អន្តរជាតិ
ក្រុម​អ្នកជំនាញ WHO ចាប់ផ្តើម​ការងារ​ដោយ​ជួប​មន្ត្រី​ចិន និង​ត្រួតពិនិត្យ​មន្ទីរពេទ្យ​នៅ​វូ​ហាន​
29, Jan 2021 , 11:58 pm        
រូបភាព
អ្នកជំនាញអន្តរជាតិរបស់WHO។ រូបភាព៖ Reuters
អ្នកជំនាញអន្តរជាតិរបស់WHO។ រូបភាព៖ Reuters
ដោយ:
​ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) ចាប់ផ្តើម​ការងារ​ស្វែងរក​ប្រភព​ជំងឺ​កូ​វីដ​-១៩ ដោយ​ជួប​ជាមួយ​មន្ត្រី​ចិន និង​ទស្សនកិច្ច​មន្ទីរពេទ្យ​ដែល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅ​ដំណាក់កាល​ដំបូង​។ ក្រុម​អ្នកជំនាញ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២​សប្តាហ៍ គ្រោង​នឹង​ជួប​ផងដែរ​អ្នកវិទ្យាសាស្ត្រ​ចិន បុគ្គលិក​សុខាភិបាល និង​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​នេះ​នៅ​គ្រា​ដំបូង​។​


​នៅ​មន្ទីរពេទ្យ​វូ​ហាន ក្រុមការងារ WHO ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត Zhang Jixian ប្រធាន​ផ្នែក​ជំងឺ​ផ្លូវដង្ហើម​ដែល​កាសែត​រដ្ឋ​ចិន​អះអាងថា ជា​អ្នករាយការណ៍​ពី​ជំងឺ​នេះ​ដំបូង​គេ​។ លោក Zhang បាន​ព្យាបាល​មនុស្ស​វ័យ​ចំណាស់​ចំនួន​ពីរ​នាក់​នា​ចុងឆ្នាំ​២០១៩ ក្រោយពេល​លទ្ធផល​ស្កេ​ន​បង្ហាញថា អ្នកជំងឺ​ទាំងពីរ​មាន​អាកា​រៈ​ជំងឺ​រលាក​សួត​ខុសពី​ធម្មតា​។​
 
 
​បន្ថែម​ពីនេះ ក្រុម​អ្នកជំនាញ​ក៏​នឹង​ទៅពិនិត្យ​ទីតាំង​ចំនួន​បី​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការផ្ទុះ​ជំងឺឆ្លង​នេះ ដោយ​រួមមាន​វិទ្យាស្ថាន​វីរុស​វូ​ហាន ផ្សារ​លក់​សត្វ Huanan និង​មន្ទីរពិសោធន៍​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​វូ​ហាន​។ នេះ​យោងតាម​សំណេរ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​២៨​មករា របស់​អ្នកជំនាញ WHO ។​
 
​ផ្សារ​លក់​សត្វ​Huanan នៅតែ​ត្រូវគេ​ជឿថា ជា​កន្លែង​នៃ​ការឆ្លង​ជា​ចង្កោម​នៃ​ជំងឺ​មួយ​នេះ​។ ចំណែក​វិទ្យាស្ថាន​វីរុស​វូ​ហាន ដែលជា​កន្លែង​ធ្វើតេស្ត​មេរោគ ត្រូវបាន​អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយ​ដោយ​គ្មាន​ភស្តុតាង​ថា វីរុស​នេះ​ផ្ទុះ​ចេញពី​ទីនោះ​។​
 
«​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ចាំ​ថា​ជោគជ័យ​នៃ​បេសកកម្ម និង​ប្រភព​នៃ​ជំងឺ អាស្រ័យ​១០០​ភាគរយ​លើ​ការទទួលបាន​ព័ត៌មាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Thea Fischer អ្នកជំនាញ​ដា​ណឺ​ម៉ាក​។ លោកស្រី​បន្តថា បើទោះបីជា​ក្រុម​អ្នកជំនាញ​មាន​សមត្ថភាព​យ៉ាងណា និង​ធ្វើការ​ខ្លាំង​យ៉ាងណា ការសម្រេចបាន​លទ្ធផល​អាស្រ័យ​លើ​ការគាំទ្រ​របស់​ចិន​។​
 
​បេសកកម្ម​របស់ WHO នេះ ក្លាយជា​រឿង​រសើប​សម្រាប់​ចិន ក៏ដូចជា​ការឆ្លើយ​ឆ្លង​ពាក្យសម្តី​រវាង​ចិន និង​អាមេរិក​។ អាមេរិក កាលពី​ពាក់កណ្តាល​ខែមករា​ទាមទារ​ឲ្យ​ការស៊ើបអង្កេត​នេះ​មាន​ភាពច្បាស់លាស់ និង​តម្លាភាព​។ ចិន វិញ​តប​ទៅ​អាមេរិក​នៅ​ថ្ងៃទី​២៨ មករា​ថា ខ្លួន​ប្រឆាំង​ដាច់ខាត​ការយក​បេសកកម្ម​នេះ​ធ្វើជា​រឿង​នយោបាយ និង​សង្កត់ធ្ងន់ថា បេសកកម្ម​នេះ​ជា​រឿង​វិទ្យាសាស្ត្រ​ទាំងស្រុង​។​
 
​លោក Tedros Adhanom Ghebreyesus អគ្គនាយក​WHO វិញ​អះអាងថា លោក​បាន​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មកជា​មួយ​លោក Ma Xiaowei រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ចិន​។ ក្នុង​សារ​លើ​បណ្តាញ​សង្គម​Twitter នៅ​ថ្ងៃទី​២៨ មករា លោក​និយាយថា លោក​បាន​អំពាវនាវ​ឲ្យ​ចិន​ផ្តល់​ការគាំទ្រ ការទទួល​ទិន្ន័យ និង​ការជួប​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន តាម​ការតម្រូវ​កា​ររ​បស់​ក្រុម​អ្នកជំនាញ​អន្តរជាតិ​។​
 
​បេសកកម្ម​ស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​WHO ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ការពន្យារពេល​ដោយ​អាជ្ញាធរ​ចិន ការ​ទាស់សម្តី​គ្នា​រវាង​ចិន​-​អាមេរិក ការ​ចោទ​ចិន​ពី​ការបិទបាំង​ការផ្ទុះ​នៅ​ដំណាក់កាល​ដំបូង និង​ជាពិសេស​ការរិះគន់​ពី​អាមេរិក​ចំពោះ​ការដែល WHO អនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ចិន​ចូលរួម​ស្រាវជ្រាវ និង​ប្រមូល​ទិន្ន័យ​នៅ​ដំណាក់កាល​បឋម ។​
 
​កាលពី​ថ្ងៃទី​២៨ ខែមករា គ្រួសារ​របស់​អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​វិញ ទទូច​ចង់​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញ ប៉ុន្តែ​ពុំទាន់​មាន​ប្រភព​ដែល​បញ្ជាក់ថា ក្រុមការងារ​អាច​នឹង​ជួប​ក្រុមគ្រួសារ​នោះ​ឬ​យ៉ាងណា​ឡើយ​៕
 
 
 
 

Tag:
 ចិន​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com