អន្តរជាតិ
រដ្ឋបាល​លោក បៃ​ឌិន ផ្អាក​គម្រោង​លក់​អាវុធ​ឱ្យ​សម្ព័ន្ធមិត្ត​ពីរ​នៅ​មជ្ឈិមបូព៌ា
28, Jan 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
ដោយ:
រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី ចូ បៃ​ឌិន នៅ​ថ្ងៃទី​២៧ មករា បាន​សើរើ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយ​ផ្ដើម​ពី​ការប្រកាស​ការផ្អាក​គម្រោង​លក់​យន្តហោះ​ចម្បាំង​F-35 ដល់​អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​អាវុធ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​។ បន្ថែម​ពីនេះ អាមេរិក​ក៏​សម្លឹងមើល​លទ្ធភាព​ផ្តើម​ចរចា​ជាមួយ​អ៊ីរ៉ង់​ឡើងវិញ​រឿង​នុយក្លេអ៊ែរ ក៏ដូចជា​ពិនិត្យ​ទៅ​មើល​សង្គ្រាមស៊ីវិល​នៅ​យេ​ម៉ែន​ផងដែរ​។​

 
​សម្រាប់​មជ្ឈិមបូព៌ា ការដោះស្រាយ​វិបត្តិ​នៅ​យេ​ម៉ែន ជា​អាទិភាព​របស់​ប្រមុខ​ការទូត​អាមេរិក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៧ ខែមករា លោក ប្ល៊ី​ង​ខិ​ន ដែល​ទើប​ចូលកាន់​តំណែង​និយាយថា អាទិភាព​ដំបូងបង្អស់​របស់លោក​គឺ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​យេ​ម៉ែន ដែល​សម្ព័ន្ធមិត្ត​អាមេរិក​រួមមាន​អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​អា​រ៉ា​ប៊ី​សា​អូឌីត លូកដៃ​ជ្រៅ​ក្នុង​សង្គ្រាមស៊ីវិល​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​
 
«​យើង​បានឃើញ​យុទ្ធនាការ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​រួមចំណែក​ឱ្យមាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្ល៊ី​ង​ខិ​ន ដែល​បន្តថា អាមេរិក​ចាំបាច់​ត្រូវតែ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​យេ​ម៉ែន​។ នៅ​ប្រទេស​នេះ មនុស្ស​ប្រមាណ​២៤​លាន​នាក់​រស់​អាស្រ័យ​ទៅនឹង​ជំនួយ​ពី​បរទេស ដោយសារតែ​សេដ្ឋកិច្ច​ដួលរលំ និង​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល​រាប់​ឆ្នាំ​មកហើយ​។​
 
​ជា​ផ្នែក​មួយ​នៃ​ការដោះស្រាយ​បញ្ហា ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ផ្អាក​ជា​បណ្តោះអាសន្ន​គម្រោង​លក់​អាវុធ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ការលក់​យន្តហោះ​ចម្បាំង F-35 ដែលមាន​តម្លៃ​២៣​ពាន់​លាន​ដុល្លារ​ឱ្យ​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ផងដែរ​។ អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​លក់​យន្តហោះ​ចម្បាំង F-35 ឱ្យ​អេ​មី​រ៉ាត់​អារ៉ាប់​រួម ក្រោយ​ប្រទេស​នេះ​សម្រេច​ទទួលស្គាល់ និង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​។ 
 
​លោក Al Otaiba ឯកអគ្គរដ្ឋទូត​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ប្រចាំ​អាមេរិក​និយាយថា ការលក់​យន្តហោះ F-35​ឱ្យ​ខ្លួន នឹង​នាំឱ្យ​ប្រទេស​នេះ​មាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​តំបន់​ដើម្បី​សន្តិសុខ​សមូហភាព ជួយ​អាមេរិក​ឱ្យ​មានឱកាស​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង ហើយ​ត្រូវបាន​គាំទ្រ​ដោយ​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​ផង​។ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​ប​ក្ស​ប្រជាធិបតេយ្យ​មួយចំនួន​បារម្ភ​ខ្លាច​ការលក់​យន្តហោះ​នេះ បណ្តាលឱ្យមាន​ការប្រកួត​ប្រជែង​សព្វាវុធ​កាន់តែខ្លាំង​ឡើង​ជាមួយ​អ៊ីរ៉ង់​។​
 
​ចំពោះ​ការផ្អាក​នេះ លោក ប្ល៊ី​ង​ខិ​ន អះអាងថា ជា​រឿង​ធម្មតា​សម្រាប់​រដ្ឋបាល​ថ្មី ដើម្បី​ធានាថា ការលក់​អាវុធ​បម្រើ​គោលនយោបាយ​ការបរទេស​អាមេរិក​។ បន្ថែម​ពីនេះ លោក​ក៏​សន្យា​បញ្ចប់​ការគាំទ្រ​យោធា​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត និង​ពិចារណា​ឡើងវិញ​ចំពោះ​ការដាក់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ជា​ក្រុម​ភេរវជន​ផងដែរ​។ 
 
​ប្រមុខ​ការបរទេស​អា​មេ​រិ​ក ក៏​មិន​ភ្លេច​និយាយ​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើយ ។ លោក ប្ល៊ី​ខិ​ន បញ្ជាក់ថា រដ្ឋបាល​របស់លោក បៃ​ឌិន ចង់​ត្រឡប់​ទៅ​ចូល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​វិញ ដែល​លោក ត្រាំ បាន​ដកខ្លួន​ក្នុង​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ប្រមុខ​ការបរទេស​រូបនេះ បដិសេធ​ដាច់ខាត​ការទាមទារ​របស់​អ៊ីរ៉ង់​ដែល​តម្រូវឱ្យ​អាមេរិក​ធ្វើ​សម្បទាន​ជាមុន​។ លោក​ថា អ៊ីរ៉ង់​ល្មើស​ទៅនឹង​កាតព្វកិច្ច​របស់ខ្លួន ឯ​អាមេរិក​នឹង​វាយតម្លៃថា តើ​អ៊ីរ៉ង់​ពិតជា​បាន​បំពេញ​កាតព្វកិច្ច​ដល់ក​ម្រិ​ត​ណា ទើប​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យបាន​សមស្រប​តាម​នឹង​ដែរ​។​
 
​សូមបញ្ជាក់ថា អ៊ីរ៉ង់​ចាប់ផ្តើម​កាត់បន្ថយ​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដូចជា​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូំ បន្ទាប់ពី​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង និង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​។ ការសម្រេចចិត្ត​របស់​លោក ត្រាំ នៅ​គ្រានោះ​រង​ការរិះគន់ និង​ប្រឆាំង​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប ក៏ដូចជា​រុស្ស៊ី និង​ចិន​ផងដែរ​៕
 
 

Tag:
 អាន់​តូ​នី ប្ល៊ី​ង​ខិ​ន​
  អាមេរិក​
  អ៊ីរ៉ង់​
  យេ​ម៉ែន​
 ​អេ​មី​រ៉ាត់​អារ៉ាប់​រួម​
 ​អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com