ជាតិ
លេខ​ទូរ​សព្ទ​របស់​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​៥៣៣​លាន​គណនី ត្រូវបាន​ជនខិលខូច​ដាក់លក់​ក្នុង​Telegram
28, Jan 2021 , 11:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​៥៣៣​លាន​គណនី ដែល​បាន​បញ្ចូល​លេខ​ទូរស័ព្ទ​ក្នុង​គណនី​ខ្លួន​នោះ ត្រូវបាន​ជនខិលខូច​ដាក់លក់​ក្នុង​កម្មវិធី Telegram bot ដែល​ពួកគេ​បាន​លួច​ទាញយក​កាលពីមុន​ឆ្នាំ​២០១៩​។ នេះ​បើតាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ទទួលបាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​Motherboard កាលពីពេល​ថ្មីៗ​នេះ ។​

 
​បើតាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជនខិលខូច​លក់​លេខ​ទូរស័ព្ទ​មួយ ឬ​ឈ្មោះ​ហ្វេ​ស​ប៊ុ​កមួយ​ក្នុងតម្លៃ ២០​ដុល្លារ​។ ប៉ុន្តែ បើសិន​មាន​អ្នកទិញ​ច្រើន ពួកគេ​ក៏មាន​តម្លៃ​លក់ដុំ ដោយ​លក់​ក្នុងតម្លៃ ៥, ០០០​ដុល្លារ​សម្រាប់ ១​ម៉ឺន​លេខ​ទូរ​សព្ទ​ផងដែរ​។​
 
​លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ករណី​កើតឡើង​ច្រើន​មកហើយ​ក្នុងប្រទេស​កម្ពុជា ។ លោក​ក្រើនរំលឹក​ដល់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​បាន​ប្រាប់​យ៉ាង​ដូច្នេះ​៖«​ករណីនេះ​មិនមែន​ទើប​កើតមាន​ទេ ហើយ​ពេលនេះ​ចំនួន​ករណីបែបនេះ​ក៏​ថយចុះ​ដែរ​ព្រោះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​អាប់​ដេ​ត ហើយ​អ្នកប្រើប្រាស់​ក៏​កាន់តែ​មានការ​ប្រុងប្រយ័ត្ន​»​។​
 
​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ណែនាំ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈប់​ភ្ជាប់​លេខ​ទូរស័ព្ទ និង​មានការ​ប្រុងប្រយ័ត្ន នៅពេលដែល​ពួកគេ​ទទួលបាន​សារ​ណាមួយ​នោះ ព្រោះ​វា​អាច​គ្រាន់តែ​ជា​សារ​បោក​បញ្ឆោត​តែប៉ុណ្ណោះ​។ ប្រធាន​នាយកដ្ឋាន​រូបនេះ បាន​ណែនាំ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​៖« សូម​ឲ្យ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈប់​ប្រើ​លេខ​ទូរ​សព្ទ​ក្នុង​ហ្វេ​ស​ប៊ុ​ក ឧស្សាហ៍​អាប់​ដេ​ត​ហ្វេ​ស​ប៊ុ​ក ហើយ​មិនត្រូវ​ចែករំលែក​អ្វី​ផ្ដេសផ្ដាស​នោះទេ​។​
 
​តែ​យ៉ាងណា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រូបនេះ មិនទាន់​អាច​កំណត់​តួលេខ​ច្បាស់​ថា មាន​ករណី​ប៉ុន្មាន​ហើយ ក្នុងប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ «​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ ត្រូវតែ​ជាប់ពន្ធ​ធានា​គារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជា ពៅ​។​
 
​មូលហេតុ​ដែល​អាច​ឲ្យ​ក្រុម​ជនខិលខូច​ទាញយក​ទិន្នន័យ​ទាំងនេះ​បាន គឺ​កើតឡើង​មុន​ពេលដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក កែសម្រួល ក្នុង​ខែសីហា ឆ្នាំ​២០១៩​។ ចំពោះ​ទិន្នន័យ​ភាគច្រើន ដែល​ជនខិលខូច​ប្រមូលបាន គឺជា​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ធំៗ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និង​អូស្ត្រាលី​។ នេះ​បើតាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕

Tag:
 បទល្មើស​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com