ជាតិ
អ្នកចិញ្ចឹមត្រីមួយរូបនៅស្រុកព្រៃឈរ ដាក់គោលដៅផ្គត់ផ្គង់ទីផ្សារឲ្យបាន២៥០០តោនក្នុងមួយឆ្នាំ លោក លក លឿង អ្នកចិញ្ចឹមត្រីក្នុងខេត្តកំពង់ចាម(រូបភាពពីលោក វេង សាខុន)
× លោក លក លឿង ជាអ្នកចិញ្ចឹមត្រីប្រា ពោ ឆ្ដោ និងត្រីអណ្ដែង មួយរូបនៅក្នុងឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នកសិករវ័យ ៥១ឆ្នាំរូបនេះ មានមានស្រះចិញ្ចឹមដល់ទៅ៤៤ ដែលអាចផ្គត់ផ្គង់ទៅលើទីផ្សារពី៩៥០តោន ទៅ១, ០០០តោន ក្នុងមួយឆ្នាំ។ កសិករប្រាប់សារព័ត៌មាន ThmeyThmey25 ថា លោកគ្រោងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីអាចផ្គត់ផ្គង់ត្រីឲ្យបាន ២ ៥០០តោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៣។
លោក លក លឿង ជាអ្នកចិញ្ចឹមត្រីប្រា ពោ ឆ្ដោ និងត្រីអណ្ដែង ដ៏ជោគជ័យមួយរូប ដែលមានកសិដ្ឋានចិញ្ចឹមត្រីទំហំ ២៧ហិកតា នៅក្នុងភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រយៈពេល១០ឆ្នាំហើយ ដែលកសិកររូបនេះ ចាប់យករបរចិញ្ចឹមត្រី ដោយផ្ដើមដំបូងលើផ្ទៃដី ៣ហិកតា និងមានស្រះត្រីចំនួន៥ ខណៈសព្វថ្ងៃ លោក លក លឿង មានស្រះចិញ្ចឹមដល់ទៅ៤៤ស្រះ ពង្រាយនៅលើផ្ទៃដី២៧ហិកតា។
លោក លក លឿង ប្រាប់សារព័ត៌មាន ThmeyThmey25 ថា បច្ចុប្បន្ន លោកអាចផ្គត់ផ្គង់ត្រីលើទីផ្សារប្រមាណ ៨តោនក្នុងមួយថ្ងៃ នៅក្នុងរដូវប្រមូលផល ឬប្រមាណ៩៥០តោន ទៅ១, ០០០តោន ក្នុងមួយឆ្នាំ។ បើតាមលោក លក លឿង ត្រីក្នុងកសិដ្ឋានរបស់ខ្លួន ភាគច្រើនត្រូវបានចែកចាយទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងក្នុងខេត្តកំពង់ចាមផ្ទាល់។ កសិកររូបនេះ មានបំណងពង្រីកការចិញ្ចឹមរបស់ខ្លួនចំនួន ៦ហិកតាបន្ថែមដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដែលចង់ផ្គត់ផ្គង់ត្រីឲ្យបាន ២ ៥០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ។
កន្លែងចិញ្ចឹមត្រីរបស់កសិករ
ជុំវិញតម្លៃត្រីវិញ លោក លក លឿង អះអាងបច្ចុប្បន្ននេះ មិនមានបញ្ហានោះទេ។ លោក លឿង ប្រាប់ ThmeyThmey25 ថាក្រោយចំណាត់ការបិទការនាំចូលត្រីពីប្រទេសជិតខាងកាលពីពេលកន្លងទៅ ត្រីក្នុងស្រុកបានហើបតម្លៃវិញ។ តែយ៉ាងណាក៏ដោយ កសិករ លឿង ទទួលស្គាល់ថា កសិករលក់ត្រីបានថោក នៅពេលប្រមូលផលព្រមៗគ្នា។ មានវ័យ៥១ឆ្នាំ អ្នកចិញ្ចឹមត្រីរូបនេះបានប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះ៖«យើងគ្រប់គ្នាសុទ្ធតែដឹងថាសព្វថ្ងៃទីផ្សារត្រីមានបញ្ហា តែពិបាកត្រង់តម្លៃទាបជាងមុន។ ដ្បិតតម្លៃទា បតែត្រីនៅតែអាចលក់ចេញពេលប្រមូលម្ដងៗ»។
ទោះមានបទពិសោធចិញ្ចឹមត្រីច្រើនឆ្នាំ តែលោក លក លឿង ទើបតែចូលជាសមាជិកសមាគមវារីវប្បកម្មកម្ពុជាប៉ុណ្ណោះ។ ជាសមាជិកវារីវប្បកម្មកម្ពុជា លោក លឿង មានអ្នកពិភាក្សាពីផលលំបាក ក៏ដូចជាបានទទួលបច្ចេកទេសចិញ្ចឹមត្រីបន្ថែមផងដែរ។
របរចិញ្ចឹមត្រីធ្វើឲ្យលោក លក លឿង អាចទទួលបានចំណូលច្រើន ប៉ុន្តែក៏ត្រូវចំណាយច្រើនដែរទៅលើកម្លាំងពលកម្ម និងចំណីត្រីជាដើម ខណៈក្នុងមួយឆ្នាំ លោក លក លឿង អះអាងថា លោកអាចសល់ប្រាក់ចំណេញ ពី៨-១០ម៉ឺនដុល្លារ៕
រូបភាពពីលោក វេង សាខុន
Tag:
វារីវប្បកម្ម
ចិញ្ចឹមត្រី
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com