COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19៖ មន្ត្រី​សេដ្ឋកិច្ច ពន្យល់​មូលហេតុ​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ ខណៈ​ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម នៅ​រក្សា​លេខបូក​
27, Jan 2021 , 5:16 pm        
រូបភាព
ភ្នំពេញ​៖ កូ​វីដ​-១៩ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ខ្លាំង ទៅលើ​សេដ្ឋកិច្ចពិភពលោក​។ បើ​និយាយ​ដោយឡែក​វិញ ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​ជួប​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​ដែរ លើកលែងតែ​ប្រទេស​៣​ប៉ុណ្ណោះ គឺ​វៀតណាម ឡាវ មី​យ៉ាន់​ម៉ា នៅ​រក្សា​លេខបូក​។ ចំណុច​នេះ នាំឱ្យ​មានការ​ចោទសួរ​ពី​គ្រប់គ្រង​សេដ្ឋកិច្ច​នៅ​កម្ពុជា ធៀប​ទៅ​ប្រទេស​ទាំង​៣​នេះ​។​


​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បកស្រាយ​ថា មូលហេតុ​ដែលនាំឱ្យកំណើន​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ​រហូតដល់ ដក​២​ភាគរយ (-២%) កាលពី​ឆ្នាំ​២០២០​នេះ ដោយសារ​បញ្ហា​ទេសចរណ៍ និង​លំហូរ​វិនិយោគទុន​(Foreign Direct Investment) រួមទាំង​ការបញ្ជាទិញ​ផ្នែក​ឧស្សាហកម្ម​ថមថយ ខណៈ​កូ​វីដ​-១៩ កំពុង​រាតត្បាត​។ លោក វិស្សុត បន្ថែមថា វិស័យ​ទេសចរណ៍​កម្ពុជា គឺជា​សរសេរ​ស្ដម្ភ​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ ដែល​ស្មើនឹង​១៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ខណៈដែល​លំហូរ​ទុនវិនិយោគ ១៣​ភាគរយ នៃ​GDP​។ ដោយសារ​ការធ្លាក់ចុះ​វិស័យ​ទាំងពីរ​នេះហើយ ទើប​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​ប្រឈមមុខ​បញ្ហា ស្រប​ពេលដែល​ការនាំ​ចេញទៅ​ក្រៅប្រទេស​ឡើង​រហូតដល់​១២០​ភាគរយ ។ 

សូមស្ដាប់ការបកស្រាយរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖

 
​ងាក​ទៅ​និយាយ​ពី​សេដ្ឋកិច្ច​វៀតណាម​វិញ លោក វ​ង្សី វិស្សុត ពន្យល់ថា វៀតណាម​អាច​រក្សា​លំនឹង​និង​ទប់ស្កាត់​ផលប៉ះពាល់​សេដ្ឋកិច្ច​បាន​នេះ ដោយសារ​លំហូរ​ទុនវិនិយោគ​ខ្ពស់ ពី​ក្រុមហ៊ុន​បរទេស​នៅ​ប្រទេស​ចិន ។ បើតាម​លោក វិស្សុត សេដ្ឋកិច្ច​វៀតណាម គឺ​ពឹង​ផ្អែកលើ​លំហូរ​ទុនវិនិយោគ​នេះ ជាង​ចរន្ត​ទេសចរណ៍​។ ត្រង់ចំណុច​នេះ​លោក វិស្សុត បាន​សង្កត់ធ្ងន់ថា វៀតណាម ប្រៀបដូចជា​កូនក្រមុំ​មួយរូប ដែល​រង់ចាំ​ការវិនិយោគ​ពី​ក្រុមហ៊ុន​នៅ​ចិន ខណៈដែល​ចិន​ជួប​បញ្ហា​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​អាមេរិក​កន្លងមក​។ 
 
​ចំណែក​សេដ្ឋកិច្ច​ឡាវ ក៏​អាច​រក្សា​លេខបូក​បានដែរ ព្រោះ​ឡាវ មិនមែនជា​ប្រទេស​នាំចេញ និង​មិនសូវមាន​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ធំ​ដូច​កម្ពុជា​។ មិនតែប៉ុណ្ណោះ ឡាវ ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់ រួមទាំង​តម្លៃ​រ៉ែ​មាស​ក្នុងស្រុក​មានតម្លៃ​ខ្ពស់ ដែល​អាចជួយ​ឱ្យ​ប្រទេស​មាន​តង់​ស៊ី​តេ​ប្រជាជន​ជាង​៧​លាន​នាក់​នេះ គ្រប់គ្រង​ស្ថានភាព​សេដ្ឋកិច្ច​បាន​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​បន្ថែមថា កម្ពុជា វៀតណាម និង​ឡាវ អាច​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ បាន ខណៈ​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ នៅ​មី​យ៉ាន​ម៉ា មាន​ភាពស្រពិចស្រពិល​។​
 
​ក្នុងន័យនេះ​លោក វិស្សុត បាន​បញ្ជាក់ថា ដ្បិត​ស្ថានភាព​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា នៅ​រក្សា​កម្រិត​មួយ​ល្អ​ក្តី ប៉ុន្តែ​ការ​គ្រប់​គ្រង់​ស្ថានភាព​កូ​វីដ​-១៩ មិនទាន់​ល្អ​នេះ វា​អាច​ទាញ​ទម្លាក់​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ ជាក់​ជាមិនខាន​នាពេលខាងមុខ​។​
 
​គួរ​បញ្ជាក់ថា កំណើនសេដ្ឋកិច្ច​វៀតណាម ស្ថិតនៅក្នុង​រង្វង់​ជាង​២​ភាគរយ នៃ​ទំហំ​សេដ្ឋកិច្ច ២៦០​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០២០​។ ចំណែក ឡាវ នៅ ០,៧​ភាគរយ នៃ​ទំហំ​សេដ្ឋកិច្ច ១៧​ពាន់​លាន​ដុល្លារ ខណៈ​មី​យ៉ាន់​ម៉ា នៅ​រង្វង់​១,៨ ភាគរយ នៃ​ទំហំ ៧៥​ពាន់​លាន​ដុល្លារ​។ រីឯ​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ ដក​២​ភាគរយ នៃ​ទំហំ​សេដ្ឋកិច្ច ២៧​ពាន់​លាន​ដុល្លារ ៕

Tag:
 សេដ្ឋកិច្ច​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com