ជាតិ
សង្គមជាតិ
ក្រសួង គ្រោង​ចុះបញ្ជី​អំបុក​កំពង់ធំ នំ​បញ្ចុក​សៀមរាប ស្មូន​ឆ្នាំងដី​កំពង់ឆ្នាំង អំបិល​កំពត និង​ទឹកឃ្មុំ​មណ្ឌលគិរី​
27, Jan 2021 , 11:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​ចុះបញ្ជី​ផលិតផល​ខ្មែរ​ជិត​១០​មុខ​ទៀត ដើម្បី​បញ្ចៀស​ការ​ក្លែងបន្លំ និង​សម្គាល់​ទំនិញ​នៅតាម​តំបន់​។ នេះ​បើតាម​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​។​

 
​លោក ប៉ែន សុ​វិជាតិ បាន​បញ្ជាក់ថា ក្រសួង​កំពុង​សិក្សា និង​សម្របសម្រួល​ចុះបញ្ជី​ម៉ាក​សមូហភាព​លើ​ផលិត​ខ្មែរ​៥​មុខ​រួមមាន អំបុក​កំពង់ធំ​, នំ​ប​ញ្ជុ​ក​សៀមរាប​, ចម្លាក់​ប្រាក់​ស្ពាន់​ឃុំ​កំពង់​លួង​កោះ​ចិន ខេត្តកណ្តាល​, ស្មូន​ឆ្នាំងដី ខេត្តកំពង់ឆ្នាំង និង​ពង​ទា​កូន​ស្រែ​រនោង ខេត្តតាកែវ​។ ក្រៅពី​ម៉ាក​សមូហភាព​នេះ ក្រសួង​ក៏​គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​លើទឹក​ឃ្មុំ​មណ្ឌលគិរី ,​អំបិល និង​ផ្កាអំបិល​កំពត​ផងដែរ​។ 
 
​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​រូបនេះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា ការចុះបញ្ជី​ម៉ាក​សមូហភាព និង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទាំងនោះ នឹង​ជួយ​បង្កើត​អត្តសញ្ញាណ​ទំនិញ ប្រកបដោយ​គុណភាព​តាម​តំបន់​ផលិត​ឯកទេសនីយកម្ម​នីមួយៗ និង​ធានាបាន​នូវ​ទីផ្សារ​។ 
 
«​ក្រសួង​គ្រាន់តែ​ចុះបញ្ជី​ទទួលស្គាល់​ក្នុង​បញ្ជី​ម៉ាក ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រំលោភបំពាន និង​ជួយ​ជំរុញ​ឲ្យ​ម៉ាក​ទាំងនេះ បាន​ល្បីឈ្មោះ​នៅលើ​ទីផ្សារ​។ កម្ពុជា​អាច​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​ការដាក់​ពាក្យសុំ​តែមួយ​លើក នឹង​ទទួលបាន​កិច្ចការពារ​ប្រឆាំងនឹង​ការដណ្តើមយក ការប្រើប្រាស់​គ្មាន​ការអនុញ្ញាត ការធ្វើ​ត្រាប់​តាម​»​។ នេះ​ជាការ​លើកឡើង​របស់​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​។​
 
​លោក ប៉ែន សុ​វិជាតិ បាន​បញ្ជាក់ថា ក្រសួង​កំពុង​អនុវត្ត​គម្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី អំបិល និង​ផ្កាអំបិល​កំពត ដោយមាន​កិច្ចសហការ និង​ការគាំទ្រ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) និង​គម្រោង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ថ្នាក់​តំបន់ (GI Regional Project 2021-2023)​។ ដំណើរការ​នេះ​ក៏​អាច​នឹង​ជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ពង្រីក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ផងដែរ​។ 
 
​បើតាម​លោក ប៉ែន សុ​វិជាតិ ផលិតផល​ដែល​បាន​ចុះបញ្ជី​ម៉ាក​សមូហភាព និង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​រួចហើយនោះ នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​ឡើយ​។ ប៉ុន្តែ​ផលិតផល​ខ្លះ​អាច​នឹងមាន​តម្លៃ​ខុសពី​ទីផ្សារ​បន្តិច ដោយសារតែ​ផលិតផល​ទាំងនោះ គឺ​ត្រូវ​គិតថ្លៃ​សេវា​ដឹកជញ្ជូន​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ផលិតផល​ដូចគ្នា​ដែល​ប្រើប្រាស់​ម៉ាក​សមូហភាព​មានគុណ​តម្លៃ​មិន​ខុសគ្នា​ទេ​លើ​ទីផ្សារ​។ ជួនកាល​ថ្លៃ​លក់​អាច​ល្អៀង​គ្នា​ខ្លះ​អាស្រ័យ​ដោយ​កត្តា​ផ្សេង​ដូចជា​ថ្លៃ​ដឹកជញ្ជូន​»​។  
 
​មុននឹង​ផលិតផល​ទាំងនោះ​អាច​ចុះបញ្ជី​ម៉ាក​សមូហភាព និង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ គឺ​សមាគម និង​ក្រុម​ផលិករ​ទំនិញ​ទាំងអស់ គឺ​ត្រូវមាន​លក្ខណៈសម្បត្តិ​សម្រាប់​ប្រើប្រាស់​ម៉ាក​ទំនិញ​ទាំងនោះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ែន សុ​វិជាតិ​។​
 
​សូមបញ្ជាក់ថា កន្លងមក​ផលិតផល​ខ្មែរ​មួយចំនួន​បាន​ចុះ​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ដែលមាន​ដូចជា​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ក្រូចថ្លុង​កោះ​ទ្រង់​ខេត្តក្រចេះ ស្រា​សំប៉ាញ​។ ផលិតផល គុយទាវ​ភ្នំពេញ ក៏បាន​ចុះបញ្ជី​ម៉ាក​សមូហភាព​។ ម្លិះ​អង្ករ ក៏បាន​ចុះ​ជា​ម៉ាក​វិញ្ញាតកម្ម​ទី​១​។  ក្រសួង​ក៏​គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​លើ​ក្រូចពោធិ៍សាត់ សូត្រ​មាស អង្ករ​សរីរាង្គ និង​ផលិតផល​ផ្សេងៗ​ទៀតផង​ដែរ​៕ 
 
 

Tag:
 ផលិតផល​
 ​សមូហភាព
© រក្សាសិទ្ធិដោយ thmeythmey.com