ជាតិ
ពលរដ្ឋ​ជាង​៥០០​គ្រួសារ ក្នុង​សហគមន៍​ព្រៃឈើ​ព្រៃ​ហ៊ុំ​ពឹង​លើ​កសិកម្ម និង​អនុផល​ព្រៃឈើ​
29, Jan 2021 , 7:59 am        
រូបភាព
ដោយ:
​ពលរដ្ឋ​៥១៧​គ្រួសារ ក្នុង​សហគមន៍​ព្រៃឈើ​ព្រៃ​ហ៊ុំ ស្ថិតនៅ​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ពឹង​លើ​ការងារ​កសិកម្ម និង​អនុផល​ព្រៃឈើ មានដូចជា​ផ្លែ​គុយ ផ្សិត ដំឡូង វល្លិ និង​រពាក់​ជាដើម​។ ការបង្កើត​សហគមន៍​ព្រៃឈើ ក្នុងន័យ​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ជីវចម្រុះ ដើម្បី​រក្សា​និរន្តរភាព​បរិស្ថាន​។

 
 លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាឱកាស​ចុះ​សហគមន៍​ផ្ទាល់ នៅ​ថ្ងៃទី​២៦ ខែមករា បាន​លើកឡើងថា ការរៀបចំ​បង្កើត​សហគមន៍​ព្រៃឈើ ដោយ​យក​គម្រោង​មក​អនុវត្ត​ក្នុង​សហគមន៍​ផ្ទាល់ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើត​គម្រប​ព្រៃឈើ​ឡើងវិញ  អភិវឌ្ឍ និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ ជីវ​:​ចម្រុះ ធានាបាន​នូវ​និរន្តរភាព​នៃ​ការ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ និង​ចូលរួម​ថែរក្សា ការពារ​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ពិសេស​កែប្រែ ឬ​លើកកម្ពស់​កម្រិតជីវភាព ធានាបាន​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។​


 
​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ កៀរគរ​គម្រោង​ថ្មីៗ ដោយ​ជ្រើសរើស​សហគមន៍​ព្រៃឈើ​ទូទាំងប្រទេស ធ្វើជា​គោលដៅ​នៃ​ចលនា​ជំរុញ​និង​បង្កើន​ផលិតកម្ម​ស្បៀង តាមរយ​:​ការចិញ្ចឹម​សត្វ ត្រី សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ ដើម្បី​បន្ត​ការអភិវឌ្ឍ​សហគមន៍​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅ​ប្រែក្លាយជា​សហគមន៍​គំរូ និង​សហគមន៍​អេកូ​ទេសចរណ៍​។​
 
​លោក​រដ្ឋមន្ត្រី បន្ថែមថា ដើម្បី​ទាញយក​ប្រយោជន៍​បន្ថែម​ពី​ធនធាន​ព្រៃឈើ និង​បង្កើន​ប្រភព​ចំណូល ពលរដ្ឋ​ក្នុង​សហគមន៍​ត្រូវបង្កើត​របរ​បន្ថែម ដូចជា​ការ​ចិ​ញ្ចិ​ម​ឃ្មុំ ដាំ​ឫស្សី ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ រួមទាំង​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​សហគមន៍​ឲ្យ​បានល្អ ដើម្បី​ពង្រីក​វិស័យ​អេកូ​ទេសចរណ៍ ធ្វើ​ផ្លូវ ការពារ​ភ្លើង​ឆេះ​ព្រៃ ត្រូវ​បោះបង្គោល​ព្រំដី​សហគមន៍ និង​ធ្វើ​ប្លង់ដី​កម្មសិទ្ធិ​ចៀសវាង​ការទន្ទ្រាន​ដីព្រៃ​ឈើ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។​


រូបភាពលោកវេងសាខុន 
 
​សហគមន៍​ព្រៃឈើ​ព្រៃ​ហ៊ុំ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ មាន​ផ្ទៃដី​ទំហំ​៤០៨​ហិកតា និង​មាន​សមាជិក​សរុប​ចំនួន​៥១៧​គ្រួសារ​។ បច្ចុប្បន្ន ពលរដ្ឋ​ក្នុង​សហគមន៍ ប្រកប​របរ​ដាំ​ដុះ​ដាំ​ណាំ បន្លែ ចិញ្ចឹមសត្វ និង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​៕
 
 


លោក វេង សាខុន នាឱកាសចុះសហមន៍ព្រៃឈើព្រៃហ៊ុំ 

Tag:
 កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com