជាតិ អន្ដរជាតិ​ប្រមាណ​ជិត​១០០​នាក់ ដោយ​ភ្ជាប់​ទៅ​អ្នកជំនាញការ​អាដហុក​អន្ដរជាតិ​តាមរយៈ​ប្រព័ន្ធ Video Conference​។ ក្នុងនោះ​មាន​លេខាធិការ​វិទ្យាសាស្ដ្រ​អចិន្ដ្រៃយ៍ នា​ប្រទេស​ទុយ​នី​ស៊ី អ្នកជំនាញការ​សម្រាប់​ការងារ​អភិរក្ស ពី​ប្រទេស​បារាំង អ៊ីតាលី និង​ជប៉ុន និង​អ្នកជំនាញ​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ពី​ប្រទេស​បារាំង និង​ជប៉ុន​។​
 
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ក៏​រួមបញ្ចូល​គ្នា​ជាមួយ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​សម្បូរ​ព្រៃ​គុក ផងដែរ​។ កិច្ចពិភាក្សា​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​នា​ថ្ងៃទី​២៦​នេះ គឺ​ផ្តោតលើ​ការអភិរក្ស​នៅតាម​ការដ្ឋាន​ការងារ​ជួសជុល​មួយចំនួន មានដូចជា ការ​តាម​ការងារ​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ការជួសជុល​ព្រះ​លានជល់ដំរី ការជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទតាព្រហ្ម ការជួសជុល​ប្រាសាទទន្លេស្ងួត ក៏ដូចជា​ការងារ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​ជាដើម​។​ល​។ អ្នកជំនាញការ​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ផ្តល់​អនុសាសន៍​បន្ថែម ក៏ដូចជា​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន លើ​គម្រោង​ជួសជុល​ទាំងនោះ​៕
 
 












 
 
 

Tag:
 កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com