COVID-19
អន្តរជាតិ
ថៃ ពិន័យ​អ្នកចូលរួម​ពិធីជប់លៀង​លើ​កោះ​ដ៏​មាន​ប្រជាប្រិយភាព ព្រោះ​បំពាន​វិធានការ​កូ​វីដ​-១៩
29, Jan 2021 , 2:29 pm        
រូបភាព
រូបថត AP
រូបថត AP
​ដោយ ឈួន ឈី​វ​អ៊ីង 
 
​តុលាការ​ថៃ នៅ​ថ្ងៃទី​២៨ ខែមករា បាន​កាត់ទោស និង​ដាក់ពិន័យ​មនុស្ស​ជាង​មួយរយ​នាក់​ដែល​ចូលរួម​ពិធីជប់លៀង​ជាង​មួយរយ​នាក់​នៅក្នុង​បារ​មួយកន្លែង​លើ​កោះ Phangan ។ ពួកគេ​ល្មើស​វិធានការ​រឹតបន្តឹង​នៅក្នុង​អំឡុងពេល​មាន​ការរីក​រាលដាល​កូ​វីដ​-១៩ ។

 
​ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ១០៩​នាក់ ក្នុងនោះ​មាន​ជនបរទេស​៨៩​នាក់ មកពី​អាមេរិក អង់គ្លេស រុស្ស៊ី ស្វ៊ី​ស និង​ដា​ណឺ​ម៉ាក​ជាដើម​នៅ​ថ្ងៃទី​២៦ ខែមករា​កន្លងទៅ​។ ពួកគេ ជា​អ្នកចូលរួម​ពិធីជប់លៀង​មួយ​លើ​កោះ Phangan ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។ កោះ Phangan នៃ​ខេត្ត​សូ​រ៉ាត់​ថា​នី គឺជា​ទីតាំង​រមណីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ក្រុម​យុវវ័យ​ទៅលេង​កំសាន្ត ពិសេស​ការ​ជប់លៀង​ទល់​ភ្លឺ​នៅលើ​ឆ្នេរ​ខ្សាច់​ជាដើម​។ 
 
​បើតាម​ទីភ្នាក់ងារ​ពត៌មាន AP ប៉ូលិស​ថៃ​បាន​តាមដាន​ការធ្វើ​ពិធីជប់លៀង​នេះ​តាម​បណ្តាញ​សង្គម ខណៈ​បារ​ឈ្មោះ Three Sixty បាន​ផ្សព្វផ្សាយ​ពី​កម្មវិធី​អបអរ​គម្រប់​ខួប​៥​ឆ្នាំ​របស់ខ្លួន​។ 
 
​ក្នុង​សវនាការ​ពី​ចម្ងាយ​ថ្ងៃទី​២៨ ខែមករា តុលាការ​ថៃ​បាន​ទោស​ជនជាប់ចោទ​ម្នាក់ៗ​ឱ្យទទួល​ទោស​ជាប់ពន្ធនាគារ​មួយខែ តែ​ព្យួរ​មួយឆ្នាំ ប្រសិនបើ​ពួកគេ​បង្ហាញ​អត្តចរិត​ត្រឹមត្រូវ​។ ពួកគេ ក៏ត្រូវ​ផាកពិន័យ​ក្នុង​ម្នាក់​៤​ពាន់​បាត ស្មើនឹង ១៣០​ដុល្លារ​ផងដែរ​។ ចំណែក​អ្នកគ្រប់គ្រង​បារ និង​អ្នកលក់​ស្រា​២​នាក់​ទៀត ត្រូវបាន​ផាកពិន័យ​មួយ​ម៉ឺន​បាត​ដែល​ស្មើនឹង​៣៣០​ដុល្លារ​។ តុលាការ​កាត់ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ព្យួរទោស​រយៈពេល​មួយឆ្នាំ​។ 
 
​អ្នករៀបចំ​ពិធីជប់លៀង​នេះ​ឈ្មោះ Pongdaran Limochakul បានទទួល​ស្គាល់​កំហុស​របស់ខ្លួន​។ លោក​គិតថា ខេត្ត​សូ​រ៉ាត់​ថា​នី មិន​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់ ព្រោះ​មិនមាន​ករណី​វិជ្ជមាន​ថ្មី ១៤​ថ្ងៃ​មកហើយ​។ ដូច្នេះហើយ​លោក​ក៏​គិតថា​អាច​រៀបចំ​ធ្វើ​ពិធី​នេះ​បាន​។ 
 
​សូមបញ្ជាក់ថា ថៃ​បាន​ហាម​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​ចូល​ប្រទេស​ចាប់តាំងពី​ខែ មេសា ឆ្នាំ​២០២០ ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ចាប់តាំងពី​ចុងខែ​ធ្នូ អាជ្ញាធរ​ក៏​រឹតបន្តឹង​វិធានការ​កាន់តែខ្លាំង​ទៀត​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​នៅ​ខេត្ត​សមុទ្រ​សាគរ​។ គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា ថៃ​មាន​ករណី​វិជ្ជមាន​សរុប ១៦,២២១​ករណី និង​មាន​អ្នកស្លាប់​ចំនួន ៧៦​នាក់​៕
 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com