COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន​សុំទោស បន្ទាប់ពី​សមាជិកសភា​បក្ស​កាន់អំណាច​ចូល​ក្លិប​អំឡុងពេល​កូ​វីដ​-១៩ រាលដាល​
27, Jan 2021 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ EPA-EFE
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ EPA-EFE
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នៅ​ថ្ងៃទី​២៧ ខែមករា បាន​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​សមាជិកសភា​ចេញ​មកពី​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក បាន​ចូល​កម្សាន្ត​ក្នុង​ក្លិប​រាត្រី ក្នុងអំឡុងពេល​ជប៉ុន ដាក់​ខេត្ត និង​ក្រុង​ចំនួន​១១ ក្នុងស្ថានភាព​អាសន្ន​។ ការចូល​ក្លឹប​រាត្រី​របស់​សមាជិកសភា​នេះ ផ្ទុយទៅនឹង​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​កំពុង​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​។

 
 
«​ខ្ញុំ​ពិតជា​សុំទោស​ចំពោះ​បញ្ហា​កើតឡើង ស្របពេល​យើង​ស្នើ​ឲ្យ​ប្រជាជន​កុំទៅ​បរិភោគ​អាហារ​ខាងក្រៅ នៅក្រោយ​ម៉ោង ៨​យប់ និង​ចៀសវាង​ការ​ចេញទៅ​ក្រៅ ក្នុងករណី​មិនចាំបាច់​មួយចំនួន​»​។ លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ថ្លែង​បែបនេះ​ទៅកាន់​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​២៧ ខែមករា ជាការ​សុំទោស​ចំពោះ​ទង្វើ​មិន​គប្បី​របស់​សមាជិកសភា​បក្ស LDP ដែល​លោក​ជា​ប្រធាន​ផ្ទាល​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​នាយករដ្ឋមន្ត្រី សមាជិកសភា​ម្នាក់ៗ គួរ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្កើន​ការយល់ដឹង​របស់​សាធារណជន​។ 
 
​ការ​សុំទោស​របស់លោក​ស៊ូ​ហ្កា​ជា​សាធារណៈ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សមាជិកសភា​ចេញ​មកពី​បក្ស​ប្រជាធិបតេយ្យ​សេរី​ជាច្រើនរូប បាន​ចូលទៅ​កម្សាន្ត​ក្នុង​ក្លិប​រាត្រី បើទោះបី​រដ្ឋាភិបាល​បាន​អំពាវនាវ កុំ​ឲ្យ​ប្រជាជន​ដើរទៅ​ក្រៅ​ផ្ទះ​ផ្តេសផ្តាស ក្នុងអំឡុងពេល​កូ​វីដ​-១៩ ក៏ដោយ​។ កន្លងមក ជប៉ុន បានប្រកាស​ដាក់​ខេត្ត និង​ក្រុង​ចំនួន​១១ ក្នុងស្ថានភាព​អាសន្ន រហូតដល់​ថ្ងៃទី​៧ ខែកុម្ភៈ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ជំងឺឆ្លង​។ 
 
​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​អាច​នឹង​ពន្យារ​ថ្ងៃ​ដាក់​តំបន់​ក្នុងស្ថានភាព​អាសន្ន​ថែមទៀត ដោយសារ​ជំងឺឆ្លង មិនទាន់​អាច​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន​។ 
 
​ក្រៅពី​ការសុំ​ទោស​របស់​ប្រមុខ​រដ្ឋាភិបាល សមាជិកសភា ដែល​ត្រូវបាន​សារព័ត៌មាន​ជប៉ុន​ចុះផ្សាយ​ថា បាន​ចូលក្នុង​ក្លិប​រាត្រី បានចេញ​មុខមក​សុំទោស​ជា​សាធារណៈ​ជា​បន្តបន្ទាប់​។ លោក Jun Matsumoto សមាជិកសភា​មកពី​បក្ស LDP និង លោក Kiyohiko Toyama សមាជិកសភា​មក​សម្ព័ន្ធភាព​បក្ស​Komeito បានទទួល​ស្គា​ល់ពី​កាយវិការ​ខុសឆ្គង​រប​ស់​ខ្លួន​។ 
 
​ដ្បិត​មានការ​សុំទោស​ពី​សមាជិកសភា​ក្តី ប៉ុន្តែ​ប្រជាជន​ជប៉ុន​មួយចំនួន ដែល​សរសេរ​លើ​បណ្តាញ​សង្គម Twitter ពី​ភាពមិន​ពេញចិត្ត​របស់ខ្លួន និង​ទាមទារ​ឲ្យ​សមាជិកសភា​ទាំងនោះ​ចុះចេញ​ពី​តំណែង​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​Twitter ម្នាក់ បានទាមទារ​ឲ្យ​សមាជិកសភា​ទាំងនោះ ចុះ​ចេញពី​តំណែង ដោយសារតែ​អ្នក​ទាំងនោះ មិនបាន​គិតពី​ទង្វើ​របស់ខ្លួន និង​មិន​សាក​សមជា​តំណាង​របស់​សាធារណៈ​។ 
 
​សូមបញ្ជាក់ថា ជប៉ុន នៅ​ថ្ងៃទី​២៦ ខែមករា មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៣៣៣០ និង​អ្នកស្លាប់​ចំនួន ៧៤​នាក់​។ ករណី​សរុប​នៅ​ជប៉ុន​មាន​ចំនួន​ជាង ៣៦​ម៉ឺន​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ៥​ពាន់​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៣០​ម៉ឺន​នាក់​៕ 

Tag:
 ជប៉ុន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com