ជាតិ
ស​ន្ទ​ស្សន៍​ពុករលួយ ២០២០៖ កម្ពុជា ជាប់​លេខ​ខ្ពស់​ជាងគេ ក្នុង​តំបន់​អាស៊ាន​
28, Jan 2021 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​តម្លាភាព​អន្តរជាតិ បានបង្ហាញ​ស​ន្ទ​ស្សន៍​នៃ​ការវាយតម្លៃ​ពុករលួយ​ថា កម្ពុជា ទទួលបាន​ពិន្ទុ​២១ លើ​១០០ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១៦០ ក្នុងចំណោម​១៨០​ប្រទេស​។ ការវាយតម្លៃ​នេះ ក៏បាន​បង្ហាញថា កម្ពុជា​ជាប់​លេខ​ខ្ពស់​ជាងគេ​ដែរ ក្នុងចំណោម​ប្រទេស​តំបន់​អាស៊ាន​។​



​របាយការណ៍​វាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បាន​បង្ហាញថា ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ទទួលបាន​ពិន្ទុ​ចម្រុះ ដោយ​ក្នុងនោះ សិង្ហ​បុរី មាន៨៥ពិន្ទុ ជាប់​ចំណាត់ថ្នាក់​ល្អ នៃប្រទេស​ស្អាតស្អំ​ជាងគេ​​នៅ​អា​ស៊ាន ​​ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ស្ទួន​ជាមួយ​ប្រទេស​ស៊ុយអែត និង​ស្វី​ស​ នៅលើពិភពលោក។ កាលពី​ឆ្នាំ​២០១៩ សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ​៤​។​
 
​ដោយឡែក​ប្រទេស​ព្រុយ​ណេ ទទួលបាន​ពិន្ទុ​៦០​ដដែល ដោយ​ឈរ​លេខ​៣៥ នៅ​ឆ្នាំ​២០២០ (​លេខ​៣៥​នៅ​ឆ្នាំ​២០១៩), ម៉ាឡេស៊ី ទទួលបាន​ពិន្ទុ​៥១ ឈរ​លេខ​៥៧ (​ពិន្ទុ​៥៣ លេខ​៥១ ឆ្នាំ​២០១៩), វៀតណាម មាន​ពិន្ទុ​៣៦ ជាប់​ចំណាត់ថ្នាក់​១០៤ (​ពិន្ទុ​៣៧ លេខ​៩៦ ឆ្នាំ​២០១៩), ឥណ្ឌូណេស៊ី មាន​ពិន្ទុ​៣៧ ជាប់​លេខ​១០១ (​ពិន្ទុ​៤០ លេខ​៨៥ ឆ្នាំ​២០១៩) មី​យ៉ាន់​ម៉ា ពិន្ទុ​២៨ ឈរ​លេខ​១៣៧ (​ពិន្ទុ ២៩ លេខ​១០៣ នៅ​ឆ្នាំ​២០១៩)​។​
 
​ចំណែក​ប្រទេស​មាន​ពិន្ទុ​ថេរ​ដដែល​នោះ រួមមាន ថៃ មាន​៣៦​ពិន្ទុ ឈរ​លេខ​១០៤ (​លេខ​១០១ ឆ្នាំ​២០១៩), ហ្វីលីពីន មាន​៣៤​ពិន្ទុ ជាប់​លេខ​១១៥ (​លេខ​១១៣ នៅ​ឆ្នាំ​២០១៩),​ឡាវ មាន​២៩​ពិន្ទុ លេខ​១៣៤ (​លេខ​១៣០ នៅ​ឆ្នាំ​២០១៩)​។ នេះ​បើតាម​អង្គការ​តម្លាភាព​អន្តរជាតិ​។​
 
​របាយ​ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បាន​បន្ថែមថា ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​ទី​៣ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច គឺ​នៅលើ​តែ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កូរ៉េខាងជើង​តែប៉ុណ្ណោះ ហើយក៏​ជា​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ 
 
​ប្រទេស​ដែលមាន​ពិន្ទុ​ខ្ពស់ នឹងមាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នោះ គឺ​នូ​វែ​សេ​ឡង់ និង​ដា​ណឺ​ម៉ាក ដែលមាន​ព​ន្ទុ​៨៨​ដូចគ្នា និង​ឈរ​លេខ​១​ស្ទួន​។ ចំណែក​ហ្វាំ​ង​ឡង់ , ស្វី​ស​, សិង្ហ​បុរី​, ស៊ុយអែត មាន​៨៥​ពិន្ទុ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​។ នេះ​បើតាម​របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​ដដែល​៕
 

Tag:
 ពុករលួយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com