​ប្រមុខ​ការទូត​អាមេរិក​ថ្មី​៖ ភាពជា​សត្រូវ ការប្រកួតប្រជែង និង​កិច្ចសហប្រតិបត្តិការ​ជា​ទំនាក់ទំនង​អាមេរិក​-​ចិន​
អន្តរជាតិ
​ប្រមុខ​ការទូត​អាមេរិក​ថ្មី​៖ ភាពជា​សត្រូវ ការប្រកួតប្រជែង និង​កិច្ចសហប្រតិបត្តិការ​ជា​ទំនាក់ទំនង​អាមេរិក​-​ចិន​
28, Jan 2021 , 5:29 pm        
រូបភាព
លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AFP
​ភាពជា​សត្រូវ ការប្រកួតប្រជែង និង​កិច្ចសហប្រតិបត្តិការ ជា​ទំនាក់ទំនង​អាមេរិក​-​ចិន​។ នេះ​ជាការ​មើលឃើញ​របស់លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី​។ បើតាម​លោក ប្ល៊ី​ង​ខិ​ន រដ្ឋបាល​អាមេរិក​ថ្មី​របស់លោក ចូ បៃ​ឌិន មានបំណង​សហការ​ជាមួយ​ចិន​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​រួម​ដទៃទៀត តែ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ ភាគី​ទាំងពីរ នៅតែ​ប្រឈមមុខ​ដាក់គ្នា​ដដែល​។​

 
​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ដំបូង​ជា​ប្រមុខ​ការបរទេស​អាមេរិក លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន លើកឡើងថា​ទំនាក់ទំនង​អាមេរិក និង​ចិន សឹងតែ​ត្រូវ​ចាត់ទុកជា​ទំនាក់ទំនង​មួយ​យ៉ាងសំខាន់​ក្នុង​ពិភពលោក​ទៅហើយ​។ លោក ប្ល៊ី​ង​ខិ​ន និយាយថា មួយផ្នែក​នៃ​ទំនាក់ទំនង​នេះ​មាន​ភាពជា​សត្រូវ ការប្រកួតប្រជែង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ផងដែរ​។ លោក​លើកឡើង​ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ ដែលជា​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​។​
 
 
 
 
«​ក្នុង​បរិបទ​ដ៏​ទូលំទូលាយ​នៃ​គោលនយោបាយ​ការបរទេស មាន​បញ្ហា​ជាច្រើន​ដែល​យើង​មាន​ជាមួយ​ចិន ហើយ​ជា​បញ្ហា​ដែល​យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ប្ល៊ី​ង​ខិ​ន ក្នុង​សន្និសីទ​ថ្ងៃទី​២៧ ខែមករា​។ លោក​សង្ឃឹមថា អាមេរិក និង​ចិន អាច​ដោះស្រាយបាន​បញ្ហា​ដែលមាន​រួមគ្នា​។ 
 
​យ៉ាងណាមិញ មហាអំណាច​ទាំងពីរ មានរឿង​ជាច្រើន​ដែល​មិនត្រូវ​គ្នា ហើយ​ទាស់​គ្នា​ជារឿយៗ​ផង​ដូចជា​សិទ្ធិមនុស្ស​ជាដើម​។ រឿង​សិទ្ធិមនុស្ស​នេះ លោក ប្ល៊ី​ង​ខិ​ន ប្រកាន់​ជំហរ​យល់ឃើញ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ភាគតិច​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​ជាការ​ប្រល័យពូជសាសន៍​។ ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់​បែបនេះ ជាការ​ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​របស់​អ្នកសារព័ត៌មាន​លើ​កិច្ចសហប្រតិបត្តិការ​អា​មេ​រិ​ក​-​ចិន ក្រោយ​អតីតរដ្ឋមន្ត្រី​ការ​បរ​ទស​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា ចិន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​។​
 
​ខណៈ​រដ្ឋបាល​លោក បៃ​ឌិន បាន​សន្យាថា នឹង​ចាត់វិធានការ​ក្ដៅ​ក្នុងការ​ប្រកួតប្រជែង​នឹង​ចិន អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​ដែលមាន​ទំនោរ​ប្រឆាំង​ចិន បារម្ភ​ថា លោក បៃ​ឌិន អាច​នឹងធ្វើ​សម្បទាន និង​បន្ទន់​ជំហរ​ប្រឆាំង​ចិន​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការប្រយុទ្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ​។ 
 
​ជាមួយគ្នានេះ លោក ប្ល៊ី​ង​ខិ​ន ក៏​លើកឡើង​ផងដែរ​ថា អាមេរិក​សន្យា​ក្នុង​ការស្តា​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សម្ព័ន្ធមិត្ត​ដូចជា​សហភាព​អឺរ៉ុប​ជាដើម​។ លោក​ក៏​បង្ហាញ​ពី​បំណង​យ៉ាង​មុតមាំ​ផងដែរ​ពី​ការ​ត្រឡប់មកវិញ​របស់​អា​មេ​រិ​ក​ក្នុង​ឆាក​អន្តរជាតិ ក្រោយ​រយៈពេល​៤​ឆ្នាំ​នៃ​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ធ្វើ​សកម្មភាព​ឯកតោភាគី និង​មិនបាន​គិតគូរ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ជាមុន​៕
 
 
 
 

Tag:
 អាមេរិក​
  ចិន​
  Antony Blinken
© រក្សាសិទ្ធិដោយ thmeythmey.com