លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្នើឲ្យកីឡាករកីឡាការិនី ដែលចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅឆ្នាំនេះ ខិតខំប្រឹងប្រែងប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដ្បិតវាជាឱកាសសម្រាប់កីឡាករក្នុងការកែប្រែជោគវាសនារបស់ខ្លួន។ លោក រំពឹងថា ការប្រកួតនេះនឹងក្លាយជាការប្រកួតមួយប្រកបដោយតម្លាភាព សុក្រឹតភាព និងមានលក្ខណៈបច្ចេកទេសពិតៗ។ ជាមួយគ្នានេះ លោក ស្នើឲ្យកីឡាករ គ្រូបង្វឹក និងគណៈកម្មការរៀបចំការប្រកួត បន្តគោរពវិធានការការពារជំងឺកូវីដ-១៩។
នាពិធីបើកការប្រកួតជ្រើសរើសជើឯថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ស សុខា ចង់ឃើញកីឡាករកីឡាការិនីប៉េតង់ប្រកួតប្រជែងគ្នា ប្រកបដោយភាពស្វិតស្វាញនិងមានលក្ខណបច្ចេកទេសពិតៗ។ ជាមួយគ្នានេះ លោក ជំរុញឲ្យកីឡាករទាំងអស់ខិតខំប្រកួតឲ្យអស់ពីសមត្ថភាព កុំមានការយោគយល់ ទោះត្រូវជួបជាមួយមិត្តភក្តិ ឬរៀមច្បងក៏ដោយ។
ទន្ទឹមនឹងនេះ លោក ស្នើឲ្យគណៈកម្មការទាំងអស់ គោរពលក្ខន្តិកៈ និងវិធានការប្រកួតឲ្យបានខ្ជាប់ខ្ជួន។ ជាពិសេស ត្រូវកាត់ក្តីឲ្យយុត្តិធម៌ កុំប្រកាន់បក្ខពួក ឬយោគយល់ថាកូនសិស្សអ្នកនេះ ឬអ្នកនោះជាដាច់ខាត។ ការជំរុញបែបនេះ ព្រោះ លោក ចង់ឲ្យការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តទៅដោយយុត្តិធម៌ និងស្របតាមស្តង់ដារអន្តរជាតិ។
លោកបានស្នើដូច្នេះថា៖«សូមឲ្យការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ ប្រកបដោយតម្លាភាព សុក្រឹតភាព និងលក្ខណៈបច្ចេកទេសពិតៗ ជាពិសេសការកាត់សេចក្ដីមិនលម្អៀងតាមរយៈខ្សែនោះឡើយ ព្រោះថា បើយកខ្សែអត់មានសមត្ថភាពទៅប្រកួតលើឆាកអន្តរជាតិ និងធ្វើមិនបានល្អ ច្បាស់ជាខ្មាស់គេហើយ»។
សម្រាប់ លោក ស សុខា ការប្រកួតកជើងឯកថ្នាក់ជាតិ ជាឱកាសសម្រាប់កីឡាករកីឡាការិនីវ័យក្មេងក្នុងការកែប្រែជោគវាសនា និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករអាជីពរបស់កម្ពុជា។ បើតាមលោក សុខា អ្នកទទួលបានជ័យលាភីក្នុងការប្រកួតនេះ នឹងត្រូវបានជ្រើសរើសឲ្យប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិថ្នាល និងឈុតធំប្រចាំឆ្នាំ២០២១។
លោក សុខា វាយប៊ូលជានិមិត្តរូបបើកការប្រកួតជើងឯកថ្នាក់ជាតិ
«កីឡាករកីឡាការិនីវ័យក្មេង ក៏ត្រូវប្រឹងឲ្យខ្លាំងដូចគ្នា ឬអាចនិយាយបានថា ការប្រកួតលើកនេះ អាចកែប្រែវាសានាខ្លួនឲ្យត្រដែត ដូចវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ ឬ ស្រ៊ាង សូរ៉ាឃីម ក៏ថាបាន។ ដូច្នេះ ខ្ញុំចង់សង្កត់ធ្ងន់មួយម៉ាត់ [កុំមើលស្រាលការប្រកួត ដ្បិតវាមិនមែនជាកន្លែងប្រកួតលេងៗស៊ីលុយនោះទេ]»។ នេះជាការលើកឡើងរបស់លោក ស សុខា។
លោកបានបន្ថែមថា៖«ការខំប្រឹងចេញពីខ្លួនយើង គឺមានតម្លៃណាស់ ហើយសូមមើលគន្លងវីរកីឡាការិនី កែ ឡេង ដែលមានជីវិតតស៊ូមកពីខេត្ត រហូតក្លាយជាវីរនារីល្បីឈ្មោះប្រចាំប្រទេសរបស់យើង និងឈ្នះជើងឯកពិភពលោក៤សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត។ ហើយឈ្មោះនេះឯង តកូនតចៅ មិនដឹងប៉ុន្មានជំនាន់ទៀត ព្រោះឯកសារនៅលើ Google អស់ហើយសម័យនេះ»។
ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់រូបនេះបានលើកជាទស្សនថា ការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីនៅថ្ងៃនេះ និងជួយឲ្យពួកគេជោគជ័យនៅថ្ងៃអនាគត។ ពិសេសក្នុងការប្រកួតជើងឯកពិភពលោក, ជើងឯកប៊ិចហ្គេម, ជើងឯកអាស៊ី, ជើងឯកអាស៊ីអាគ្នេយ៍, SEA Games, មេគង្គហ្គេម, និងជើងឯកសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ជាដើម។
ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ-១៩ នៅជាបញ្ហាចោទជាសកល រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ បន្តជំរុញឲ្យកីឡាករកីឡាការិនី គ្រូបង្វឹក និងមន្ត្រីរៀបចំការប្រកួត គោរព និងអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន តាមរយៈការលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងវាស់កម្តៅមុនអនុញ្ញាតឲ្យចូលទីលានប្រកួត។ ជាពិសេសពាក់ម៉ាស់ និងសម្អាតសម្ភារជាប្រចាំ។
ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ មានកីឡាករកីឡាការិនីមកពី៥៩ក្លិបសមាគមចូលរួម ដោយពួកគេប្រកួតប្រជែងលើ៦វិញ្ញាសា។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២១ នៅទីលានប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ៕