ភ្នំពេញ៖ កម្ពុជា ស្ថិតនៅលេខ១៦០ ក្នុងចំណោមប្រទេស១៨០ នៃការវាយតម្លៃលើអំពើពុករលួយ ឆ្នាំ២០២០។រដ្ឋាភិបាល ច្រានចោលការវាយតម្លៃរបស់អង្គការតម្លាភាពនេះ ដោយចាត់ទុកថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញសន្ទស្សន៍នៃការវាយតម្លៃពុករលួយថា កម្ពុជាទទួលបានពិន្ទុ ២១ លើ១០០ពិន្ទុ ដែលជាការកើន១ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៨មក។ ១ពិន្ទុនេះហើយ ដែលនាំឱ្យកម្ពុជា ចុះពីលេខ១៦២ មកត្រឹម១៦០នេះ។
អង្គការតម្លាភាពអន្តរជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយនៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ។ កម្ពុជា ក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។
រដ្ឋាភិបាល ច្រានចោលការវាយតម្លៃរបស់អង្គការតម្លាភាពនេះថា មិនឆ្លុះបញ្ចាំងពីការពិតនោះទេ ។ លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលបានកំណែទម្រង់ច្រើន លើគ្រប់វិស័យ ដែលលុបបំបាត់អំពើពុករលួយ ហើយទាញការវិនិយោគបរទេសមកកម្ពុជាច្រើននាពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«ការកំណែទម្រង់រដ្ឋរបស់យើង វាធ្វើឱ្យប្រែក្លាយក្នុងការសុំការបណ្ដាក់ទុន និងការវិនិយោគ គឺស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័រ ដូច្នេះហើយការបង់ថ្លៃសេវា និងបង់ថ្លៃ(ពន្ធ)នានា តាមប្រព័ន្ធកុំព្យូទ័រទាំងអស់ ដូច្នេះវាធ្វើឱ្យមានតម្លាភាពត្រឹមត្រូវ។
បើតាមលោក ផៃ ស៊ីផាន ការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ក៏ជាផ្នែកមួយ ដែលជួយឱ្យកម្ពុជា លុបបំបាត់អំពើពុករលួយដែរ។ មិនតែប៉ុណ្ណោះ ពលរដ្ឋក៏អាចផ្ញើរសារទៅកាន់ទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការមិនពេញលើការផ្ដល់សេវាកម្មរបស់មន្ត្រីតាមស្ថាប័ន អង្គភាព និងមូលដ្ឋាន ដែលពុករលួយទារប្រាក់ពីពលរដ្ឋផងដែរ។
ត្រង់ចំណុចនេះ លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា មន្ត្រីខិលខូច និងពុករលួយជាច្រើននាក់ហើយ ត្រូវបានចាប់យកទៅផ្ដន្ទាទោសតាមច្បាប់ ដោយសារអំពើពុករលួយ និងរំលោភអំណាចខុសច្បាប់។«អាស្រ័យហេតុដូច្នេះហើយ ព័ត៌មាន(ពលរដ្ឋតវ៉ា)ទាំងអស់នោះ កំពុងតែដើរតួយ៉ាងសំខាន់ណាស់ ដែលធ្វើឱ្យមន្ត្រីខិលខូចហ្នឹង គឺមានសកម្មភាពកាត់បន្ថយច្រើន។ ហើយយើងឃើញរឿងមួយចំនួន មានការដាក់ទណ្ឌកម្ម និងដាក់ទោសតាមច្បាប់ ដែលពាក់ព័ន្ធនឹងការធ្វើអំពើពុករលួយឬរំលោភអំណាច។ ដូច្នេះយើងជារាជរដ្ឋាភិបាល យើងមិនធ្វើការឱ្យក្រុមណាមួយវាយតម្លៃ ឬដាក់ពិន្ទុទេ យើងមិនមែនកូនក្មេងទេ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
ចំពោះការវាយតម្លៃនេះ អង្គការតម្លាភាពអន្តរជាតិ ក៏បានមើលឃើញពីលទ្ធផលប្រសើរឡើងរបស់កម្ពុជាក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយអំពើពុករលួយក្នុងវិស័យឯកជន, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការពង្រឹងការកៀរគរធនធាន, ការជំរុញឱ្យមានរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក និងលើកកម្ពស់សេវាសាធារណៈ ជាពិសេសការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែការប្រសើរឡើងនេះមិនទាន់បានផ្លាស់ប្ដូរទស្សនៈយល់ឃើញជារួមរបស់អ្នកជំនាញ និងធុរជននោះទេ ជាពិសេសទៅលើកំណែទម្រង់រចនាសម្ព័ន្ធ និងជាប្រព័ន្ធជុំវិញបញ្ហាអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ និងការពង្រឹងនីតិរដ្ឋ ត្រូវបានចាត់ទុកថានៅមិនទាន់មានភាពប្រសើរឡើងនៅឡើយ។
«ជាក់ស្ដែង ប្រទេសកម្ពុជានៅតែទទួលបានពិន្ទុទាបខ្លាំង ក្នុងសន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០២០ និងគម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (VDEM) ឆ្នាំ២០២០ ដែលវាស់វែងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការកែលម្អនីតិរដ្ឋ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ»។ នេះបើតាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ។
ទាក់ទងការវាយតម្លៃនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ថា ទោះបីកម្ពុជា ប្រឹងប្រែងកំណែទម្រង់ និងទប់ស្កាត់កូវីដ-១៩ក្តី ប៉ុន្តែវាមិនទាន់ឆ្លើយតបពេញលេញលើការសន្សំពិន្ទុ ដើម្បីអាចទទួលបានលទ្ធផលល្អច្រើននៅឡើយទេ។
«ការបន្តទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ បង្ហាញពីកង្វះខាតជាលក្ខណៈនយោបាយ និងស្ថាប័នដែលចាក់ឫសនៅក្នុងប្រទេសមួយ។ ក្នុងអំឡុងពេលរិបត្តិកូវីដ–១៩នេះ អំពើពុករលួយកាន់តែបង្កការគំរាមកំហែងទ្វេដង ចំពោះប្រទេសជាច្រើនដែលមានសេដ្ឋកិច្ចចំណូលទាប។ ទោះបីប្រទេសកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ–១៩ ក៏ដូចជា កំណែទម្រង់រដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈក្តី ពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះបានបង្ហាញថាកម្ពុជានៅមានបញ្ហាសំខាន់ជាច្រើនទៀតដើម្បីដោះស្រាយ»។ នេះបើតាមនាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា។
តែយ៉ាងណាលោក ផៃ ស៊ីផាន ចាត់ទុករបាយការណ៍វាយតម្លៃនេះថា មាននិន្នាការអវិជ្ជមានលើកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយថា ៖«អ្នកណាអីថាទៅ! ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា វាជាការទាក់ទាញការវិនិយោគទុន យើងមើលលើតួលេខនេះវិញល្អជាង។ ហើយអ្នកគេចង់ម៉េចថាទៅ! ព្រោះគេមានគំនិតអវិជ្ជមានលើកម្ពុជា ។ ប៉ុន្តែកម្ពុជាខ្លួនឯងបានបង្ហាញពីមួយថ្ងៃទៅមួយថ្ងៃ អំពីសុច្ចរិតភាព តាមរយៈការកំណែទម្រងរបស់យើង តាមរយៈការផ្ដល់សេវាកម្ម តាមរយៈឌីជីថល ។ ដូច្នេះយើងមិនចាប់អារម្មណ៍ មិនឱ្យតម្លៃទេ ចំពោះការពិន្ទុនេះ ព្រោះគេធ្វើក្នុងទិសដៅនយោបាយដោយគ្មានគំនិតល្អមកលើកម្ពុជានោះទេ»។
នៅពេលសួរថា តើកម្ពុជា មានការតាមដានច្បាស់លាស់លើការយកប្រាក់បោះទុនវិនិយោគនៅកម្ពុជាដែរទេ? លោក ផៃ ស៊ីផាន តបថា កម្ពុជាបានសហការជាមួយភ្នាក់ងារបរទេស ក្នុងការត្រួតពិនិត្យលើលុយវិនិយោគនេះ ដើម្បីបញ្ចៀសការលាងលុយកខ្វក់ ដែលអូសទាញកម្ពុជា ធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅពុករលួយ និងការលាងលុយនេះ។
«យើងមានអង្គភាពត្រួតពិនិត្យការលាងលុយពីបរទេស ដែលគេអង្គុយនៅធនាគារជាតិកម្ពុជា ដើម្បីឃ្លាំមើលការចរាចរណ៍លុយ នេះជាសារៈសំខាន់ទី១។ ហើយទី២ យើងមានច្បាប់ប្រឆាំងការលាងលុយ។ ម្ល៉ោះហើយយើងមានទាំងយន្តការ យើងមានទាំងគោលការណ៍ច្បាប់ក្នុងការប្រឆាំងអំពើពុករលួយ»។ នេះបើតាមលោក ផៃ ស៊ីផាន ដែលបានបញ្ជាក់ថា កម្ពុជា បានសហការជាមួយអាមេរិក និងអូស្ត្រាលី ក្នុងឃ្លាំមើលការចរាចរណ៍ប្រាក់វិនិយោគពីបរទេសនេះ។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំការអត្ថាធិប្បាយជុំវិញសកម្មភាពលុបបំបាត់ពុករលួយ ឆ្លើយតបនឹងរបាយការណ៍អង្គការតម្លាភាពបានទេ។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២០ ធ្វើចំណាត់ថ្នាក់លេខរៀងចំពោះប្រទេស និងដែនដី សរុបចំនួន ១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន ១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃ និងទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនានា។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ។
ក្នុងនោះរួមមាន៖ ១.ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ,២. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ,៣. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី , ៤. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ,៥. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ,៦. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ,៧. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann និងទី៨. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ដែលធ្វើចំណាត់ថ្នាក់លេខរៀងលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈទៅតាមប្រទេស និងដែនដីនីមួយៗនៅលើសកលលោក តាមរយៈការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។
គួរបញ្ជាក់ថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៦២ ដោយទទួលបានពិន្ទុ២០ លើ១០០ពិន្ទុ កាលពីឆ្នាំ២០១៩ ។ ចំពោះការវាយតម្លៃពិន្ទុ២១ នៅឆ្នាំ២០២០នោះ បាននាំឱ្យកម្ពុជា ចុះមកកាន់លេខ១៦០វិញ ក្នុងចំណោម១៨០ប្រទេស៕