COVID-19
អន្តរជាតិ
វៀតណាម​មាន​ករណី​កូ​វីដ​-១៩​ចំនួន​៨១​បន្ថែម​នៅថ្ងៃនេះ បន្ទាប់ពី​រកឃើញ​ករ​ណី​ឆ្លង​ក្នុងស្រុក​ពីរ
28, Jan 2021 , 3:47 pm        
រូបភាព
ការធ្វើតេស្តជំងឺកូវីដ-១៩ នៅវៀតណាម។ រូបភាណ៖ VN Express
ការធ្វើតេស្តជំងឺកូវីដ-១៩ នៅវៀតណាម។ រូបភាណ៖ VN Express
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់ថា មនុស្ស​ចំនួន​៨១​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ ខែមករា​។ មនុស្ស​ទាំង​៨១​នាក់​នេះ សុទ្ធសឹង​មាន​ទំនាក់ទំនង​ជាមួយ​ករ​ណី​វិជ្ជមាន​ចំនួន​២​ដែល​រកឃើញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​។ ករណី​ឆ្លង​ទាំង​៨១​នេះ ជាការ​ឆ្លង​ក្នុងស្រុក​ដំបូង​ក្នុង​រយៈពេល​ជិត​២​ខែ និង​ចំពេល​ដែល​បក្ស​កុម្មុយនីស្ត​វៀតណាម​កំពុងបើក​សមាជ​លើក​ទី​១៣ របស់ខ្លួន​។​



​លោក Nguyen Thanh Long រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម​ប្រកាស​ពី​ចំនួន​ករណី​ឆ្លង​៨១​ថ្មី​នេះ ក្នុង​កិច្ចប្រជុំ​មន្ត្រី​សុខាភិបាល​។ ករណី​ឆ្លង​ក្នុងស្រុក​ថ្មី នេះ​កើតឡើង​រយៈពេល​២​សប្តាហ៍​មុន​ពិធីបុណ្យ​ចូលឆ្នាំ​វៀតណាម​។ គិត​ត្រឹម​ថ្ងៃទី​២៧ មករា វៀតណាម​មាន​ករណី​ឆ្លង​ចំនួន​១,៥៥១​ករណី និង​ស្លាប់​ចំនួន​៣៥ ក្នុងប្រទេស​ដែលមាន​ប្រជាជន​ជាង​១០០​លាន​នាក់​។​
 
 
​ក្រោយ​រកឃើញ​ករណី​ថ្មី​ចំនួន​៨១​បន្ថែម​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជា​ឲ្យ​រដ្ឋបាលខេត្ត និង​ទី​ភ្នាក់ងាររដ្ឋ​ពង្រឹង​ការត្រួតពិនិត្យ និង​ស្វែងរក​ជំងឺ​កូ​វីដ​-១៩​។ មន្ត្រី​សុខាភិបាល​ចាប់ផ្តើម​ស្វែងរក​ប្រភព​ចម្លង​នៃ​ជំងឺ​នេះ​នៅ​ខេត្ត Hải Dương និង Quảng Ninh នៅ​ភាគ​ខាងជើង ទី​ដែល​ករណី​ឆ្លង​ថ្មី​បំផុត​ចំនួន​ពីរ​ត្រូវបាន​រកឃើញ​។ ករណី​ឆ្លង​មួយ ក្នុងចំណោម​ករណី​ដំបូង​ចំនួន​ពីរ ត្រូវបាន​រកឃើញថា​មកពី​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ដែលមាន​ប្រភពពី​អង់គ្លេស​។ 
 
«​យើង​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​កំណត់​ទីតាំង នៃ​ការឆ្លង​នេះ​ក្នុង​រយៈពេល​១០​ថ្ងៃ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Vu Duc Dam ប្រធាន​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល​វៀតណាម​។ ជា​វិធានការ​បន្ទាន់ ស្រុក​ចំនួន​មួយ​នៅក្នុង​ខេត្ត Hai Duong ត្រូវបាន​បិទ​ហាម​មិន​ឲ្យ​ចេញចូល​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News ។​
 
​ក្រោយ​មាន​ករណី​ឆ្លង​នេះ​ភ្លាម​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក បើក​កិច្ចប្រជុំ​មួយ​ផ្សេងទៀត​ជាមួយ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឹ​កូ​វីដ​-១៩ ខណៈ​សមាជ​បក្ស​កំពុង​ធ្វើឡើង​។​
​នៅ​ខេត្ត Hải Dương អ្នកជំងឺ​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន ជា​ស្ត្រី​វ័យ​៣៤​ឆ្នាំ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ខេត្ត​នេះ​។ ស្ត្រី​រូបនេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​ពេលទៅដល់​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ បើតាម​ក្រសួងសុខាភិបាល​វៀតណាម ជប៉ុន​បាន​ជូនដំណឹង​ពី​ការរកឃើញ​របស់ខ្លួន ហើយ​វៀតណាម ក៏​រួសរាន់​តាមរក​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​រូបនេះ​។​
 
​ចំណែក​ករណី​ថ្មី​នៅ​ខេត្ត Quảng Ninh ជា​បុរស​វ័យ​៣១​ឆ្នាំ ដែល​ធ្វើការ​នៅ​ព្រលានយន្តហោះ​ក្នុង​ខេត្ត​នេះ​។ បុរស​រូបនេះ ជា​អ្នកសម្របសម្រួល​អ្នកដំណើ​រ​មាន​កូ​វីដ​-១៩ ទៅកាន់​កន្លែង​ធ្វើ​ព្យាបាល​។ យោងតាម​ក្រសួងសុខាភិបាល​វៀតណាម​បុរស​រូបនេះ បានធ្វើ​ដំណើរ​ទៅ​ទីកន្លែង​សាធារណៈ​ដែល​ក្នុងនោះ​រួមមាន​មន្ទីរពេទ្យ​ផងដែរ​។ 
 
​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំ​ក្នុងស្រុក​វៀតណាម​កើតឡើង​ក្នុង​ខែមេសា មុន​អស់​ទៅវិញ​រយៈពេល​ជាង​១០០​ថ្ងៃក្រោយ​។ វៀតណាម ក៏​រកឃើញ​ករណី​ថ្មី​ទៀត​នៅ​ដា​ណា​ង​នា​ខែកក្កដា និង​ករណី​មួយចំនួន​តូច​នៅ​ដើមខែ​ធ្នូ នៅ​ទីក្រុង​ហូជីមិញ​៕

Tag:
 ​វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com