អន្តរជាតិ
លោក ឃែរី ៖ អាមេរិកនឹងធ្វើការជាមួយចិនដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ លោក ចន ឃែរី ប្រេសិតផ្នែកបម្រែបម្រួលអាកាសធាតុរបស់អាមេរិក។ រូបថត AFP
×
ដោយ ឈួន ឈីវអ៊ីង
លោក ចន ឃែរី ប្រេសិតពិសេសទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ នៅថ្ងៃទី២៧ ខែមករា បានប្រកាសពីជំហររបស់អាមេរិកក្នុងការធ្វើការជាមួយចិនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសាកល។ បើតាមលោក ឃែរី អាមេរិកនឹងព្យាយាមរក្សាកិច្ចចរចាស្ដីពីបញ្ហាអាកាសធាតុជាមួយចិនឱ្យនៅដាច់ដោយឡែកពីរឿងឯទៀតដែលភាគីទាំងពីរមិនត្រូវគ្នា។
អាមេរិក និងចិន មានជំហរមិនត្រូវគ្នាលើរឿងជាច្រើន។ នេះជាការមើលឃើញរបស់លោក ចន ឃែរី ប្រេសិតប្រធានាធិបតីផ្នែកអាកាសធាតុ។ ប៉ុន្តែអាមេរិក នឹងប្រឹងប្រែងមិនឱ្យបញ្ហានេះច្របូកច្របល់ជាមួយបញ្ហាដែលខ្វែងគំនិតផ្សេងទៀតឡើយ។
លើរឿងបម្រែបម្រួលអាកាសធាតុនេះ លោក ឃែរី ដែលជាអតីរដ្ឋមន្ត្រីការបរទេសអាមេរិក លើកឡើងថា វាមិនអាចទៅរួចនោះទេសម្រាប់អាមេរិកតែឯងក្នុងការបញ្ឈប់ការកើនឡើងកម្តៅពិភពលោក។ ដូច្នេះ អាមេរិក ត្រូវតែរកវិធីបែងចែកឱ្យដាច់រវាងរឿងដែលមិនត្រូវគ្នា និងបញ្ហាអាកាសធាតុ សំដៅសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហានេះបន្តទៅមុខទៀត។
«បច្ចុប្បន្ននេះ យើងមានរឿងរ៉ាវជាច្រើនដែលមិនត្រូវគ្នាជាមួយចិន ទាំងការលួចកម្មសិទ្ធិបញ្ញា និងការចូលទៅក្នុងទីផ្សារចិន»។ លោក ឃែរី អះអាងដូចនេះ ហើយក៏បន្តថា បញ្ហាទាំងអស់នេះមិនអាចត្រូវដោះដូរទៅនឹងអ្វីដែលត្រូវធ្វើចំពោះបញ្ហាអាកាសធាតុឡើយ ព្រោះអាកាសធាតុ ជាបញ្ហាចម្បងដែលត្រូវតែដោះស្រាយទាំងអស់គ្នា។
បើតាមទីភ្នាក់ងារពត៌មាន AFP មន្ត្រីកំពូលអាមេរិកផ្នែកបម្រែបម្រួលអាកាសធាតុរូបនេះសង្កត់ធ្ងន់ថា ចិន ទទួលខុសត្រូវលើការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសចំនួន៣០ភាគរយ ខណៈអាមេរិកបំភាយ១៥ភាគរយ។
កិច្ចសហប្រតិបត្តិការលើវិស័យអាកាសធាតុនេះ ទំនងជាអាចប្រធានដែលមហាអំណាចទាំងអស់អាចធ្វើការជាមួយគ្នាបាន។ ប្រធានាធិបតីទើបចូលកាន់តំណែង ចូ បៃឌិន ក៏និយាយរួចហើយថា អាមេរិកចង់បានការចូលរួមជាអន្តរជាតិលើបញ្ហាសាកល បើទោះជាលោកមិនបន្ធូរដៃឱ្យចិនលើរឿងផ្សេងទៀតក្ដី។ ចិនដែលអំពាវនាវឱ្យចាប់ផ្ដើមគូសវាសទំនាក់ទំនងទ្វេភាគីឡើងវិញក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏ផ្ដល់សញ្ញាត្រៀមធ្វើការជាមួយអាមេរិកលើបម្រែបម្រួលអាកាសធាតុដែរ៕
Tag:
អាមេរិក
ចិន
ចន ឃែរី
© រក្សាសិទ្ធិដោយ thmeythmey.com