COVID-19
អន្តរជាតិ
ហ្វីលីពីន ហាម​ក្មេង​អាយុ​១០​ទៅ​១៤​ឆ្នាំ​មិនឱ្យ​ចេញពីផ្ទះ​ជាថ្មី ស្របពេល​រាលដាល​កូ​វីដ​-១៩ ប្រភេទ​ថ្មី
27, Jan 2021 , 4:32 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានដាក់​បម្រាម​ចេញពីផ្ទះ​ជាថ្មី​ម្តងទៀត​លើ​ក្មេងៗ​មាន​អាយុ​ចន្លោះ​ពី​១០​ទៅ​១៤​ឆ្នាំ ខណៈ​ហ្វីលីពីន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​។​

 
​ហ្វីលីពីន បានចេញ​បម្រាម​មិនឱ្យ​ក្មេង​អាយុ​១០​ទៅ​១៤​ឆ្នាំ ចេញពីផ្ទះ​តាំងពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ មក​។ ចំណែក​ក្រុម​ប្រជាជន​ដែលមាន​អាយុ​លើសពីនោះ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ចេញ​ក្រៅ​ផ្ទះ​។ យ៉ាងណាមិញ បម្រាម​នេះ មិន​ត្រូវបាន​អនុវត្ត​ឱ្យបាន​ពេញលេញ​ឡើយ ដោយ​គេ​ឃើញ​មានគ្រួសារ​មួយចំនួន អនុញ្ញាតឱ្យ​កូនៗ​ចេញ​មកលេង​នៅតាម​សួនឧទ្យាន ឬ​នៅតាម​ផ្លូវ​ដដែល​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​សប្ដាហ៍​មុន ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ របស់ រដ្ឋាភិបាល​ហ្វីលីពីន បានប្រកាស​អនុញ្ញាតឱ្យ​ក្រុម​ក្មេងៗ​ខាងលើ អាច​ចេញពីផ្ទះ​បាន ចាប់ពី​ខែ កុម្ភៈ តទៅ​។ ប៉ុន្តែ លោក ឌូ​ទើ​តេ នៅ​ថ្ងៃទី​២៥ ខែមករា ច្រាន​ចោលការ​ណែនាំ​ថ្មី​នេះ ព្រោះ​លោក​មិន​ចង់ឱ្យ ក្មេងៗ​ទទួលរង​ហានិភ័យ​ក្នុងការ​ឆ្លង​កូ​វីដ​-១៩​ប្រភេទ​ថ្មី​មកពី​ចក្រភព​អង់គ្លេស​ឡើយ​។ ហ្វីលីពីន​មាន ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទម្រង់​ថ្មី ១៧​នាក់​រួចមកហើយ រួមទាំង​ក្មេងៗ​ចំនួន​៣​នាក់​ដែរ​។ 
 
«​ចូលក្នុង​ផ្ទះ​របស់​អ្នក​វិញ ហើយ​ក្មេងៗ​នឹង​រីករាយ​ជាមួយ​ការមើល​ទូរទស្សន៍​។ ពួកគេ​អាច​នឹង​ចាប់អារម្មណ៍​ជាមួយ​ទូរទស្សន៍​ពេល​មួយថ្ងៃ​។​» ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ​ឌូ​ទើ​តេ បានលើកឡើង​ដូចនេះ នៅ​ពេលចេញ​ការហាម​ប្រាម​មិនឱ្យ​ក្មេងៗ​អាយុ​ពី​១០​ទៅ​១៤​ឆ្នាំ​ចេញពីផ្ទះ​។ លោក​អះអាងថា លោក​មានការ​ព្រួយបារម្ភ​ណាស់ ពីព្រោះ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​នេះ​ក៏​ឆ្លងទៅ​ក្មេងៗ​ដែរ​។ 
 
​ហ្វីលីពីន​បានក្លាយ​ជា​ប្រទេស​មាន​អត្រា​ឆ្លង​ច្រើនជាងគេ​មួយ​នៅក្នុង​អាស៊ីអាគ្នេយ៍ ជាមួយ​ករណី​វិជ្ជមាន​សរុប​ចំនួន ៥១៦,១៦៦​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ គិត​មក​ត្រឹម​ថ្ងៃទី​២៧ មករា​នេះ​៕

Tag:
 ហ្វីលីពីន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com