កីឡាជាតិ
ជាតិ
លោក ស សុខា​៖ ការប្រកួត​ជើងឯក​កីឡា​ប៉េតង់ ត្រូវមាន​តម្លាភាព និង​សុក្រឹតភាព
29, Jan 2021 , 10:59 pm        
រូបភាព
លោក ស សុខា ថ្លែងក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០, រូបពីហ្វេសប៊ុកលោក ស សុខា
លោក ស សុខា ថ្លែងក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០, រូបពីហ្វេសប៊ុកលោក ស សុខា
ដោយ:
​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ស្នើ​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ ខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​ឲ្យ​អស់ពី​សមត្ថភាព ដ្បិត​វា​ជា​ឱកាស​សម្រាប់​កីឡាករ​ក្នុងការ​កែប្រែ​ជោគវាសនា​របស់ខ្លួន​។ លោក រំពឹងថា ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ប្រកបដោយ​តម្លាភាព សុក្រឹតភាព និង​មាន​លក្ខណៈ​បច្ចេកទេស​ពិតៗ​។ ជាមួយគ្នានេះ លោក ស្នើ​ឲ្យ​កីឡាករ គ្រូបង្វឹក និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត បន្ត​គោរព​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។

 
​នា​ពិធី​បើក​ការប្រកួត​ជ្រើសរើស​ជើ​ឯ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លោក ស សុខា ចង់ឃើញ​កីឡាករ​កីឡាការិនី​ប៉េតង់​ប្រកួតប្រជែង​គ្នា ប្រកបដោយ​ភាពស្វិតស្វាញ​និង​មាន​លក្ខណ​បច្ចេកទេស​ពិតៗ​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ខិតខំ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព កុំ​មានការ​យោគយល់ ទោះ​ត្រូវ​ជួប​ជាមួយ​មិត្តភក្តិ ឬ​រៀមច្បង​ក៏ដោយ​។​
 
​ទន្ទឹមនឹងនេះ លោក ស្នើ​ឲ្យ​គណៈកម្មការ​ទាំងអស់ គោរព​លក្ខន្តិកៈ និង​វិធាន​ការប្រកួត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ជាពិសេស ត្រូវ​កាត់ក្តី​ឲ្យ​យុត្តិធម៌ កុំ​ប្រកាន់​បក្ខពួក ឬ​យោគ​យល់ថា​កូនសិស្ស​អ្នកនេះ ឬ​អ្នកនោះ​ជាដាច់ខាត​។ ការជំរុញ​បែបនេះ ព្រោះ លោក ចង់​ឲ្យ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ 
 


 
​លោក​បានស្នើ​ដូច្នេះ​ថា​៖«​សូម​ឲ្យ​ការប្រកួត​ពានរង្វាន់​ថ្នាក់ជាតិ​នេះ ប្រកបដោយ​តម្លាភាព សុក្រឹតភាព និង​លក្ខណៈ​បច្ចេកទេស​ពិតៗ ជាពិសេស​ការ​កាត់សេចក្ដី​មិន​លម្អៀង​តាមរយៈ​ខ្សែ​នោះឡើយ ព្រោះថា បើ​យក​ខ្សែ​អត់​មាន​សមត្ថភាព​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​មិនបាន​ល្អ ច្បាស់​ជា​ខ្មាស់​គេ​ហើយ​»​។​
 
​សម្រាប់ លោក ស សុខា ការប្រកួត​កជើង​ឯក​ថ្នាក់ជាតិ ជា​ឱកាស​សម្រាប់​កីឡាករ​កីឡាការិនី​វ័យក្មេង​ក្នុងការ​កែប្រែ​ជោគវាសនា និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​របស់​ក​ម្ពុ​ជា​។ បើតាម​លោក សុខា អ្នកទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ នឹងត្រូវ​បានជ្រើសរើស​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ប្រចាំឆ្នាំ​២០២១​។ 
 

លោក សុខា វាយប៊ូលជានិមិត្តរូបបើកការប្រកួតជើងឯកថ្នាក់ជាតិ

«​កីឡាករ​កីឡាការិនី​វ័យក្មេង ក៏ត្រូវ​ប្រឹង​ឲ្យ​ខ្លាំង​ដូចគ្នា ឬ​អាច​និយាយបានថា ការប្រកួត​លើក​នេះ អាច​កែប្រែ​វា​សា​នា​ខ្លួន​ឲ្យ​ត្រដែត ដូច​វីរ​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ ឬ ស្រ៊ាង សូ​រ៉ា​ឃីម ក៏​ថា​បាន​។ ដូច្នេះ ខ្ញុំ​ចង់សង្កត់ធ្ងន់​មួយ​ម៉ាត់ [​កុំ​មើលស្រាល​ការប្រកួត ដ្បិត​វា​មិនមែនជា​កន្លែង​ប្រកួត​លេងៗ​ស៊ីលុយ​នោះទេ​]»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​។ 
 
​លោក​បាន​បន្ថែមថា​៖«​ការ​ខំប្រឹង​ចេញពី​ខ្លួន​យើង គឺមាន​តម្លៃ​ណាស់ ហើយ​សូម​មើល​គន្លង​វីរ​កីឡាការិនី កែ ឡេង ដែលមាន​ជីវិត​តស៊ូ​មកពី​ខេត្ត រហូត​ក្លាយជា​វីរនារី​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​របស់​យើង និង​ឈ្នះ​ជើងឯក​ពិភពលោក​៤​សម័យ រួមទាំង​មេដាយ​កម្រិត​អាស៊ី​ជាច្រើន​ទៀត​។ ហើយ​ឈ្មោះ​នេះឯង តកូនតចៅ មិនដឹង​ប៉ុន្មាន​ជំនាន់​ទៀត ព្រោះ​ឯកសារ​នៅលើ Google អស់ហើយ​សម័យនេះ​»​។ 
 
​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​រូបនេះ​បាន​លើក​ជា​ទស្សន​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​កីឡាករ​កីឡាការិនី​នៅថ្ងៃនេះ និង​ជួយ​ឲ្យ​ពួកគេ​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។ ពិសេស​ក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​, ជើងឯក​ប៊ិច​ហ្គេម​, ជើងឯក​អាស៊ី​, ជើងឯក​អាស៊ីអាគ្នេយ៍​, SEA Games, មេគង្គ​ហ្គេម​, និង​ជើងឯក​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​ជាដើម​។​
 


 
​ដោយ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅជាប​ញ្ហា​ចោទ​ជាស​កល រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ បន្ត​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​រៀបចំ​ការប្រកួត គោរព និង​អនុវត្តន៍​វិធាន​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាមរយៈ​ការលាង​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល និង​វាស់​កម្តៅ​មុន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ប្រកួត​។ ជាពិសេស​ពាក់​ម៉ាស់ និង​សម្អាត​សម្ភារ​ជាប្រចាំ​។  
 


 
​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ មាន​កីឡាករ​កីឡាការិនី​មកពី​៥៩​ក្លិប​សមាគម​ចូលរួម ដោយ​ពួកគេ​ប្រកួតប្រជែង​លើ​៦​វិញ្ញាសា​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩-៣១ ខែមករា ឆ្នាំ​២០២១ នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕   
 

Tag:
 ប៉េតង់​
  ស សុខា​
  ជើងឯក​ថ្នាក់ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com