កីឡាជាតិ
ជាតិ
លោក នេត សាវឿន ប្តេជ្ញាជួយអភិវឌ្ឍកីឡាបាល់ទះ ដើម្បីឈានទៅជោគជ័យនៅស៊ីហ្គេម
28, Jan 2021 , 1:22 pm        
រូបភាព
លោក នេត សាវឿន (រូបក្នុងរង្វង់ខាងឆ្វេង)ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសកម្មភាពប្រកួតបាល់ទះ
លោក នេត សាវឿន (រូបក្នុងរង្វង់ខាងឆ្វេង)ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសកម្មភាពប្រកួតបាល់ទះ
ដោយ:
ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក នេត សាវឿន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទះ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានបង្ហាញពីគម្រោងរៀបចំការប្រកួតបាល់ទះដណ្តើមពានរង្វាន់ថ្នាក់ដឹកនាំធំៗចំនួនពីរនៅឆ្នាំនេះផងដែរ។



នាពិធីបិទការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរខួបជ័យជម្នះ៧មករា លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការជួយអភិវឌ្ឍកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន។ ក្រៅពីបាល់ទះក្នុងសាល ប្រធានសហព័ន្ធរូបនេះ ក៏មានគម្រោងជួយអភិវឌ្ឍន៍កីឡាបាល់ទះក្នុងសាល និងជនពិការផងដែរ។

«ក្នុងនាមសហព័ន្ធកីឡាបាល់ទះកម្ពុជា យើងសូមប្តេជ្ញាចិត្តជួយជ្រោមជ្រែងកីឡាបាល់ទះជនពិការ និងកីឡាបាល់ទះឆ្នេរខ្សាច់ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ សូមឲ្យគ្រប់អង្គភាព អ្នកដឹកនាំទាំងអស់ ក៏ដូចជាអ្នកស្នេហាកីឡាបាល់ទះចូលរួមទាំងអស់គ្នា»។ លោក នេត សាវឿន បង្ហាញការតាំងចិត្តបែបនេះនៅចំពោះមុខថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ ពេលលោកធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតខាងលើ នៅទីលាលបាល់ទះវិសាខា។

ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍កីឡាបាល់ទះនៅកម្ពុជា អគ្គស្នងការនគរបាលជាតិរូបនេះ ស្នើឲ្យក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនចូលរួមសហការជាមួយសហព័ន្ធ តាមរយៈបង្កើតក្លិបបាល់ទះ និងជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍កីឡានេះជាដើម។ ការជំរុញបែបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលធនធានកីឡាករបាល់ទះនៅកម្ពុជាឲ្យកាន់តែសម្បូរបែប ដើម្បីងាយស្រួលក្នុងការចម្រាញ់រកអ្នកមានសមត្ថភាព សម្រាប់ត្រៀមការប្រកួតនានា ពិសេសស៊ីហ្គេមឆ្នាំ២០២៣។

ជាមួយគ្នានេះ លោក ក៏បានបង្ហាញពីគម្រោងបង្កើតពានរង្វាន់បាល់ទះ ដើម្បីបង្កើតឲ្យមានសកម្មភាពប្រកួត និងផ្តល់ឱកាសឲ្យកីឡាករតាមក្លិបនានាបានបង្ហាញសមត្ថភាព ក្រោយវិស័យកីឡានេះស្ងាត់សកម្មភាពប្រកួតអស់ជាច្រើនមកនេះ។ លោក ក្រើនរំឮកឲ្យក្លិបបាល់ទះតាមក្រសួង ស្ថាប័ន និងក្រុមហ៊ុននានារៀបចំក្រុម ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់នេះ។

លោក បានបង្ហាញពីគម្រោងយ៉ាងដូច្នេះថា៖«យើងនឹងរួមគ្នាក្នុងឆ្នាំ២០២១ នេះ យើងនឹងរៀបចំយ៉ាងហោចណាស់ឲ្យបានពីរពានរង្វាន់ធំ ទី១ពានរង្វាន់សម្តេចតេជោ ដូច្នេះសុំឲ្យក្រុមទាំង៥ខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រជែងដណ្តើមពានរង្វាន់នេះ។ ទី២, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លក្ខណៈមហាជន រួមទាំងគ្រប់អង្គភាពឯកជន រដ្ឋ និងរាជធានីខេត្ត»។


លោក នេត សាវឿន ប្រគល់ពានដល់ក្រុមកីឡាករបាល់ទះវិសាខា ម្ចាស់ជើងឯកពានរង្វាន់មិត្តភាព អបអរជ័យជម្នះ ៧មករា

លោក នេត សាវឿន ចាត់ទុកការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរជ័យជម្នះ ៧ មករា មិនត្រឹមតែជាការប្រកួតដកស្រង់បច្ចេកទេសនោះទេ តែជាសក្ខីភាពបង្ហាញពីការចាប់ផ្តើមឡើងវិញនូវសកម្មភាពបាល់ទះនៅកម្ពុជា ក្រោយស្ងាត់សកម្មភាពប្រកួតអស់រយៈពេលជាច្រើនខែកន្លងមកនេះ៕







Tag:
 នេត សាវឿន
  បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com